ដោយ: សុខុម / ស្ទឹងត្រែង: បុរសវ័យចំណាស់ម្នាក់ ខឹងនឹងស្ត្រីកំណាន់ចិត្ត បានយក កាំបិតផ្គាក់ កាប់ចំក្បាល ឱ្យរងរបួសធ្ងន់។ ក្រោយមក បុរសនោះ ក៏បានយកខ្សែចងក ធ្វើអត្តឃាតបញ្ចប់ជីវិតខ្លួនឯង តាមក្រោយ បង្កឲ្យមានការភ្ញាក់ផ្អើល នៅម៉ោងជាង ៧ យប់ថ្ងៃទី២៣​ ខែកុម្ភៈ​ ឆ្នាំ២០២៣ នៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

មន្ត្រីនគរបាលស្រុក បានឲ្យដឹងថាៈ ដំបូង ស្ត្រីរងគ្រោះ ឈ្មោះ សេង​សុភាព​អាយុ ៤៣ ឆ្នាំ មានទីលំនៅ ភូមិឃុំ​កើតហេតុខាងលើ ​បានឈ្លោះគ្នាជាមួយ បុរសជនសង្ស័យ ឈ្មោះ សែ​ រី អាយុ ៧៣ ឆ្នាំ ហើយស្ត្រីនោះ ក៏បានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាល។

ជនសង្ស័យ អន់ចិត្តនឹងស្រីកំណាន់ រឿងដាក់ពាក្យបណ្តឹង រួមទាំងខឹងប្រច័ណ្ឌ កាលពីពេលកន្លងមកផង បានយកកាំបិតផ្គាក់ កាប់ទៅលើជនរងគ្រោះ ចំនួន១កាំបិត ចំកណ្តាលក្បាល បណ្តាលឱ្យរងរបួសធ្ងន់ នៅចំណុចក្បែរធនាគា អេស៊ីលីដា (ភូមិឆ្វាំង) ​។ នៅក្នុងហេតុការណ៍នោះ កូនរបស់ស្ត្រីរងគ្រោះ បានដឹកម្ដាយ យកទៅសង្គ្រោះ នៅគ្លីនិកឯកជនមួយ នៅភូមិឆ្វាំង។ រីឯជនសង្ស័យ ក្រោយពេលធ្វើសកម្មភាព បានមកផ្ទះ របស់ជនរងគ្រោះ ដែលជាប់សោរទ្វារ។ ជនបង្កបានកាប់ស័ង្កសី ​ចូលក្នុងផ្ទះ ហើយឡើងទៅលើ ធ្វើអត្តឃាត (ចងក) ​សម្លាប់ខ្លួន ដោយប្រើខ្សែនីឡុងពណ៌ស បណ្តាលឱ្យស្លាប់ភ្លាមៗតែម្តង។

សូមបញ្ជាក់ថា ជនសង្ស័យ និងស្ត្រីរងគ្រោះ មានទំនាក់ទំនងស្នេហានឹងគ្នា រយៈពេល ជាយូរមកហើយ ព្រមទាំងមានផ្ទះសម្បែងរួមគ្នាផង។ ផ្ទះដែលស្ត្រីរងគ្រោះ រស់នៅនោះ ជនសង្ស័យ ក៏បានផ្ទេរទៅឲ្យជនរងគ្រោះ រួចហើយដែរ៕/V/R