​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៣ សាលា ប៊ែ​ល​ធី អន្តរជាតិ បាន​ប្រារព្ធ​ពិធី​ប្រគល់​សញ្ញាបត្រ​មធ្យមសិក្សា បឋមភូមិ​ជូន​ដល់​សិស្ស​ប៊ែ​ល​ធី​ថ្នាក់​ទី​៩ ជំនា​ន់ទី​១៧ ឆ្នាំ​សិក្សា​២០២១-២០២២ ចំនួន ៣,១៣២​នាក់ នៅ​សាលសន្និសីទ នៃ​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ​ទី​២ (​ស្ពាន​អាកាស​ចោមចៅ​) ក្រោម អធិបតីភាព ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត លី ឆេង តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ ស្ថាបនិក​និង​ជា​អគ្គនាយក ប៊ែ​ល​ធី គ្រុប និង លោកជំទាវ​។​

​លោក ប៊ុត ឌី​ម៉​ង់ ប្រធានការិយាល័យ​ចំណេះ​ទូទៅ បាន​ឲ្យ​ដឹងថា​៖ បច្ចុប្បន្ននេះ សាលា ប៊ែ​ល​ធី អន្តរជាតិ មាន ២៦​សាខា (២៤​សាខា​កំពុងដំណើរការ និង ២​សាខា​កំពុង​សាងសង់​)ដែលមាន​បុគ្គលិក​បម្រើការ​សរុប​ចំនួន២,៣០២​នាក់ (​នារី ៩៧៨​នាក់​)និង​មាន​សិស្សានុសិស្ស​កំពុង​សិក្សា សរុប​ចំនួន ៦០,១៨៥​នាក់ (​នារី ២៧,៥៦៨​នាក់​)​។​

​ក្នុង​ឆ្នាំ​សិក្សា​២០២១-២០២២ នេះ សាលា​ប៊ែ​ល​ធី អន្តរជាតិ មាន​សិស្ស​ថ្នាក់​ទី ៩ ដែល​បាន​ប្រឡង​បញ្ចប់​សញ្ញាបត្រ មធ្យមសិក្សា​បឋមភូមិ (​ឌី​ប្លូ​ម​) ចំនួន​៣,១៥៥​នាក់ (​បី​ពាន់​មួយរយ​ហាសិប​ប្រាំ​នាក់​) ក្នុងនោះ ជាប់ ៣,១៣២​នាក់ (​បី​ពាន់ មួយរយ​សាមសិប​ពីរ​នាក់​) ស្មើនឹង​៩៩.២៧%​។ ដោយ​សិស្ស​មាន​ចំនួន​ច្រើន ពិធី​ប្រគល់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ នេះ ត្រូវបាន​រៀបចំ​ជា​២​លើក គឺ​លើក​ទី​១ ចំនួន ១,៥២៥​នាក់ មកពី ១០​សាខា និង លើក​ទី​២ ចំនួន ១,៦០៧​នាក់ មកពី ១២​សាខា នឹងធ្វើ​នៅ​ថ្ងៃទី​១៨ មីនា ២០២៣ ខាងមុខ​។

​ចំពោះ​សិស្ស​ដែល​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា បឋមភូមិ​ទាំងអស់​នឹង​ទទួលបាន​សញ្ញាបត្រ​ពីរ ហើយ​សញ្ញាបត្រ​ទាំងពីរ​នេះ​ត្រូវបាន​ដាក់បញ្ចូល (Upload) ទៅក្នុង​វែបសាយ របស់​ប៊ែ​ល​ធី ដើម្បី​ទុកជា​កាល​ប្បវត្តិ​សម្រាប់​សិស្ស​គ្រប់រូប​ទាញយក (Download)​ប្រើប្រាស​ជា​ផ្លូវការ​ផងដែរ​។​

​ក្នុងឱកាស​នោះ​ផងដែរ លោក​បណ្ឌិត លី ឆេង បាន​ថ្លែង​កោតសរសើរ​ចំពោះ​ក្មួយៗ ដែល​បាន​ខិតខំ យកចិត្តទុកដាក់​ប្រឹងប្រែង​សិក្សា​រៀនសូត្រ គោរព​បទបញ្ជាផ្ទៃក្នុង មាន​វិន័យ សីលធម៌ និង​គុណធម៌​ល្អ មិន​បង្ក​ផល​លំបាក ដល់​គ្រួសារ និង​សង្គមជាតិ​រហូត​ទទួលបាន​ជោគជ័យ​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ (​ឌី​ប្លូ​ម​) នាពេលនេះ​។

ឯកឧត្តម​បណ្ឌិត​ក៏បាន​ផ្តាំផ្ញើ​ដល់​ក្មួយៗ​ទាំងអស់​ឲ្យ​ខិតខំ​យកចិត្តទុកដាក់​បន្ត​ការសិក្សា​រៀនសូត្រ​បន្ថែមទៀត​នៅ​ថ្នាក់​ទី​១០ ១១ និង​ទី​១២ ដើម្បី​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) និង​ទទួលបាន​និទ្ទេស​ល្អ ហើយ​អាច​បន្តទៅ សិក្សា​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​ឲ្យ​បាន​គ្រប់ៗ​គ្នា​។ ទន្ទឹមគ្នា​នេះដែរ ឯកឧត្តម​បណ្ឌិត ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​មាតាបិតា​អ្នកអាណាព្យាបាល​ទាំងអស់ ដែល​តែងតែ​គាំទ្រនិង​បញ្ជូន​បុត្រ​ធីតា​របស់ខ្លួន​មក​សិក្សា​នៅតាម​បណ្តា​សាខា​នៃ​សាលាប៊ែ​ល​ធី អន្តរជាតិ​។​

​ជាទី​បញ្ចប់ លោក​បណ្ឌិត និង លោកជំទាវ បាន​ចូលរួម​អបអរសាទរ និង​ប្រគល់​សញ្ញាបត្រ​ដល់ សិស្ស​ជ័យលាភី​ទាំង ១,៥២៥​នាក់ នាពេលនោះ​ផងដែរ​៕Ph