ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ក្រសួង​កសិកម្ម​និង​អភិវឌ្ឍន៍ជនបទ​របស់​វៀតណាម​បានព្រមាន​តំបន់ភាគ​ខាង​ត្បូងថា ការកើនឡើង​នៃ​ការដាំ​ទុរេន​នា​ពេល​ថ្មីៗ​នេះ​អាច​នាំឱ្យ​មាន​ការផ្គត់ផ្គង់​លើស​។​

​នាយកដ្ឋាន​ផលិតកម្ម​ដំណាំ​របស់​ក្រសួង​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា កសិករ​នៅ​តំបន់​ដីសណ្ដ​ទន្លេមេគង្គ តំបន់​ខ្ពង់រាប​ភាគ​កណ្តាល និង​តំបន់​ភាគខាងត្បូង​ផ្សេងទៀត កំពុង​បំផ្លាញ​ដំណាំ​កាហ្វេ ម្រេច និង​ស្រូវ​របស់​ពួកគេ ដើម្បី​ដាំ​ទុរេន​ជំនួស​វិញ​។

​សេចក្តីថ្លែងការណ៍​និយាយថា ការកើនឡើង​នៃ​ការដាំ​ទុរេន​ដ៏​ខ្ជីខ្ជា​នេះ​អាច​នាំ​ទៅដល់​ការផ្គត់ផ្គង់​លើស ដោយ​បន្ថែម​ថា ការដាំ​ទុរេន​លើ​ដី​មិន​ស័ក្តិសម​អាច​នាំឱ្យ​បាត់បង់​ទិន្នផល​និង​គុណភាព​យ៉ាងធ្ងន់ធ្ងរ​។​

​អាជ្ញាធរ​មូលដ្ឋាន​ត្រូវតែ​ធ្វើ​ផែនការ​ដើម្បី​ទប់ទល់​នឹង​ការបាត់បង់​ដី​ធ្វើស្រែ ហើយ​ចាំបាច់​ត្រូវ​ផ្សព្វផ្សាយ​បញ្ជី​តំបន់​ដែល​សមស្រប​សម្រាប់​ការដាំ​ទុរេន​។​

​នាយកដ្ឋាន​ក៏បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ជួយ​ពន្យល់​កសិករ​អំពី​ការផ្លាស់ប្តូរ​ការដាំ​ដំណាំ​របស់​ពួកគេ​ទៅរក​ទុរេន​ផងដែរ​។ អាជ្ញាធរ​គួរតែ​លើកទឹកចិត្ត​ដល់​កសិករ​ឱ្យ​សហការ​និង​បង្កើត​ខ្សែសង្វាក់​ផ្គត់ផ្គង់​ពេញលេញ​ជំនួស​ឱ្យ​កសិករ​ម្នាក់ៗ​ពង្រីក​តែ​តំបន់​កសិកម្ម​ផ្ទាល់ខ្លួន​របស់​ពួកគេ​។ នាយកដ្ឋាន​នេះ​និយាយថា នេះ​នឹង​ធានាបាន​នូវ​តម្លៃ​បន្ថែម​ខ្ពស់​ចំពោះ​ផលិតផល​សម្រេច​។​

​ទុរេន​នៅ​វៀតណាម​ត្រូវបាន​ដាំ​ដុះ​ភាគច្រើន​នៅ​តាម​បណ្តា​ខេត្ត​ខ្ពង់រាប​ភាគខាងត្បូង​និង​កណ្តាល​គឺ ទៀន​យ៉ាង បិ​ន​ត្រេ ឡា​ម​សុង និង យ៉ា​ឡាយ​។​

​តម្លៃ​ទុរេន​បាន​កើនឡើង​បី​ដង​ចាប់តាំងពី​វៀតណាម​បានចាប់ផ្តើម​នាំចេញ​វា​ទៅ​ប្រទេស​ចិន​កាលពី​ខែ​កក្កដា​ឆ្នាំមុន​។​

​ការនាំ​ចេញ​ទុរេន​បាន​កើនឡើង​ជិត ១៣៧ ភាគរយ​កាលពី​ឆ្នាំមុន​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ ២០២១ ដែល​ស្មើនឹង​តម្លៃ​សរុប​ជិត ៤២១ លាន​ដុល្លារ​។​

​ក្នុង​ខេត្ត​ទៀន​យ៉ាង បរិមាណ​ដី​ដែល​ត្រូវបាន​ប្រើ​សម្រាប់​ដាំ​ទុរេន បាន​កើនឡើង​មួយ​ភាគ​បី ស្មើនឹង ២០.០០០ ហិកតា​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​។​

​ការនាំ​ចេញ​ទុរេន​រំពឹង​កើន​ដល់​ចំនួន ១ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​នេះ​ដើម្បី​ជួយ​ដល់​ការនាំចេញ​ផលិតផល​កសិកម្ម​សរុប​របស់​វៀតណាម​ដល់​ចំនួន​លើស​ពី ៤ ពាន់​លាន​ដុល្លារ​៕

កសិករ​ម្នាក់​កាន់​ផ្លែ​ទុរេន​នៅ​កសិដ្ឋាន​មួយ​ក្នុង​ខេត្ត​ឡុង​អាន​កាលពី​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២៣