ដោយ: មុនីរ័ត្ន/ភ្នំពេញ ៖ កម្លាំងជំនាញនាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង បានចាប់ខ្លួនបុរសអាណិកជនខ្មែរអាមេរិក ដែលសម្លាប់ប្រពន្ធកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ។

មន្ត្រីជាន់ខ្ពស់នគរបាលជាតិបានប្រាប់រស្មីកម្ពុជាថា ការចាប់ខ្លួននេះ ដោយមានការសហការជាមួយអាជ្ញាធរថៃ បានធ្វើឡើងកាលពីវេលាម៉ោងជាង១១ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ខណៈជនសង្ស័យកំពុងធ្វើដំណើរតាមតាក់ស៊ី ឆ្ពោះទៅទីក្រុងបាងកក ប្រទេសថៃ ។ បន្ទាប់ពីចាប់ខ្លួន អាជ្ញាធរថៃបានបញ្ជូនជន សង្ស័យត្រលប់មកព្រំដែន និងប្រគល់មកអឧឱ្យសមត្ថកិច្ចកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិ ក្លងលឹក-ប៉ោយប៉ែត។

បច្ចុប្បន្ននាយកដ្ឋានសន្តិសុខផ្ទៃក្នុងកំពុងបញ្ជូនជនសង្ស័យត្រលប់ទៅកាន់រាជធានីភ្នំពេញវិញ ដើម្បីបន្តនីតិវិធី។

ប្រភពដដែលបញ្ជាក់ថា ជនសង្ស័យឈ្មោះ មូល នេត អាយុ ៧០ឆ្នាំ ជាអាណិកជនខ្មែររស់នៅសហរដ្ឋអាមេរិក។ ជនរងគ្រោះជាប្រពន្ធឈ្មោះ កែវ ស្រីមុំ អាយុ៣៨ឆ្នាំ មុខរបរ បើកសាឡន ។

សូមជម្រាបថា ជនសង្ស័យបានធ្វើសកម្មភាពវាយប្រពន្ធដោយច្របាច់កនិងឆក់ដោយចរន្តអគ្គិសនី ទៅលើប្រពន្ឋរបស់ខ្លួនរហូតបាត់បង់ ជីវិត កាលពីព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ ។ បន្ទាប់ពីធ្វើសកម្មភាពរួចហើយជនសង្ស័យបានរត់គេចខ្លួនឆ្ពោះទៅព្រំដែន និងឆ្លងដែនតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតចូលទៅក្នុងប្រទេសថៃ។ ប៉ុន្តែដោយមានកិច្ចសហការយ៉ាងល្អពីសំណាក់អាជ្ញាធរថៃ ជនសង្ស័យត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ហើយបានប្រគល់មកឲ្យកម្លាំងជំនាញនាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ៕សរន