ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ “កិច្ចខិតខំប្រឹងប្រែងរបស់សហគ្រិនវ័យក្មេងកម្ពុជា បានបង្ហាញ យ៉ាងច្បាស់ថា វិស័យឯកជន គឺជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាល នៅក្នុងការនាំយក សក្តានុពលរបស់កម្ពុជា ឱ្យពិភពលោក បានស្គាល់ច្បាស់ និងចាប់អាម្មណ៍ រួមទាំងការ រក្សាបាននូវស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ចជាតិ តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើនភាព ប្រកួតប្រជែង និងការបង្កើតការងារជូនប្រជាពលរដ្ឋ”។ នេះជាការបញ្ជាក់របស់លោក បណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយនឹង សហគ្រិនវ័យក្មេង នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានកោតសរសើរ ចំពោះសហគ្រិនវ័យក្មេងកម្ពុជាទាំងអស់ ដែលបានដឹកនាំ និងរក្សាបាននូវ វឌ្ឍនភាពអាជីវកម្ម-ធុរកិច្ចល្អប្រសើរ និងថែមទាំងបាន ទាក់ទាញរំហូរវិនិយោគ ពីបរទេសនាពេលកន្លងមក ទោះបីជាត្រូវប្រឈមនឹងផលវិបាក ជាច្រើន ក្នុងអំឡុងពេលវិបត្តិនៃជំងឺកូវីដ-១៩ ក៏ដោយ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជាទស្សនៈវិស័យផ្ទាល់ខ្លួន អំពីភាពជាដៃគូ រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន និងការលើកកម្ពស់វិស័យឯកជន គឺមានកត្តា អាទិភាពចំនួន ៣ ចំណុច៖

ទី១. ក្របខ័ណ្ឌគោលនយោបាយ៖ សំដៅទៅលើចក្ខុវិស័យជួយសម្រួលដល់ប្រតិបត្តិការ និងការរីកចម្រើនរបស់វិស័យឯកជន ហើយរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជា បានធ្វើការងារយ៉ាងច្រើនសន្ធឹកសន្ធាប់ បម្រើដល់ការរីកលូតលាស់ មកដល់សព្វថ្ងៃនេះ ហើយក៏នឹងបន្តវាយតម្លៃ និងកែសម្រួលដាក់ចេញនូវគោលនយោ បាយជាបន្តបន្ទាប់ទៀត ដើម្បីធ្វើយ៉ាងណាឱ្យបរិយាកាសធុរកិច្ចនៅកម្ពុជា កាន់តែមាន ភាពប្រកួតប្រជែង ងាយស្រួល និងមានថ្លៃដើមទាប ។

ទី២. ក្របខ័ណ្ឌយន្តការអនុវត្ត៖ សំដៅទៅលើការលើកទឹកចិត្ត ឱ្យវិស័យឯកជន ដើរតួនាទី ក្នុងការអនុវត្តផ្ទាល់ ដោយមានការគាំទ្រពី សំណាក់រាជដ្ឋាភិបាល។

ទី៣. ការអនុវត្តជាក់ស្តែង៖ សំដៅទៅលើការធានាឱ្យបាននូវការអនុវត្តជាក់ស្តែង ដោយរលូន ជាការឆ្លុះបញ្ចាំងទៅនឹងផែនការដែលបានគូសវៀស ហើយការអនុវត្តនេះ ទាមទារនូវនីតិវិធីច្បាស់លាស់ ងាយស្រួល រស់រវើក និងតម្លាភាព រួមជាមួយនឹងកត្តា មនុស្សដែលមានការយល់ដឹង និងមានបទពិសោធន៍ជាក់ស្តែង ជាពិសេសកត្តាតុល្យភាព រវាងមន្ត្រីរដ្ឋ និងផ្នែកឯកជន។

ជាមួយគ្នានេះ លោក បណ្ឌិត ហ៊ុន ម៉ាណែត សូមសហគ្រិនទាំងអស់ បន្តចូលរួមជាមួយ រាជរដ្ឋាភិបាល ក្នុងការពង្រីកការវិនិយោគ នៅក្នុងវិស័យសំខាន់ៗ ដែលមានតម្លៃបន្ថែម ខ្ពស់ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងបន្តបង្កើតឱកាសការងារបន្ថែម ជូនប្រជាពល រដ្ឋ ជាពិសេសសម្រាប់យុវជន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ទន្ទឹមនេះ ក៏សូមលើកទឹកចិត្តឱ្យសហគ្រិនទាំងអស់ ឱ្យបង្កើនសមត្ថភាព, ពង្រឹងភាព ប្រកួតប្រជែង និងសូមខិតខំទាញយកអត្ថប្រយោជន៍ ឱ្យបានជាអតិបរមា ពីគោលនយោ បាយ ក៏ដូចជាវិធានការលើកទឹកចិត្តនានា របស់រាជរដ្ឋាភិបាល ចំពោះវិស័យឯកជន ជាពិសេស តាមរយៈការវិនិយោគ នៅក្នុងវិស័យអាទិភាព ដើម្បីទទួលបានការលើកទឹក ចិត្តផ្នែកសារពើពន្ធ, ការទទួលបានការបណ្តុះបណ្តាលសហគ្រិនភាព, ការអភិវឌ្ឍជំនាញ, និងការទាញយកអត្ថប្រយោជន៍ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយបណ្តាប្រទេស នានា។

លោកបណ្ឌិត បានបន្តថាៈ ក្រៅពីការបង្កើតទ្រព្យ និងរកប្រាក់ចំណេញ, សហគ្រិនទាំង អស់ ក៏ត្រូវបណ្តុះគំនិតចូលរួមចំណែក ក្នុងកិច្ចការសង្គម ព្រមជាមួយនឹងការចាប់យក បច្ចេកវិទ្យាឌីជីថល នៅក្នុងអាជីវកម្ម ប្រកបដោយភាពច្នៃប្រឌិត និងនវានុវត្តន៍ ដែលអាចនាំមកនូវផលិតភាពខ្ពស់ និងតម្លៃបន្ថែមកាន់តែច្រើនដល់សេដ្ឋកិច្ចជាតិ។ សូមសភាពាណិជ្ជកម្មកម្ពុជា បន្តផ្តល់ការគាំទ្រ និងកិច្ចសហការជិតស្និទ្ធជាមួយភាគី ពាក់ព័ន្ធទាំងអស់ ជាពិសេសសហគ្រាសថ្មីៗ ដើម្បីពង្រឹង និងពង្រីកបណ្តាញទំនាក់ ទំនងការងារ, ចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ ព្រមទាំងចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ឱ្យកាន់តែមាន ភាពរឹងមាំ ទូលំទូលាយ រស់រវើក និងប្រកបដោយបរិយាបន្ន ៕/V