​ប្រែ​សម្រួលៈ​បំណង​(VNExpress,bangkokpost)៖​វិទ្យា​ស្ថានប៉ាស្ទ័រ​ក្នុង​ទីក្រុង​ហូជីមិញ​បាន​ចេញ​ការព្រមាន​ដ​ល់បណ្តា​ទីតាំង​ភាគ​ខាងត្បូង​ប្រទេស​ក្រោយ​ពី​ផ្ទុះ​ជំងឺផ្តាសាយ​បក្ស​នៅក្នុង​ប្រទេស​ក្បែរ​ខាង​កម្ពុជា បណ្តាល​អោយ​ស្លាប់​មនុស្ស​។​

​ការព្រមាន​កាលពី​ថ្ងៃ​សុក្រ កើត​ឡើង​នៅ​ពេល​ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ប្រកាស​ជូន​ពត៌មាន​នៅ​ថ្ងៃទី​២៤ ខែ​កុម្ភៈ ស្តី​ពី​ការរកឃើញ​ករណី​ទី​២​នៃ​ជំងឺផ្តាសាយបក្សី​លើ​មនុស្ស​នៅ​កម្ពុជា ក្នុង​ខែកុម្ភៈ ឆ្នាំ​២០២៣ បន្ទាប់ពី​មាន​ករណី​ស្លាប់​កុមារី​ម្នាក់ អាយុ​១១​ឆ្នាំ ៦​ខែ​កាលពី​ថ្ងៃទី​២២ ខែ​កុម្ភៈ កន្លង​ទៅ​ថ្មីៗ​នេះ នៅស្រុក​ស៊ីធរ​កណ្ដាល ខេត្ត​ព្រៃវែង​។​

​ករណី​ទី​២ នៃ​ជំងឺផ្តាសាយបក្សី ប្រភេទ​H5N1 នៅ​លើ​មនុស្ស​នៅ​កម្ពុជា បាន​កើតមាន លើ​បុរស​ម្នាក់ អាយុ ៤៩ ឆ្នាំ ដែល​មាន​ទីលំនៅ​ក្នុងភូមិ​រលាំង ឃុំ​រំចេក ស្រុក​ស៊ីធរ​កណ្ដាល ខេត្ត​ព្រៃវែង ត្រូវជា​ឪពុក​របស់​កុមារី នៃ​ករណី​ទី​១ ប៉ុន្តែ​ស្ថានភាព សុខភាព​របស់​បុរស​នេះ មិនទាន់​មាន​ចេញ​នូវ​រោគសញ្ញាអ្វី​គួរឱ្យ​កត់សម្គាល់​នៅឡើយទេ​។​

​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយថា ខ្លួន​បាន​ទាក់ទង​អាជ្ញាធរ​កម្ពុជា​ជាប់​ជា​ប្រចាំ​អំពី​ស្ថានការណ៍​ផ្ទុះ​ជំងឺ​ផ្តាសាយ​បក្សី​នេះ ហើយ​បាន​សម្តែង​ការព្រួយបារម្ភ ដោយសារ​តែ​បាន​រកឃើញ​ឪពុក​របស់​កុមារី​រងគ្រោះ​បាន​កើត​ជំងឺ​នេះដែរ ដែលនាំអោយ​មាន​ការបារម្ភអំពី​ការឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​។​

​វេជ្ជបណ្ឌិត ង្វៀន វូ ធឿង​(Nguyen Vu Thuong) អនុប្រធាន​វិទ្យាស្ថាន​ប៉ាស្ទ័រ បាន​និយាយ​ថា​បណ្តា​ទីតាំង​ភាគខាងត្បូង​វៀតណាម គួរ​បង្កើន​ការឃ្លាំមើល​និង​តាមដាន​រក​ជំងឺ​នេះ ហើយ​បញ្ជូន​សំណាក​ករណី​សង្ស័យ​មកកាន់​វិទ្យាស្ថាន​ដើម្បី​ធ្វើតេស្តិ៍​។​លោក​បាន​បន្តថា មនុស្ស​និង​សត្វ​ស្លាប​មកពី​តំបន់​ផ្ទុះ​ផ្តាសាយ​បក្សី​នៅ​កម្ពុជា​គួរ​ត្រូវ​តាម​ដាន។

​សូមបញ្ជាក់​ថា វៀតណាម​បាន​រកឃើញ​អ្នក​កើត​ជំងឺ​នេះ​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ប្រាំបី​ឆ្នាំ​កាលពី​ឆ្នាំ​២០២២​។​វា​បាន​កើត​លើ​ក្មេងស្រី​អាយុ​៥​ឆ្នាំ​ម្នាក់​ដែល​បាន​បរិភោគ​សាច់​មាន់​ទា​ឈឺ មុនពេល​នាង​ធ្លាក់ខ្លួន​ឈឺ តែ​បាន​ជា​វិញ​នៅ​ពេល​ក្រោយមក​។​

​ក្នុងពេល​ជាមួយគ្នា នាយកដ្ឋាន​គ្រប់គ្រង​ជំងឺ​ថៃ(DDC)​បាន​ចេញ​ការព្រមាន​អំពី​ការផ្ទុះ​ជំងឺ​ផ្តាសាយ​បក្សី ក្រោយ​ការកើតមាន​ជំងឺ​នេះ​នៅ​កម្ពុជា​។​

​មន្ត្រី​DDC​បាន​និយាយថា​នាយកដ្ឋាន​បាននិងកំពុង​តាមដាន​សភាពការណ៍​នៅ​កម្ពុជា​និង​បាន​រកឃើញថា​ក្មេងស្រី​កម្ពុជា​បាន​ចេញ​រោគសញ្ញា​ជំងឺ​នេះ​នៅ​ថ្ងៃ​១៦​កុម្ភៈ និង​បាន​ស្លាប់​នៅ​ថ្ងៃ​២១​កុម្ភៈ នៅក្នុង​ខេត្ត​ជាប់​ប្រ​ទេស​វៀតណាម​។​ឳ​ពុ​ក្មេង​រងគ្រោះក៏​ឆ្លង​ជំងឺ​នេះ ហើយ​ករណី​នេះ​ត្រូវបាន​រាយការណ៍​ទៅ​កាន់​អង្គការ​សុខភាព​ពិភពលោក​។​

​បើ​តាម​លោក​វេជ្ជបណ្ឌិត សូ​ផន អៀម​ស៊ីរិ​ថា​វ៉ន អនុប្រធាន​នាយកដ្ឋាន​ខាងលើ ថៃ​មិន​បាន​រកឃើញ​ជំងឺ​នេះ​អស់​១៦​ឆ្នាំ​ហើយ តែ​«​យើង​មិន​ដែល​បាត់បង់​ការប្រុងប្រយ័ត្ន​ទេ​។​យើង​មាន​វិធានការ​បង្ការ​»​។​

​លោក​ថា អាជ្ញាធរ​ថៃ​ក៏​មាន​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​កម្ពុជា​ក្នុង​ការទប់ស្កាត់​វីរុស​ផ្តាសាយ​បក្សី ប្រភេទ​H5N1​ដែល​ចម្លង​មក​ពី​សត្វ​ស្លាប រួម​មាន​មាន់​ទា​ដែល​បង្ក​ការស្លាប់​កំរិត​ខ្ពស់ និង​ចម្លង​មកកាន់​មនុស្ស​ដែល​ប៉ះពាល់​វា​ផ្ទាល់​។​

​អង្គការ​សុខភាព​ពិភពលោក បាន​អំពាវនាវ​អោយមាន​ការប្រុងប្រយ័ត្ន​នៅ​ខែ​នេះ ក្រោយ​ការរកឃើញ​ជំងឺផ្តាសាយបក្សី​កើត​លើ​ថនិកសត្វ​។​បច្ចុប្បន្ន​ជំងឺ​នេះ​ត្រូវបាន​រកឃើញ​នៅ​២១​ប្រទេស រួម​មាន​កម្ពុជា​៕

​មាន់​ចិញ្ចឹម​នៅ​កសិដ្ឋាន​មួយ​នៅ​វៀតណាម​ខាងត្បូង​