​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖​ការតាមប្រមាញ់​អតីត​ស្វាមី​របស់​តារា​បង្ហាញ​ម៉ូត​ហុងកុង​មួយរូប​កំពុង​ត្រូវធ្វើឡើង​បន្ទាប់​ពី​សាកសព​គ្មាន​ក្បាល​របស់​នាង​ត្រូវបាន​រកឃើញ​នៅក្នុង​ផ្ទះ​​មួយ​នៅ​ជាយក្រុង​ហុងកុង​។​

​នាង អាប់​ប៊ី ឆ​យ (Abby Choi) ជា​តារា​បង្ហាញ​ម៉ូត​វ័យ ២៨ ឆ្នាំ​ត្រូវបាន​រាយការណ៍​ថា​បាត់​ខ្លួន​កាលពី​ថ្ងៃ​អង្គារ​ទី​២១​កុម្ភៈ​។​ហើយ​កាលពី​ថ្ងៃ​សុក្រ​ទី​២៥​កុម្ភៈ​សាកសព​ឥត​ក្បាល​របស់​នាង​​ត្រូវបាន​រកឃើញ​នៅក្នុង​ផ្ទះ​ភូមិ​មួយ​នៅ​សង្កាត់​តៃប៉ូ (Tai Po) ជាយក្រុង​ហុងកុង​។​

​វេបសាយ South China Morning Post រាយការណ៍​ថា ផ្នែក​ខ្លះ​នៃ​សាកសព​របស់​នាង​ត្រូវបាន​ចម្អិន ដោយ​សាច់​ខ្លះ​បាន​រក្សាទុក​ក្នុង​ទូ​ទឹកកក​។​

​ប៉ូលិស​មូលដ្ឋាន​ក៏​បាន​រកឃើញ​ជាលិកា​របស់​មនុស្ស​នៅក្នុង​ឆ្នាំង​ស៊ុប​ចំនួន​ពីរ និង​សាច់មនុស្ស​កិន​ម៉ដ្ដ​រាយប៉ាយ​នៅលើ​ដី​នៅ​ក្នុងផ្ទះ​ផង​ដែរ​។​

​ប៉ូលិស​ហុងកុង​បាន​ចាប់ខ្លួន​ឪពុក​ម្តាយ​និង​បងប្រុស​របស់​អតីត​ស្វាមី​របស់​នាង​ឆ​យ​។ ពួកគេ​នៅ​កំពុង​ស្វែងរក​អតីត​ស្វាមី​របស់​នាង​ដែល​គេ​ជឿ​ថា​បាន​ចូលរួម​ក្នុង​ការសម្លាប់​នេះ​។ របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​និយាយថា បុរស​ជា​អតីត​ប្តី​មាន​ឈ្មោះ​ថា អា​ឡិច ក្វុង (Alex Kwong)​។​

​អតីត​ប្តី​មាន​ឈ្មោះ​ អា​ឡិច ក្វុង

​នាង​ឆ​យ​ត្រូវបាន​ប្រទះ​ឃើញ​ចុងក្រោយ​នៅ​ផ្លូវ​ជុន (Chun) សង្កាត់​តៃប៉ូ ប្រហែល​ម៉ោង ២ រសៀល​ថ្ងៃ​អង្គារ​។ នាង​ពាក់អាវ​ពណ៌​ស​ដៃ​វែង ខោ​ពណ៌​ស ស្បែកជើង​ពណ៌​ស និង យួរ​កាបូបដៃ​ពណ៌​ស្វាយ​។ រូបភាព​កាមេរ៉ា​សុវត្ថិភាព​គឺជា​អ្នក​ចាប់​បាន​នាង​ឆ​យ​មុនពេល​នាង​បាត់​ខ្លួន​។​

​នៅថ្ងៃនោះ នាង​ឆ​យ​បាន​ត្រៀម​ទៅ​យក​កូនស្រី​របស់​នាង ដែល​ជា​កូន​ជាមួយ​អតីត​ស្វាមី នេះ​បើ​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក ដែល​បាន​ស្រង់​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​។ នាង​ឆ​យ​មានកូន​ពីរ​នាក់​ជាមួយ​អតីត​ស្វាមី​របស់​នាង​។​

​យោងតាម​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​ឱ្យដឹងថា បុរស​សង្ស័យ​ស្លៀកពាក់​ខោអាវ​ខ្មៅ​និង​ខោខ្លី​ត្រូវបាន​ចាប់​ជាប់​នៅលើ​កាមេរ៉ា​សុវត្ថិភាព ដោយ​ដៃ​យួរ​ប្រអប់​ប្លា​ស្ទិក​ពណ៌​ស​ធំ​មួយ​។ បន្ទាប់មក ជនសង្ស័យ​បាន​រុញ​ប្រអប់​ធំ​នោះ​ចូលទៅ​ក្នុង​រថយន្ត​កៅអី ៧ ពណ៌​ស ដែល​មាន​ទ្វារ​ខាងក្រោយ​បើកចំហ​។​

​នាង​ឆ​យ​ត្រូវគេ​និយាយថា​មាន​ទម្ងន់​ប្រហែល ៤០ គីឡូក្រាម​និង​មាន​កម្ពស់ ១,៥៥ ម៉ែត្រ​។​

​ការធ្វើឃាត​នេះ​ត្រូវ​គេ​ជឿ​ថា​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ជម្លោះ​ជុំវិញ​ប្រាក់​ជាង ១០០ លាន​ដុល្លារ​ហុងកុង (​ជាង ១២ លាន​ដុល្លារ​អាម៉េរិក​) នេះ​បើ​យោងតាម​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​។ ជន​ណា​ដែល​ផ្តល់​តម្រុយ​ចាប់ខ្លួន​ជនល្មើស​នឹង​ទទួលបាន ១ លាន​ដុល្លារ​ហុងកុង នេះ​បើ​យោង​តាម​វេបសាយ HK01៕

​នាង​ឆ​យ​ត្រូវបាន​សម្លាប់​ដោយ​កាត់​ក្បាល​នៅ​សង្កាត់​តៃប៉ូ​