ដោយៈ មុនីរ័ត្ន / ភ្នំពេញ៖ សមត្ថកិច្ចកំពុងតែស្រាវជ្រាវ ស្វែងរកចាប់ខ្លួនបុរស អាណិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក ដែលបានសម្លាប់ប្រពន្ធ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ រួចរត់គេចខ្លួន។ ប៉ុន្តែបើតាមតម្រុយ ជនសង្ស័យបានរត់គេចខ្លួន ទៅប្រទេសថៃ ហើយជនសង្ស័យរូបនេះ ច្បាស់ជាគេចមិនផុត ពីកណ្តាប់ដៃរបស់ នាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាន នគរបាលជាតិនោះទេ។

សូមជម្រាបថា បុរសវ័យចំណាស់ ជាប្តី បានយកខ្សែភ្លើងឆក់ស្ត្រី ជាប្រពន្ធ បណ្តាលឲ្យ ស្លាប់។ បន្ទាប់ពីសម្លាប់រួច បម្រុងដឹកសព ចេញពីក្នុងផ្ទះ ត្រូវបានប្រជាពលរដ្ឋឃើញ បុរសជាប្តី បានជិះម៉ូតូគេចទៅបាត់។ ហេតុការណ៍នេះ ​កើតឡើងកាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅផ្ទះលេខA11 ផ្លូវបេតុង ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។

សមត្ថកិច្ច បានឲ្យដឹងថា ស្ត្រីជាប្រពន្ធឈ្មោះ កែវ ស្រីមុំ អាយុ ៣៨ ឆ្នាំ មុខរបរ បើកសាឡន រស់នៅផ្ទះកើតហេតុ និងមានទីលំនៅ ផ្ទះលេខ៥៧ ផ្លូវលំ ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានកូនស្រី ១នាក់ អាយុ៥ឆ្នាំ ។ ជនសង្ស័យ ជាប្តីឈ្មោះ មូល ណេត អាយុ ៦៣ ឆ្នាំ ជាអាណិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក៕/V