​ភ្នំពេញ​៖“​មិនមែន​ឃើញ​គ្រូ​បរទេស​ចេញចូល​បង្រៀន​សុទ្ធតែជា​សាលា​អន្តរជាតិ​ទាំងអស់​នោះទេ​!”​នេះ​ជាការ​លើកឡើង​របស់​ឧកញ៉ា ប៉ិច បូ​ឡែ​ន អគ្គនាយក​បណ្តាញ​គ្រឹះ​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប ក្នុង​ពិធី​ប្រារព្វ​ខួប​៥​ឆ្នាំ​នៃ​សាលា​អន្តរជាតិ​ហ្វ​រ​រ៉េ​ស​ហៀ​ល (Forest Hill international School) នៅ​ព្រឹក​ថ្ងៃទី​២៤ កុម្ភៈ​។

​ឧកញ៉ា ប៉ិច បូ​ឡែ​ន បាន​បន្តថា “​ជាការ​ពិតណាស់​តម្លៃ​សិក្សា​នៅ​សាលា​អន្តរជាតិ​មានតម្លៃ​ខ្ពស់ជាង​សាលា​ជាតិ ដូចនេះ​សូមអ្នក​អាណាព្យាបាល និង​ឪពុកម្តាយ​គួរ​ជ្រើសរើស​រក​សាលា​អន្តរជាតិ​ឲ្យ​បាន​ត្រឹមត្រូវ​ពិតប្រាកដ ត្រូវ​ពិនិត្យ​ឱ្យបាន​ដិតដល់​ពី​ប្រវត្តិ​សាលា​កម្មវិធីសិក្សា​មានការ​ទទួលស្គាល់​ពី​ស្ថាប័ន​អប់រំ​នៅក្រៅ​ប្រទេស​ឬទេ គ្រូបង្រៀន​មាន​គរុកោសល្យ​ត្រឹមត្រូវ​ឬទេ និង​ថ្នាក់ដឹកនាំ​សាលា​មានបទពិសោធន៍​ផ្នែក​អប់រំ​និង​គ្រប់គ្រង​កម្រិតណា​?”​។​

​ឧកញ៉ា ប៉ិច បូ​ឡែ​ន បាន​បញ្ជាក់ថា “​សាលា​អន្តរជាតិ​ហ្វ​រ​រ៉េ​ស​ហៀ​ល​គឺជា​សាលា​ស្តង់ដារ អន្តរជាតិ​ពិតប្រាកដ ដោយសារ​សាលា​បា​នប​ញ្ជូ​ល​កម្មវិធី​អន្តរជាតិ​ដូចជា​Montessori,IEYC,IPC,Cambridge​ដែល​ទទួលស្គាល់​១៦០​ប្រទេស​ទូទាំង​ពិភពលោក​។​សាលា​ផ្តល់ជូន​ការសិក្សា​៣​ភាសា​គឺ​ភាសា​ខ្មែរ អង់គ្លេស និង​ចិន ព្រមទាំង​បាន​បន្ថែម​កម្មវិធី Leader in Me នាំ​មកពី​សហរដ្ឋអាមេរិក កម្មវិធី​បណ្តុះបណ្តាល​ផ្នែក​ហិរញ្ញវត្ថុ (Money Tree) ហើយ​មាន​គន្លង​សិក្សា (Pathway) ច្បាស់លាស់​សម្រាប់​អនាគត​សិស្ស​។ លើសពីនេះ សាលា​បាន​បញ្ចូល​កម្មវិធី​តន្ត្រី សិល្បៈ កីឡា​ដូចជា​ហែល​ទឹក តៃ​ក្វាន់​ដូ បាល់ទាត់ និង​កម្មវិធី​ដទៃទៀត ដើម្បី​ជា​ជំនួយ​ដល់​ការ លូតលាស់​ទាំង​ផ្នែក​ស្មារតី និង​រាយ​កាយ​ដល់​ពួកគាត់​ថែមទៀត​ផង​”​។

​ឧកញ៉ា​បាន​រំលឹកថា​“​ទន្ទឹមនឹងនេះ​សាលា​ក៏​មិន​ភ្លេច​ការពង្រឹង​ការសិក្សា​ភាសាជាតិ​នោះដែរ​ព្រោះ​ជា​ភាសា​អត្តសញ្ញាណ​ជាតិ​របស់​យើង​ដែល​កូន​ខ្មែរ​ម្នាក់ៗ​ត្រូវ​ចេះ​អាន​និង​ចេះ​សរសេរ​ឱ្យបាន​ស្ទាត់ជំនាញ​”៕PH