ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរ ដែលអង្គការឃ្លាំមើលការលាងសម្អាតប្រាក់ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិ (FATF) បានប្រកាសជាផ្លូវការ ក្នុងការដកប្រទេសកម្ពុជា ចេញពីបញ្ជីប្រផេះ នៃក្រុមប្រទេស ដែលមានហានិភ័យ ខាងលាងលុយកខ្វក់។ ទន្ទឹមនឹងនេះ ក៏សូមសម្តែងនូវការគោរព ថ្លែងអំណរគុណចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចក្រទ្បាហោម ឧបនាយករដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំ នៃក្រុមការងារចំពោះកិច្ច ព្រមទាំងស្ថាប័នមាន សមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំយ៉ាងសស្រាក់សស្រាំ បំពេញការងារនេះ ដោយពុំគិតពីការនឿយហត់ រហូតសម្រេចបាននូវការនាំមកនូវ ភាពស្អាតស្អំរបស់ប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ។ ការថ្លែងអបអរសាទរនេះ ក្នុងពិធីសំណេះសំណាល និង ពិសារអាហារសាមគ្គី ជាមួយនឹងសហគ្រិនវ័យក្មេង នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថាៈ “ការណ៍នេះ ពិតជានឹងចូលរួមចំណែក ក្នុងការផ្តល់នូវផលប្រយោជន៍ ផ្នែកសេដ្ឋកិច្ចដ៏សំខាន់ដល់កម្ពុជា ជាពិសេសសម្រាប់ វិស័យឯកជនផ្ទាល់ ក្នុងការរក្សាលំនឹងនៃរំហូរហិរញ្ញវត្ថុ និងការដោះដូរពាណិជ្ជកម្មនានា ទៅកាន់ទូទាំងសាកលលោក”។
សូមជម្រាបថា កម្ពុជាត្រូវបានដកចេញពី «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមាន ហានិភ័យខាងលាងលុយកខ្វក់។ នេះបើតាមការប្រកាសរបស់អង្គការឃ្លាំមើលការ លាងលុយ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិ (FATF) ដែលមានមូលដ្ឋាននៅទីក្រុង ប៉ារីស ប្រទេសបារាំង កាលពីល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២ ០២៣នេះ។
ការសម្រេចដកកម្ពុជា ចេញពី “បញ្ជីប្រផេះ” នៃក្រុមប្រទេសដែលមានហានិភ័យខាង លាងលុយកខ្វក់នេះ បានធ្វើឡើងនៅក្នុងមហាសន្និបាត FATF នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង និងត្រូវបានរៀបចំ សន្និសីទកាសែត ប្រកាសជាផ្លូវការ នៅម៉ោង ១០ យប់ ម៉ោងនៅប្រទេសកម្ពុជា។
សេចក្តីប្រកាសរបស់ FATF បានបញ្ជាក់ថាៈ “យុត្តាធិការក្រោមការបង្កើនការត្រួត ពិនិត្យ កំពុងដំណើរការ យ៉ាងសកម្មជាមួយ FATF ដើម្បីដោះស្រាយការខ្វះខាត ខាងយុទ្ធសាស្ត្រ នៅក្នុងរដ្ឋាភិបាលរបស់ពួកគេ ក្នុងការប្រយុទ្ធប្រឆាំងនឹងការលាងលុយ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទាន ដែលចូលរួមចំណែកដល់ការរីកសាយអាវុធ នុយក្លេអ៊ែរ។ ប្រទេសថ្មីៗ ដែលស្ថិតនៅក្រោមកម្មវត្ថុ នៃការបង្កើនការត្រួតពិនិត្យ រួមមាន អាហ្វ្រិកខាងត្បូង និងនីហ្សេរីយ៉ា។ ប្រទេសម៉ារ៉ុក និងកម្ពុជា លែងជាកម្មវត្ថុ នៃការត្រួត ពិនិត្យបន្ថែមទៀត ដោយ FATF ទៀតហើយ”។
ការប្រកាសដកចេញពីបញ្ជីប្រផេះ ជាផ្លូវការនេះ បានធ្វើឡើង បន្ទាប់ពីមានសេចក្តី សម្រេចចិត្តរបស់ក្រុមការងារ ICRG របស់ FATF ក្នុងការដកកម្ពុជា ពីបញ្ជីប្រផេះ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងកិច្ចប្រជុំ ICRG នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ មិនមានសមាជិកណា ជំទាស់ការដកកម្ពុជា ចេញពីបញ្ជីប្រផេះនោះទេ។ ផ្ទុយទៅវិញ កម្ពុជាទទួលបានការគាំទ្រ ពីសមាជិករបស់ FATF ចំនួន១៨ រួមមាន ស្ថាប័នអន្តរជាតិ២៖ APG និង EU Commission និងប្រទេសសមាជិកចំនួន ១៦ ទៀត ដូចជា អូស្ត្រាលី ដាណឺម៉ាក ហ្វាំងឡង់ ឥណ្ឌា អាមេរិក អាល្លឺម៉ង់ ចិន រុស្ស៉ី អុីតាលី ជប៉ុន ម៉ាឡេស៊ី នូវែលហ្សេឡង់ ព័រទុយហ្កាល់ អង់គ្លេស កូរ៉េខាងត្បូង និងសិង្ហបុរី ជាដើម។
គួរបញ្ជាក់ថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញការប្តេជ្ញាចិត្ត ជាបន្តបន្ទាប់ ចំពោះការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ ។
សូមរម្លឹកថា កាលពីខែកក្កដា ឆ្នាំ២០២០ កម្ពុជាក៏បានចេញច្បាប់ ស្តីពីការប្រឆាំងការ សម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ផងដែរ។ ច្បាប់នេះ មានគោលបំណងធានា ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដោយកំណត់អំពី វិធានការត្រួតពិនិត្យ បង្ការ ទប់ស្កាត់ បង្ក្រាប និងលុបបំបាត់ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
សូមជម្រាបថា ប្រទេសកម្ពុជា ធ្លាប់ត្រូវបានអង្គការ FATF ដាក់ឲ្យស្ថិតក្នុង «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យ ខាងលាងលុយកខ្វក់ រយៈពេល ៤ ឆ្នាំជាប់ៗគ្នា ចាប់តាំងពីឆ្នាំ២០១៩ មក ៕/V