ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ កិច្ចប្រជុំត្រួតពិនិត្យលើបេក្ខជន ដែលចូលរួមប្រឡងជ្រេីសរេីសយោធិន នៃកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ នៅសាលប្រជុំតូច នៃអគារសេនាធិការដ្ឋាន ជាន់ទី៣ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត មានរយៈពេល ៣ ថ្ងៃ ត្រូវបានបញ្ចប់ហើយ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣។
ប្រភពបានឱ្យដឹងថាៈ លោកឧត្តមសេនីយ៍ត្រី ឆាយ សួគ៌ា ស្នងការរង ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលេីផ្ទៃប្រទេស និងជាប្រធានក្រុមការងារទី២ ជ្រេីសរេីសយោធិន នៃកងរាជអាវុធហត្ថ បានបិទកិច្ចប្រជុំនោះ ដោយមានការអញ្ជេីញចូលរួមពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងលោកឧត្ដមសេនីយ៍ត្រី ស៊ុន សម្បត្តិ មេបញ្ជាការរង ទទួលការងារកសាងកម្លាំង និងជាប្រធានក្រុមការងារជ្រេីសរេីសយោធិន នៃកងរាជអាវុធហត្ថខេត្ត នាយ នាយរងពាក់ព័ន្ធ។
លោកឧត្តមសេនីយ៍ត្រី ឆាយ សួគ៌ា បានថ្លែងកោតសរសេីរ និងវាយតម្លៃខ្ពស់ ចំពោះបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្ត ដែលបានរៀបចំដំណេីរការ និងទីតាំងសម្រាប់ការប្រឡងបង្កលក្ខណៈងាយស្រួល ដល់បេក្ខជនដែលចូលរួមប្រឡង និងបានវាយតម្លៃខ្ពស់ ចំពោះបេក្ខជនដែលបានចូលរួមប្រឡង ដោយបានខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត ប្រកបដោយជោគជ័យ។
បន្ទាប់ពីបានប្រឡងរយៈពេល ៣ ថ្ងៃពេញ បេក្ខជនដែលបានចូលរួមប្រឡង មានចំនួន ១៧៩នាក់ ឆ្លងកាត់វិញ្ញាសា ចំនួន១០ វិញ្ញាសា រួមមាន ១-វាស់កម្ពស់ ២-ថ្លឹងទម្ងន់, ៣- ធ្វេីតេស្តឈាមរកមេរោគ, ៤-ធ្វើតេស្តទឹកនោមរកសារធាតុញៀន, ៥-សរសេរតាមអាន, ៦សំណួរ-ចម្លេីយ, ៧-ពិនិត្យកាយសម្បទា, ៨-កាច់ក្បាលពោះ, ៩-ពួយអាវ៉ង់ និងទី១០-រត់ចម្ងាយផងដែរ៕ V / N