១៣២​នាក់​ស្លាប់​នៅក្នុង​អំពើហិង្សា​បោះឆ្នោត​នៅ​ប៉ា​គី​ស្ថាន​ខណៈ​អតីត​នាយករដ្ឋមន្ត្រី​ត្រូវ​ចាប់ខ្លួន​

3297
ចែករម្លែក

ការវាយប្រហារសម្លាប់មនុស្សច្រើនបំផុតនៅក្នុងយុទ្ធនាការបោះឆ្នោតដ៏មានបញ្ហានៅប៉ាគីស្ថានបានសម្លាប់មនុស្ស១៣២នាក់ រួមមានបេក្ខជនម្នាក់កាលពីថ្ងៃសុក្រទី១៣កក្កដា នៅពេលតែប៉ុន្មានម៉ោងមុនការចាប់ខ្លួនអតីតនាយករដ្ឋមន្រ្តីណាវ៉ាហ្ស៍ សារីហ្វ ពេលលោកវិលមកកាន់ប្រទេស។

នៅក្នុងខេត្តបាលូជីស្ថាន អ្នកដាក់គ្រាប់បែកអត្តឃាតម្នាក់បានសម្លាប់មនុស្ស១២៨នាក់ រួមមានបេក្ខជនម្នាក់ដែលឈរឈ្មោះជាសមាជិកសភាខេត្ត។មនុស្ស៤នាក់ទៀតស្លាប់នៅក្នុងការវាយប្រហារនៅភាគពាយ័ព្យនៃប្រទេស។មនុស្សជិត៣០០នាក់រងរបួសក្នុងការបំផ្ទុះគ្រាប់បែកខាងលើ។

ការវាយប្រហារបានកើតឡើងប៉ុន្មានម៉ោងមុនលោកសារីហ្វបានវិលពីក្រុងឡុងដ៍ជាមួយកូនស្រី ម៉ាយ៉ាម ដើម្បីប្រឈមការនាំខ្លួនចូលគុក១០ឆ្នាំចំពោះការចោទប្រកាន់ពីបទប្រព្រឹត្តអំពើពុករលួយ។នាងម៉ាយ៉ាម ប្រឈមការជាប់គុក៧ឆ្នាំផងដែរ។

លោកត្រូវបាននាំទៅកាន់កន្លែងឃុំឃាំងដើម្បីបំពេញទោសជាប់គុក តែទោះជាយ៉ាងណាលោករំពឹងថានឹងប្តឹងឧទ្ធរណ៍និងសុំការនៅក្រៅឃុំដោយបង់ប្រាក់ធានាខ្លួន។

នៅទីប្រជុំជន ម៉ាសទុង បេក្ខជនស៊ីរ៉ា រ៉ាយសានីនិងមនុស្ស១២៧នាក់ទៀតបានស្លាប់នៅពេលអ្នកដាក់គ្រាប់បែកអត្តឃាតម្នាក់បំផ្ទុះខ្លួនឯងក្នុងចំណោមអ្នកគាំទ្ររាប់រយនាក់។

ក្រុមរដ្ឋអ៊ីស្លាមអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះតែមិនបានបញ្ជាក់ហេតុផលចំពោះការបំផ្ទុះគ្រាប់នេះទេ។

មុនការមកដល់របស់អតីតនាយករដ្ឋមន្រ្តីសារីហ្វនៅក្រុងឡាហ័រភាគខាងកើត ប៉ូលិសបានចាប់ខ្លួនអ្នកគាំទ្រគណបក្ស Pakistan Muslim League របស់លោកសារីហ្វដើម្បីរារាំងកុំអោយពួកគេទៅស្វាគមន៍លោក។លួសបន្លា និងកុងតេនឺត្រូវបានដាក់ជារបាំងផ្លូវមួយចំនួន ខណៈការចេញចូលអាកាសយានដ្ឋានត្រូវរឹតត្បឹត។

សារីហ្វត្រូវបានហាមធ្វើនយោបាយ និងប្អូនប្រុសរបស់លោកឥឡូវដឹកនាំគណបក្សជំនួសនិងកំពុងធ្វើយុទ្ធនាការសំរាប់ការបោះឆ្នោតនៅថ្ងៃ២៥កក្កដា៕ដោយ៖វាសនា

មនុស្ស ជិត ៣០០ នាក់ រងរបួស ពី ការ បំផ្ទុះ គ្រាប់ ដោយ ក្រុម រដ្ឋ អ៊ីស្លាម នៅក្នុង ការជួបជុំ ឃោសនាបោះឆ្នោត

សារី ហ្វ និង កូនស្រី វិល មកកាន់ ប៉ា គី ស្ថាន ទោះជា ដឹងថា នឹង ត្រូវគេ នាំចូល គុក ពេលមកដល់ ប្រទេស កំណើត

ទីតាំងផ្សាយពាណិជ្ជកម្ម