ប្រែសម្រួលៈបំណង(CNA)៖ ក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុនិងប្រធានធនាគារកណ្តាលរបស់ប្រទេសមានឧស្សាហកម្មជឿនលឿនទាំងម្ភៃ(G20)ជាថ្មីទៀតបានខកខានក្នុងការចេញសេចក្តីថ្លែងការណ៍រួមមួយស្តីពីសេដ្ឋកិច្ចពិភពលោកនៅជំនួបពិភាក្សានៅប្រទេសឥណ្ឌាកាលពីថ្ងៃសៅរ៍ទី២៥កុម្ភៈ។
ជំនួសមកវិញនៅជំនួបពីរថ្ងៃនៅទីក្រុងបេនហ្កាលូរូ(Bengaluru)ឥណ្ឌាដែលជាប្រធានG20បច្ចុប្បន្នបានចេញ«របាយការណ៍សង្ខេបរបស់ប្រធាន» ដែលបាននិយាយថា« សមាជិកភាគច្រើនថ្កោលទោសងសង្គ្រាមនៅអ៊ុយក្រែនជាខ្លាំ» និងថាមាន«ការវាយតំលៃខុសគ្នាអំពីសភាពការណ៍និងទណ្ឌកម្ម»។
ក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុ ទេសាភិបាលធនាគារកណ្តាល និងប្រធានគណៈប្រតិភូG20 ចូលរួមកិច្ចប្រជុំនៅជាយក្រុងបេនហ្កាលូរូ ប្រទេសឥណ្ឌាកាលពីថ្ងៃ២៤កុម្ភៈ
គេថាខ្លឹមសារពីរវគ្គស្តីពីសង្គ្រាមក្នុងរបាយការណ៍សង្ខេបនេះ ត្រូវបានកែសម្រួលចេញពីសេចក្តីប្រកាសរបស់ក្រុមមេដឹកនាំG20ក្នុងកិច្ចប្រជុំនៅកោះបាលីកាលពីខែវិច្ឆិកាហើយវាត្រូវបានយល់ព្រមដោយប្រទេសជាសមាជិកទាំងអស់លើកលែងតែចិននិងរុស្ស៊ី។
តំណាងប្រទេសអេស្ប៉ាញបាននិយាយថា ដោយសារតែមានមធ្យោបាយ«បែបស្ថាបនាតិច»ពីប្រទេសមួយចំនួននៅកិច្ចពិភាក្សារបស់ក្រុមប្រទេសឧស្សាកំពូលទាំង២០ ការព្រមព្រៀងគ្នាលើសេចក្តីថ្លែងការណ៍មួយ«ជួបការលំបាក»។
ចិនចង់អោយដូរភាសានៅក្នុងសេចក្តីថ្លែងការណ៍កាលពីខែវិច្ឆិកា នេះបើតាមពួកមន្ត្រីប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង ដោយមន្ត្រីសុំមិនបញ្ចេញឈ្មោះម្នាក់បាននិយាយថា រដ្ឋាភិបាលទីក្រុងប៉េកាំងដកចេញពាក្យ«សង្គ្រាម»ចេញ។
សូមបញ្ជាក់ថា កិច្ចប្រជុំរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារG20មុនៗក៏ខកខានមិនបានចេញសេចក្តីថ្លែងការណ៍រួមដែរ ចាប់តាំងពីរុស្ស៊ីដែលជាសមាជិកមួយក្នុងក្រុមនេះបានចាប់ផ្តើមបើកប្រតិបត្តិការយោធាចូលប្រទេសក្បែរខាងអ៊ុយក្រែន។
ក្នុងពេលជាមួយគ្នាចិនព្យាយាមរក្សាជំហររបស់ខ្លួនជាភាគីអព្យាក្រិតមួយនៅក្នុងជម្លោះនេះ ខណៈនៅរក្សាទំនាក់ទំនងជាមួយសម្ពន្ធមិត្តយុទ្ធសាស្ត្ររុស្ស៊ី។
អ្នកការទូតជាន់ខ្ពស់ចិន លោកវ៉ាង យីង បានស្ថិតនៅទីក្រុងមូស្គូកាលពីថ្ងៃពុធដើម្បីជួបប្រជាធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងរដ្ឋមន្ត្រីការបរទេស សឹហ្គេ ឡាវរ៉ូវ ដែលគ្រោងនឹងមានវត្តមាននៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសG20នៅទីក្រុងញូវដេល្លី នាសប្តាហ៍ក្រោយ។
ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរចិនបានស្រង់សម្តីលោកវ៉ាងដែលបានមានប្រសាសន៍ថា ចិនមានបំណង«ពង្រឹងការជឿទុកចិត្តផ្នែកនយោបាយអោយកាន់តែស៊ីជំរៅ»និង«ពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ»ជាមួយរុស្ស៊ី។
កាលពីថ្ងៃសុក្រ ចំខួបមួយឆ្នាំនៃសង្គ្រាមអ៊ុយក្រែន ចិនបានចេញផែនការ១២ចំណុចមួយដោយអំពាវនាវអោយមាន«ដំណោះស្រាយនយោបាយ»មួយចំពោះវិបត្តិនៅអ៊ុយក្រែនដែលបែរជាជួបការមិនជឿនិងមិនស្វាគមន៍ពីសម្ពន្ធមិត្តរបស់អ៊ុយក្រែន។
តាមពិតជំនួបនេះក៏ផ្តោតលើការសម្រាលបន្ទុកបំណុលសំរាប់ប្រទេសក្រីក្រដែលកំពុងរងគ្រោះពីអតិផរណាខ្ពស់ដោយសារមួយផ្នែកបង្កឡើងដោយសង្គ្រាមផងដែរ។
អង្គការរូបិយវត្ថុអន្តរជាតិ(IMF)បាននិយាយនៅមុនកិច្ចប្រជុំថា ប្រទេសមានចំណូលទាបប្រមាណ១៥ភាគរយមានបញ្ហាបំណុលនិង៤៥ភាគរយទៀតប្រឈមហានិភ័យខ្ពស់។
ពួកមន្ត្រីលោកខាងលិច រួមមានរដ្ឋមន្ត្រីរតនាគារអាម៉េរិក បានអំពាវនាវអោយចិនកាត់ត្រឹមបំណុលរបស់ខ្លួនចំពោះបណ្តាប្រទេសជាប់បំណុលវ័ណ្ដក ដូចជាហ្សំប៊ី និងស្រីលង្ការ នៅពេលចិនចង់អោយស្ថាប័នផ្តល់កំចី រួមមានធនាគារពិភពលោកដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោកខាងលិច ក៏ធ្វើការសម្រួលបំណុលរបស់ខ្លួនឡើងវិញ តែសហរដ្ឋអាម៉េរិកនិងប្រទេសដទៃទៀតជំទាស់។
ប្រធានបទដទៃទៀត ក្នុងកិច្ចពិភាក្សានៅទីក្រុងបេនហ្កាលូរូ រួមមានកិច្ចខិតខំលើការយកពន្ធសកលលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ហើយពង្រីកការបន្ធូរបន្ថយរបស់បណ្តាធនាគារអភិវឌ្ឍន៍ដូចជាធនាគារពិភពលោក ដើម្បីជួយបណ្តាប្រជាជាតិដែលរងគ្រោះពីការប្រែប្រួលអាកាសធាតុ៕