ដោយ: វ៉ៃកូ / ស្វាយរៀង: លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត នៅព្រឹកថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៣ នេះ បានអញ្ជើញចុះផ្សព្វផ្សាយ ស.ជ.ណ របស់រដ្ឋបាលខេត្ត ជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានចូលកាប់រាន ឈូសឆាយ ហ៊ុមព័ទ្ធរបង និងដាំដំណាំ អាស្រ័យផលលើដីរបស់ស្ថានីយផ្សព្វផ្សាយ និងស្ដារព្រៃឈើក្រសាំង ស្ថិតក្នុងស្រុករមាសហែកខេត្តស្វាយរៀង ដែលនាពេលកន្លងមក
ទីតាំងដីព្រៃ ត្រូវបានប្រជាពលរដ្ឋ ចុះកាប់រុករាន ដាំចេក និងសង់តូបនៅលើដី ព្រៃកូនឈើរបស់រដ្ឋ ព្រមទាំងបានមករារាំងគ្រឿងចក្ររបស់ក្រុមហ៊ុន ក្នុងការឈូសឆាយព្រៃដាំកូនឈើឡើងវិញ ក្នុងភូមិសាស្ត្រខាងជើងភូមិបុស្ស ឃុំត្រស់ និងឃុំអណ្តូងត្របែក ស្រុករមាសហែក។
ពិធីនេះក៏មានការចូលរួមផងដែរ ពីសំណាក់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកអភិបាល អភិបាលរងស្រុក រួមនឹងមន្ត្រី ដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។
ក្នុងឱកាសនោះ លោក ម៉ែន អេង បានលើកពីហេតុផលដល់ប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់យល់ពីច្បាប់ នៃការកាន់កាប់ប្រើប្រាស់ដីធ្លីពីព្រោះថា បើយើងមិនគោរពច្បាប់ទេ គឺត្រូវប្រឈមទៅនឹងការអនុវត្តច្បាប់ ដោយបង្ខំដើម្បីកុំឲ្យមានភាពអនាធិបតេយ្យដូច្នេះបន្តទៅទៀត។
លោកអភិបាលរងខេត្ត បានបន្តថា: ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវព្យាយាមដោះស្រាយបញ្ហាដីធ្លីនេះ ជាលក្ខណ: ក្រៅប្រព័ន្ធតុលាការ ឲ្យអស់លទ្ធភាព។
ចំពោះថ្ងៃនេះ ក្នុងនាមរដ្ឋបាលខេត្ត លោកសូមប្រកាសនូវសេចក្តីសម្រេចលេខ០២៨/២៣ ស.ជ.ណ ចុះថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២៣ ស្ដីពីការបញ្ឈប់ការកាប់រាន ឈូសឆាយ ហ៊ុមព័ទ្ធរបងនិងដាំដំណាំអាស្រ័យផលលើដី របស់ស្ថានីយ៍ផ្សព្វផ្សាយ និងស្ដារព្រៃឈើក្រសាំង ស្ថិតក្នុងស្រុករមាសហែក ខេត្តស្វាយរៀង យោងសេចក្តីសម្រេចលេខ ០២៦ គជដព ថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២១ របស់គណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ន្ធដីព្រៃឈើ ដើម្បីវាត យកដីធ្វើជាកម្មសិទ្ធិ និងរបាយការណ៍លេខ ០១៦/២៣ របក ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសូមជម្រាបបងប្អូនប្រជាពលរដ្ឋ ដែលបានចូលកាប់រៀនឈូសឆាយហ៊ុមព័ទ្ធរបង និងដាំដំណាំអាស្រ័យផលលើដីរបស់ស្ថានីយផ្សព្វផ្សាយ និងស្ដារព្រៃឈើក្រសាំង ស្ថិតក្នុងស្រុករមាសហែកជ្រាបថា:ទីតាំងដីស្ថានីយ៍ផ្សព្វផ្សាយ និងស្ដារព្រៃឈើក្រសាំង គឺជាដីសាធារណៈរបស់រដ្ឋ ស្ថិតក្រោមការគ្រប់គ្រងរបស់ ខណ្ឌរដ្ឋបាលព្រៃឈើស្វាយរៀង ចំពោះសកម្មភាព នៃការចូលកាប់រាន ឈូសឆាយហ៊ុមព័ទ្ធរបង និងដាំដំណាំអាស្រ័យផលលើដីខាងលើនេះគឺជាការចូលកាន់កាប់ដីរដ្ឋដោយខុសច្បាប់ដែលអាចនឹងត្រូវទទួលទោសដូចមានចែងកំណត់ នៅក្នុងច្បាប់ភូមិបាលច្បាប់ ស្ដីពីព្រៃឈើនិងច្បាប់ជាធរមានផ្សេងៗទៀត។
ដើម្បីចៀសវាងការប្រឈមទោសទណ្ឌតាមផ្លូវច្បាប់ និងដើម្បីចូលរួមថែរក្សាការពារដីរដ្ឋសម្រាប់បម្រើផលប្រយោជន៍សាធារណៈ រដ្ឋបាលខេត្តស្វាយរៀង សូមឲ្យបងប្អូនប្រជាពលរដ្ឋបញ្ឈប់សកម្មភាពទាំងឡាយ ដោយត្រូវធ្វើការរុះរើរបង និងចាកចេញពីទីតាំងដីខាងលើក្នុងរយៈពេល ៧ ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ក្នុងករណីផុតថ្ងៃកំណត់ បងប្អូនមិនទាន់រើរបងនិងចាកចេញពីទីតាំងដីខាងលើ រដ្ឋបាលខេត្ត និងចាត់វិធានការរដ្ឋបាល ចុះធ្វើការរុះរើដោយមិនទទួលខុសត្រូវ លើការខូចខាត ឬបាត់បង់ទ្រព្យសម្បត្តិរបស់បងប្អូនឡើយ៕ V / N