ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ មេឈ្មួញថ្នាំញៀនថៃម្នាក់ដែលបានវះកាត់កែមុខជាច្រើនលើកដើម្បីក្លែងខ្លួនជា«បុរសកូរ៉េរូបសង្ហារ»ម្នាក់ត្រូវបានប៉ូលីសចាប់ខ្លួននៅក្រុងបាងកកកាលពីថ្ងៃសុក្រ។
សារ៉ាហាត សាវ៉ាងជែង(Sarahat Sawangjaeng)អាយុ២៥ឆ្នាំ បានវះកាត់ដូរមុខមាត់ជាច្រើនដងនិងបានដូរឈ្មោះទៅ ជីមីន ឆង់(Jimin Cheong )ក្នុងពេលព្យាយាមគេចពីក្រុមស៊ើបអង្កេត។
សារព័ត៌មានថៃThaigerបាននិយាយថាលោក សារ៉ាហាត ត្រូវបានចាប់ខ្លួននៅខុនដូមួយនៅសង្កាត់បាងណា ក្នុងក្រុងបាងកក ចំពោះការនាំចូលថ្នាំMDMAពីអឺរ៉ុបចូលថៃ។
សារ៉ាហាត សាវ៉ាងជែង(ឆ្វេង) បានវះកាត់ដូរមុខមាត់ជាច្រើនដងនិងបានដូរឈ្មោះទៅ ជីមីន ឆង់(ស្តាំ)ក្នុងពេលព្យាយាមគេចពីក្រុមស៊ើបអង្កេត
ក្រោយរត់គេចខ្លួនតាំងពីខែធ្នូឆ្នាំ២០២២ ជននេះនៅទីបំផុតត្រូវបានចាប់ខ្លួនបន្ទាប់ពីប៉ូលីសបង្កប់បានក្លែងខ្លួនធ្វើជាអ្នកចង់ចូលបំរើក្នុងក្រុមលួចដឹកជញ្ជូនថ្នាំញៀនអោយគាត់។
សារព័ត៌មានថៃបាននិយាយថា ប៉ូលីសមានការភ្ញាក់ផ្អើលនៅពេលចាប់ខ្លួនលោកសារ៉ាហាត តែមុខមាត់ជននេះខុសពីមុខដើម ដោយបានប្រែក្លាយទៅជា«បុរសកូរ៉េសង្ហារម្នាក់»។ប៉ូលីសដឹងមុខលោកសារ៉ាហាត ដោយសារតែគាត់ត្រូវបានចាប់ខ្លួនបីដងមកហើយ។
លោកសារ៉ាហាត បានទទួលស្គាល់ថាបានទិញថ្នាំញៀនជាប្រាក់ប៊ីតខ័ញ(លុយអេឡិចត្រូនិច)នៅបណ្តាញងងឹតDark Web និងបន្ទាប់មកលក់វាទៅអោយអតិថិជននៅក្នុងនិងជុំវិញក្រុងបាងកក។
មេប៉ូលីសថៃបានហៅជននេះថាជា«មេរោគថ្នាំញៀនMDMAនៅបាងកក។ជននេះជាស្តេចត្រាញ់ថ្នាំញៀនម្នាក់ដែលនាំចូលថ្នាំMDMAពីអឺរ៉ុបក្នុងអាយុត្រឹមតែ២៥ឆ្នាំ។យើងជឿថាមានជនសង្ស័យជាច្រើនទៀតនៅក្នុងប្រទេសដទៃ ហើយយើងនឹងបន្តការស៊ើបអង្កេតរបស់យើង»៕