ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ វគ្គបណ្តុះ បណ្តាល មន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម អន្តរជាតិកម្រិត១ នៃប្រភេទកីឡាអត្តពលកម្ម ដែលចាប់ពីថ្ងៃទី ២០ ខែកុម្ភៈឆ្នាំ២០២៣ មកនោះ បានបញ្ចប់ជាស្ថាពរហើយ។
វគ្គនេះ មានសិក្ខាកាមចូលរួម ចំនួន ៥០ នាក់ក្នុងនោះស្រី ចំនួន ២៤ នាក់ ត្រៀមខ្លួនចូលរួមធ្វើជាមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម អន្តរជាតិ សម្រាប់ការប្រកួតកីឡា SEA GAMES 2023 នៅកម្ពុជា។
វគ្គនេះ បង្រៀនដោយលោក Cuddikota Valson ជាគ្រូឧទ្ទេសផ្នែកមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រមអន្តរជាតិ មកពីប្រទេសឥណ្ឌា លោកជាប្រធានប្រតិភូបច្ចេកប្រចាំតំបន់អាស៊ី និងជាសមាជិកមន្ត្រីបច្ចេកទេសពិភពលោកនេះ ជាលើកទី២ ហើយ ដែលលោកបានមកចូលរួមរៀបចំ វគ្គបណ្តុះបណ្តាល ផ្នែកមន្ត្រីបច្ចេកទេសនេះ ។
លោក ខៀវ សំណាង អគ្គលេខាធិការរង សហព័ន្ធអត្តពលកម្មកម្ពុជា បាននិយាយថាៈ វគ្គបណ្តុះបណ្តាល មន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម អន្តរជាតិកម្រិត១ នេះ មានអ្នក ចូលរួមចំនួន ៥០ នាក់ ស្រីចំនួន ២៤ នាក់។ សិក្ខាកាមទាំងនោះ មកពីបណ្តារាជធានីខេត្តចំនួន១៥ ក្នុងនោះ មានគរុសិស្ស ដែលកំពុងតែសិក្សា នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា លោកគ្រូអ្នកគ្រូអប់រំកាយ និងកីឡា និងមន្ត្រីកីឡាដែលបម្រើការងារ ក្នុងអង្គភាពចំណុះអគ្គនាយកដ្ឋានកីឡា។
ក្នុងពិធីបិទនេះ មានការអញ្ជើញចូលរួមពិធីបិទពីសំណាក់លោក ដួង មាសចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា លោក ផែ សុខ អនុប្រធានសហព័ន្ធ អត្តពលកម្មកម្ពុជា៕ V / N