ដោយៈ វ៉ៃកូ / ព្រះសីហនុៈ លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ ព្រមទាំងថ្នាក់ ដឹកនាំ គណៈកម្មាធិការប្រតិបត្តិ នៅរសៀលថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ២០២៣
បានអញ្ជើញចូលរួមជាអធិបតី នៅក្នុងពិធីប្រកាសតែងតាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ចំនួន ១៧៥ នាក់ ប្រចាំនៅសាខាខេត្តព្រះសីហនុ  និងអនុសាខា ចំនួន៥ តាមក្រុង ស្រុកនានា ដែលពិធីនេះ បានប្រព្រឹត្តទៅ នៅសាលាស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោក អ៊ុង សារ៉ាវ៉ាន់ អនុប្រធានអចិន្ត្រៃយ៍សមាគមរាជសីហ៍ និងលោក ម៉ាត់ ណើសៀត ប្រធានផ្នែកឥស្លាម បានអានសេចក្តីសម្រេចតែងតាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សមាគមរាជសីហ៍ សាខាខេត្តព្រះសីហនុ ដែលមានលោក លាង ស៊ីនាថ ជាប្រធាន សាខាខេត្តព្រះសីហនុ អមដោយអនុប្រធាន ចំនួន៨នាក់ និងសមាជិក សមាជិកា សរុប ១៧៥ នាក់។

លោក លាង ស៊ីនាថ ប្រធានសមាគមរាជសីហ៍ សាខាខេត្តព្រះសីហនុ បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំទាំងអស់ របស់សមាគម ដែលបានជឿជាក់ និងមានទំនុកចិត្ត មកលើរូបលោក ហើយលោកនឹងខិតខំអនុវត្តតួនាទី ភារកិច្ច និង គោរពតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងរបស់សមាគម ដោយបង្កើនទំនាក់ទំនង សហការល្អ ជាមួយអាជ្ញាធរ ដើម្បីសម្រេចបាន តាមគោលបំណង ទិសដៅរបស់សមាគម។
ជាងនេះទៅទៀត យើងនឹងពង្រឹងសាមគ្គីភាពផ្ទៃក្នុង កៀរគរសប្បុរសជន ជួយដល់ សមាគម ខិតខំដឹកនាំសម្របសម្រួល បន្តធ្វើសកម្មភាពមនុស្សធម៌ ជាពិសេស គឺខំរៀនសូត្រ ពង្រឹងសមត្ថភាព ដើម្បីបង្កើនប្រសិទ្ធភាពការងារសមាគម។

លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ បានពាំនាំការផ្តាំផ្ញើសួរ សុខទុក្ខ ការអបអរសាទរ និងការលើកទឹកពីសំណាក់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជូនចំពោះ ថ្នាក់ដឹកនាំ សមាជិក សមាជិកា យុវជនរាជសីហ៍ទាំងអស់ផងដែរ។

លោកបានបន្តថា: លោកបណ្ឌិត ហ៊ុន ម៉ាណែត គាំទ្រសកម្មភាពសមាគមរាជសីហ៍ ហើយលោកតែងតែឧបត្ថម្ភគាំទ្រ ជាពិសេស ការផ្តល់អាហារូបករណ៍ជាច្រើន ជូនយុវជនរាជសីហ៍ ។

លោកប្រធានសមាគម បានសម្តែងការអបអរសាទរ ចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សមាគមរាជសីហ៍សាខាខេត្តព្រះសីហនុទាំងអស់ ដែលទេីបទទួលបានការ តែងតាំងថ្មី និងថ្លែងការកោតសរសើរ លទ្ធផលការងារ សម្រេចបានកន្លងមក ដោយបាន ចុះធ្វើសកម្មភាពមនុស្សធម៌ ៧១ លើក ចំណាយអស់ថវិកាជាង ២០០.០០០ ដុល្លារអាមេរិក ជាពិសេស ផ្នែកឥស្លាមខេត្តព្រះសីហនុ។

លោកប្រធាន បានថ្លែងពីប្រវត្តិនៃការកកើតសមាគមតាំងពីមានក្បាលម៉ាស៊ីនតែ ៥​ នាក់ រហូតដល់បច្ចុប្បន្ន មានសមាជិកជាង ៤.០០០ នាក់ និងមានសាខារាជធានី/ខេត្តចំនួន ២៣ និងសាខាក្រៅប្រទេសចំនួន ៤ គឺប្រទេសថៃ វៀតណាម ជប៉ុន និងកូរ៉េ ។ ក្រៅពីធ្វើសកម្មភាពមនុស្សធម៌ កីឡា ជួយសង្គម ក្នុងប្រទេសយើង សមាគមរាជសីហ៍ ក៏បានធ្វើសកម្មភាពក្រៅប្រទេស ដូចជា កូរ៉េ បារាំង ថែមទាំងបានចុះអនុស្សរណៈ (MOU) សហការគ្នាធ្វើសកម្មភាពមនុស្សធម៌ ជាមួយក្រុមហ៊ុនបរទេសធំជាច្រើន ផងដែរ៕/V-PC