ដោយៈ វ៉ៃកូ / ស្វាយរៀង: លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោកស្រី លោក សូ ស៊ីនួន រដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង និងលោកស្រី នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ បានអញ្ជេីញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវ ក្រាលខ្សាច់ភ្នំ ១ខ្សែ ប្រវែង ១. ៨៩០ម៉ែត្រ ពីភូមិតាជៃ ទៅភូមិវាល្ងើត ស្រុកស្វាយជ្រំ ។
នៅចំពោះមុខអ្នកចូលរួម ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវ លោកអភិបាលខេត្តស្វាយ រៀង បានបញ្ជាក់ថាៈ នេះជាចក្ខុវិស័យដែលយើងធ្វើការសាងសង់ និងកែលម្អហេដ្ឋា រចនាសម្ព័ន្ធផ្លូវគមនាគមន៍របស់យើង នៅគ្រប់ទីកន្លែង នៅក្នុងខេត្ត ក៏ដូចជានៅក្នុង មូលដ្ឋាន ភូមិតាជៃ ភូមិវាតល្ងើត ឃុំកំពង់ចំឡង ដែលយើងទាំងអស់គ្នា កំពុងតែជួបជុំ រីករាយ និងអបអរសាទរ ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវ នាថ្ងៃនេះ បើទោះបីជានៅពេល នេះ មិនទាន់ឈានទៅដល់ ការកសាងជាផ្លូវក្រាលកៅស៊ូ ឬបេតុងក្ដី ប៉ុន្តែវាជាការកែលម្អ ឲ្យបានល្អប្រសើរ នៅជំហានដំបូង ដើម្បីធ្វើការដោះស្រាយបញ្ហា និងឆ្លើយតបនឹងតម្រូវ ចំពោះមុខរបស់បងប្អូនប្រជាពលរដ្ឋ ដែលធ្វេីដំណេីរលេីផ្លូវនេះ។
លោកបានបន្ថែមថាៈ ចំពោះការស្ថាបនាផ្លូវនេះ មិនមែនជាគម្រោងចុងក្រោយនោះទេ នៅថ្ងៃនេះ យើងកសាងជាផ្លូវក្រាលខ្សាច់ភ្នំ ប៉ុន្តែទៅថ្ងៃមុខ ខេត្តក៏នឹងអាចប្រែក្លាយផ្លូវនេះ ពីផ្លូវក្រាលខ្សាច់ភ្នំ ទៅជាផ្លូវចាក់បេតុង ឬកៅស៊ូតែម្ដង ដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការប្រើប្រាស់ផ្លូវ និងការដឹកជញ្ជូនផ្សេងៗ របស់បងប្អូនប្រជាពលរដ្ឋ ដែលចេះតែមាន ការកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ស្របទៅនឹងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ ប្រទេសជាតិយើង ។
លោកបានបន្តថាៈ សមិទ្ធផលទាំងនេះ និងសមិទ្ធផលផ្សេងៗទៀត ដែលលេចឡើង នៅក្នុងមូលដ្ឋានរបស់យើង គឺជាលទ្ធផលដែលកើតចេញពីផ្លែផ្កានៃសុខសន្តិភាព និងការអភិវឌ្ឍ លើគ្រប់វិស័យ ដែលជាមនុញ្ញផល នៃគោលនយោបាយឈ្នះ-ឈ្នះ និងការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជន កម្ពុជា ។ ក្នុងនោះ លោកក៏អរគុណចំពោះបង ប្អូនប្រជាពលរដ្ឋ ទាំងអស់នៅក្នុងមូលដ្ឋាន ឃុំកំពង់ចំឡងនេះ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា យ៉ាងភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាពេលកន្លងមក ដែលនេះ គឺពិតជាសរបញ្ជាក់ឲ្យឃើញថា បងប្អូនប្រជាពលរដ្ឋយើង មានការជឿជាក់ថា មានតែគណបក្សប្រជាជនកម្ពុជា និងមានតែសម្ដេចតេជោប៉ុណ្ណោះ ដែលនៅកៀករួមសុខ រួមទុក្ខ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ គ្រប់ពេលវេលា គ្រប់ទីកន្លែង គ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈទាំងអស់ ហើយសង្ឃឹមថា បងប្អូននឹងបន្តបោះឆ្នោតគាំទ្រគណបក្ស ក្នុងការបោះឆ្នោតថ្នាក់ជាតិ នាខែកក្កដា ខាងមុខ ដើម្បីគណបក្សបន្តឈ្នះ និងដឹកនាំ ប្រទេសជាតិ ក៏ដូចជាមូលដ្ឋានរបស់យើង ឲ្យកាន់តែមានការអភិវឌ្ឍបន្ថែមទៀត ។
ជាទីបញ្ចប់នៃពិធីនេះ លោកអភិបាលខេត្ត ក៏បាននាំមកនូវថិកាឧបត្ថម្ភ ជូន មន្ត្រីរាជការ សាលាស្រុក ១០នាក់, ក្រុមប្រឹក្សាឃុំ ស្មៀន និងជំនួយការរដ្ឋបាលឃុំ ១៣ នាក់,
កម្លាំងប៉ុស្ដិ៍នគបាលរដ្ឋបាលឃុំ ១២ នាក់, លោកនាយកសាលាទាំង ៧ ដោយក្នុងម្នាក់ៗ ថវិកា ១០០.០០០ រៀល ស្មើៗគ្នាុ។ ដោយឡែក បុគ្គលិកមណ្ឌលសុខភាព ១០ នាក់ ក្នុងម្នាក់ៗ ថវិកា ៨០.០០០ រៀល, មេភូមិ អនុភូមិ និងសមាជិកភូមិ ២១នាក់ ក្នុងម្នាក់ៗ ថវិកា ៦០.០០០ រៀល, ប្រជាការពារភូមិ ៣៥ នាក់ ក្នុងម្នាក់ៗថវិកា ៦០.០០០ រៀល និងប្រជាពលរដ្ឋ ៣៣៦ នាក់ ម្នាក់ៗ ទទួលបានសំពត់ស៊ឹង ១ ទឹកសុទ្ធ ១ដប ទឹកក្រូច ១កំប៉ុង នំប៉័ង ១ដើម នំប៉ាវ ១ និងថវិកា ២០.០០០ រៀល ៕ V / N