ដោយ៖ ម៉េងឆៃ / ភ្នំពេញ៖ នៅក្នុងសប្តាហ៍ចុងខែកុម្ភៈនេះ មានព្រឹត្តិការណ៍ជាតិជាច្រើនបានកើតឡើង។ ក្នុងនោះ រួមមាន៖ ប្រតិកម្មរបស់សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងការបិទវិទ្យុ វីអូឌី(VOD) រួមទាំងការផ្ទុះករណីឆ្លងជំងឺផ្តាសាយបក្សី សម្លាប់កុមារីម្នាក់ នៅខេត្តព្រៃវែង ជាដើម។
១– សម្ដេចតេជោ ហ៊ុន សែន ប្រាប់ជនបរទេសនានា កុំលូកដៃរឿងបិទវិទ្យុ VOD
ក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្ស កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសជាថ្មីឱ្យជនបរទេសនានា កុំលូកដៃរឿងបិទវិទ្យុ VOD។ ការបិទវិទ្យុ VOD ត្រូវបានសម្តេចតេជោ ហ៊ុន សែន ពន្យល់ផ្ទាល់មាត់ជាថ្មីម្តងទៀតថា ដោយសារវិទ្យុ VOD ផ្សាយព័ត៌មានមិនពិត មានចេតនាប្រមាថ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងបង្កើតការមិនជឿទុកចិត្តគ្នា ក្នុងជួររាជរដ្ឋាភិបាល។
២- សម្ដេចតេជោ ហ៊ុន សែន ប្រតិកម្មនឹងការលើកឡើងរបស់លោក ស៊ន តារា
នៅដើមសប្តាហ៍នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញប្រតិកម្ម និងច្រានចោលការលើកឡើងរបស់លោក ស៊ន តារា សកម្មជនអតីតបក្សប្រឆំាងពីក្រៅប្រទេស ដែលបានអះអាងថា សម្តេចតេជោ ក្នុងតួនាទីជាប្រធានអាស៊ាន កាលពីឆ្នាំ២០២២ ថ្មីៗនេះ បានស្នើសុំអង្វរ ជួបប្រធានាធិបតីបារំាង ក្នុងពេលដែលសម្តេច មិនអាចធ្វើទំនាក់ទំនងជាមួយប្រទេសអ្នកមាន ឬប្រទេសធំណាមួយបានឡើយ ដោយបានត្រឹមតែទៅធ្វើទំនាក់ទំនងជាមួយប្រទេសតូចតាច ដូចជា ម៉ាល់ឌីវ ជាដើម។ សម្តេចចាត់ទុកការលើកឡើងរបស់លោក ស៊ន តារា ថាជាសម្តីកូនក្មេង ដែលមិនយល់ពីនយោបាយការបរទេស និងជាពាក្យសម្តីខុសឆ្គង ហើយឆោតល្ងង់ ដែលជាការប្រមាថជាតិសាសន៍របស់ខ្លួន។
៣-សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារ សម្រាប់ឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី។ កិច្ចប្រជុំនេះ រៀបចំធ្វើឡើងនៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ ដើម្បីពិនិត្យរាល់សកម្មភាពការងារ ដែលបានធ្វើកន្លងមក ក៏ដូចជាដាក់ចេញនូវគោលនយោបាយថ្មីៗ សម្រាប់ពេលខាងមុខ សំដៅលើកកម្ពស់សិទ្ធិ សេរីភាព និងឋានៈ ក៏ដូចជាតួនាទីរបស់ស្ត្រី ដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គមជាតិកម្ពុជា។
៤- កម្ពុជា ប្តេជ្ញាបន្តបង្កើនចំនួនកងកម្លាំងជាស្រ្តី ឱ្យបាន ២០ភាគរយ នៅគ្រប់បេសកកម្មរក្សាសន្តិភាព
ក្រសួងការពារជាតិ នៅថ្ងៃទី២១ ខែកុម្ភៈ បានជូនដំណើរកងកម្លាំងទ័ពមួកខៀវកម្ពុជាជិត ១០០នាក់ ចេញបំពេញបេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ ក្នុងពិធីជូនដំណើរនេះ សម្តេចប្រមុខការពារជាតិកម្ពុជា បានបន្តបង្កើនចំនួនកងកម្លាំង ជាស្រ្តីឱ្យបាន ២០ភាគរយ នៅគ្រប់បេសកកម្មរក្សាសន្តិភាព។
៥- គ.ជ.ប. ផ្តល់សុពលភាព និងដាក់ឱ្យប្រើប្រាស់បញ្ជីបោះឆ្នោត ឆ្នាំ២០២២ ជាផ្លូវការ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប នៅថ្ងៃទី២១ ខែកុម្ភៈ បានសម្រេចផ្តល់សុពលភាព និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវបញ្ជីបោះឆ្នោត ឆ្នាំ២០២២។ បើតាម គ.ជ.ប. បញ្ជីឈ្មោះអ្នកបោះឆ្នោត ឆ្នាំ២០២២ មានអ្នកបោះឆ្នោតសរុបចំនួនជាង ៩ ៧១០ ៦៥៥នាក់ ស្មើនឹង ៨៩,២៨ ភាគរយ នៃប្រជាពលរដ្ឋកម្ពុជា ដែលមានអាយុ ១៨ឆ្នាំឡើង។ បញ្ជីបោះឆ្នោតនេះ ត្រូវប្រើប្រាស់សម្រាប់ការបោះឆ្នោតជាតិ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះ។ ពោលគឺមានតែអ្នក ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនេះ ទើបអាចទៅបោះឆ្នោតបាន។
៦-សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយប្រធានក្រុមសភានៃសហព័ន្ធអាល្លឺម៉ង់
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២២ ខែកុម្ភៈ បានអនុញ្ញាតឱ្យលោកជំទាវ Gabriele KATZAMAREK ប្រធានក្រុមសភា នៃសហព័ន្ធអាល្លឺម៉ង់ ចូលជួបសម្តែងការសម និងពិភាក្សាការងារ។ លោកជំទាវប្រធានក្រុមសភា នៃសហព័ន្ធអាល្លឺម៉ង់ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជាហើយថា ដំណើរទស្សនកិច្ចមកកម្ពុជា ពេលនេះ ដើម្បីស្វែងរកដៃគូសហការ ដែលអាចទុកចិត្តគ្នាបាន។
៧- ការបង្កើនកិច្ចសហការអនុវត្ត «គោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ក្នុងឆ្នាំ២០២២ បានធ្វើឱ្យបទល្មើស ថយចុះ
ក្រសួងមហាផ្ទៃ នាថ្ងៃទី២២ ខែកុម្ភៈ បានបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ។ ក្នុងពិធីបើកសន្និបាតនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការបង្កើនកិច្ចសហការ ក្នុងការថែរក្សាសណ្ដាប់ធ្នាប់ និងសុវត្ថិភាពក្នុងសង្គមរបស់កម្លាំងនគរបាលជាតិ និងរដ្ឋបាលគ្រប់ថ្នាក់ នៅថ្នាក់ក្រោមជាតិ និងមានការចូលរួមពីប្រជាពលរដ្ឋ នៅក្នុងឆ្នាំ២០២២ បានធ្វើឱ្យបទល្មើសមានការថយចុះ ៩ភាគរយ រីឯលទ្ធផលបង្ក្រាបបទល្មើស មានកម្រិតខ្ពស់ រហូតដល់ ៩២ភាគរយ។
៨-ប្រទេសជប៉ុន ប្រកាសគំាទ្រ និងជួយរៀបចំការប្រកួតកីឡាស៊ីហ្គេម ដោយបញ្ជូនអាជ្ញាកណ្ដាលជប៉ុន ៤០នាក់ មកកាន់កម្ពុជា
រាជរដ្ឋាភិបាលជប៉ុន តាមរយៈរដ្ឋលេខាធិការក្រសួងការបរទេស បានបង្ហាញនូវការពេញចិត្ត ចំពោះទំនាក់ទំនងកិច្ចសហការល្អជាមួយប្រទេសកម្ពុជា ដែលត្រូវបានលើកកម្ពស់ពីដៃគូយុទ្ធសាស្រ្ដ ទៅជាដៃគូយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយ។ ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឯកឧត្តម TAKEI Shunsuke រដ្ឋលេខាធិការក្រសួងការបរទេសជប៉ុន បានអះអាងថា រាជរដ្ឋាភិបាលជប៉ុន នឹងជួយកម្ពុជា រៀបចំការប្រកួតកីឡាស៊ីហ្គេម នាពេលខាងមុខ ដោយជប៉ុន នឹងបញ្ជូនអាជ្ញាកណ្ដាលរបស់ខ្លួន ៤០នាក់ មកកាន់កម្ពុជាផងដែរ។
៩- ក្រសួងសុខាភិបាល បញ្ជាក់ជាផ្លូវការពីករណីកុមារីម្នាក់ ស្លាប់ដោយសារជំងឺផ្តាសាយបក្សី H5N1 នៅខេត្តព្រៃវែង
ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ បានប្រកាសពីករណីកុមារីម្នាក់ អាយុ ១១ឆ្នាំ បានស្លាប់ដោយសារជំងឺផ្តាសាយបក្សី ប្រភេទ H5N1 នៅខេត្តព្រៃវែង។ កុមារីរូបនេះ មានទីលំនៅក្នុងភូមិរលីង ឃុំរំចេក ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។ នាងចាប់ផ្តើមឈឺ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានរោគសញ្ញាគ្រុនក្តៅ រហូតដល់ ៣៩អង្សាសេ ព្រមទាំងមានក្អក និងឈឺបំពង់ក។ ក្រោយទទួលការព្យាបាល នៅក្នុងភូមិមិនធូរស្រាល រយ:ពេល ៣ថ្ងៃ កុមារីក៏ចាប់ផ្តើមមានអាការៈហត់ ត្រូវបានបញ្ជូនបន្ត ទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យកុមារជាតិ នៅរាជធានីភ្នំពេញ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។ នៅថ្ងៃទី២២កុម្ភៈ លទ្ធផលពីមន្ទីរពិសោធន៍ បញ្ជាក់ថា នាងវិជ្ជាមានជំងឺផ្តាសាយបក្សី ហើយនាងក៏បានស្លាប់នៅថ្ងៃទី២២កុម្ភៈ ផងដែរ។
១០- តុលាការកំពូល សម្រេចឲ្យលោក សុន ឆ័យ ចាញ់ក្តី ក្នុងសំណុំរឿងបោះឆ្នោតឃុំសង្កាត់
កាលពីថ្ងៃទី២៣ ខែកុម្ភៈ តុលាការកំពូល បានសម្រេចតម្កល់សេចក្តីសម្រេចទាំងស្រុងរបស់សាលាឧទ្ធរណ៍ ដែលបានសម្រេចឱ្យលោក សុន ឆ័យ ចាញ់ក្តី ក្នុងសំណុំរឿងបោះឆ្នោតឃុំសង្កាត់ ដែលលោក សុន ឆ័យ បានវាយប្រហារខុសការពិត លើគណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប។ ក្នុងសំណុំរឿងនេះ លោក សុន ឆ័យ ត្រូវបង់ប្រាក់ផាកពិន័យសរុបជាង ១លានដុល្លារអាម៉េរិក។ តែលោក មិនត្រូវបានចាប់ឃុំខ្លួនទេ។
១១-សម្តេចតេជោ ហ៊ុន សែន ណែនាំលើកទឹកចិត្តអោយនិស្សិតខិតខំប្រឹងប្រែងរៀនសូត្រ ជៀសវាងមានសញ្ញាបត្រ ហើយគ្មានគុណភាព
នៅថ្ងៃទី ២៤ ខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែន បានណែនាំ លើកទឹកចិត្តឱ្យនិស្សិត ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាង ៧ពាន់នាក់ និយាយដោយឡែក និងនិយាយជារួម និស្សិតនៅទូទំាងប្រទេស ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ជៀសវាងមានសញ្ញាបត្រហើយ គ្មានគុណភាព។ បើតាមសម្តេចតេជោ ធនធានមនុស្ស ដែលមានសមត្ថភាព គឺជាសមិទ្ធផលដ៏សំខាន់ សម្រាប់ជាតិ និងប្រជាជន។
១២- ក្រសួងសុខាភិបាល ប្រកាសពីការរកឃើញករណីទី២ នៃជំងឺផ្តាសាយបក្សី លើមនុស្ស បន្ទាប់ពីកុមារីម្នាក់ បានស្លាប់
នៅរសៀលថ្ងៃទី២៤កុម្ភៈ ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញករណីទី២ នៃជំងឺផ្តាសាយបក្សី ឆ្លងលើមនុស្ស បន្ទាប់ពីកុមារីម្នាក់ អាយុ ១១ឆ្នាំ នៅខេត្តព្រៃវែង បានស្លាប់ កាលពីថ្ងៃទី២២ ខែកុម្ភៈ។ អ្នកឆ្លងជំងឺផ្តាសាយបក្សីថ្មីនេះ ជាឪពុករបស់កុមារីរងគ្រោះ។ បន្ទាប់ពីករណីឆ្លងជំងឺផ្តាសាយបក្សី នៅខេត្តព្រៃវែងរួចមក ក្រសួងសុខាភិបាល បានផ្សព្វផ្សាយជាថ្មីនូវវីដេអូអប់រំ ស្តីពី ការបង្ការទប់ស្កាត់នូវការឆ្លងជំងឺគ្រុនផ្តាសាយបក្សី ពីសត្វបក្សី ដែលឈឺ ឬងាប់ មកមនុស្ស។
១៣-កម្ពុជា ត្រូវបានដកចេញពីបញ្ជីប្រផេះនៃក្រុមប្រទេស ដែលមានហានិភ័យខាងលាងលុយកខ្វក់
អង្គការឃ្លាំមើលការលាងលុយ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិ ហៅកាត់ថា FATF ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស បានប្រកាសជាផ្លូវការ សម្រេចដកប្រទេសកម្ពុជា ចេញពី “បញ្ជីប្រផេះនៃក្រុមប្រទេស ដែលមានហានិភ័យខាងលាងលុយកខ្វក់”។ ការសម្រេចដកកម្ពុជាចេញពី “បញ្ជីប្រផេះនៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់”បានធ្វើឡើងនៅក្នុងមហាសន្និបាត FATF នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង។
១៤-កម្ពុជា បោះឆ្នោតគាំទ្រឱ្យរុស្ស៊ី ដកទ័ពចេញពីអ៊ុយក្រែន
កាលពីថ្ងៃទី២៣ ខែកុម្ភៈ អង្គការសហប្រជាជាតិ បានរៀបចំមហាសន្និបាត ដោយបោះឆ្នោតលើសេចក្តីសម្រេចមួយ ដែលទទួលបានការគាំទ្រពីប្រទេសជាច្រើន ទាមទារឱ្យដកទ័ពចេញពីអ៊ុយក្រែន។ ក្នុងមហាសន្និបាតនេះ កម្ពុជា បានបោះឆ្នោតគាំទ្រឱ្យរុស្ស៊ី ដកកងទ័ពចេញពីអ៊ុយក្រែន។ មហាសន្និបាតអង្គការសហប្រជាជាតិ បានទាមទារឱ្យរុស្ស៊ី ដកទ័ពដោយគ្មានលក្ខខណ្ឌ ចេញពីអ៊ុយក្រែន ស្របពេលខួបមួយឆ្នាំនៃសង្រ្គាម ដែលរុស្ស៊ី ចូលឈ្លានពានអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ក្នុងសេចក្តីសម្រេចនោះ ប្រទេសចំនួន ១៤១ ដោយមានកម្ពុជាផង បានបោះឆ្នោតគាំទ្រ ប្រទេសចំនួន ៣២ រួមទាំងចិន និងឥណ្ឌា បានបោះឆ្នោតអនុបវាទ និងមិនឱ្យរុស្ស៊ី ដកកងទ័ពចេញពីអ៊ុយក្រែន មាន ៧ប្រទេស។ ៧ប្រទេស ដែលបោះឆ្នោតគាំទ្ររុស្ស៊ី ឱ្យបន្តធ្វើសង្គ្រាមនៅអ៊ុយក្រែន រួមមាន៖ អេរីត្រ កូរ៉េខាងជើង ម៉ាលី រុស្ស៊ី បេឡារុស នីការ៉ាហ្កា និងប្រទេសស៊ីរី៕សរន