ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ជនភៀសខ្លួន​អា​ហ្វ​ហ្គានី​ស្ថាន​រាប់រយ​នាក់ ដែល​ប្រឈមមុខ​នឹង​ការពន្យារពេល​យ៉ាងយូរ​ក្នុង​ការអនុម័ត​ទិដ្ឋាការ​ពី​អាម៉េរិក​បាន​តវ៉ា​នៅក្នុង​រដ្ឋធានី​របស់​​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃអាទិត្យ​ទី​២៦​កុម្ភៈ​។​

​កម្មវិធី​ជនភៀសខ្លួន​អាទិភាព​ទី​១​និង​អាទិភាព​ទី​២​របស់​រដ្ឋាភិបាល​អាម៉េរិក ដែល​គេ​ស្គាល់​ថា P1 និង P2 គឺ​សំដៅ​ចេញ​ទិដ្ឋាការ​ឱ្យបាន​រហ័ស​សម្រាប់​ជនជាតិ​អា​ហ្វ​ហ្គានី​ស្ថានដែល​មាន​ហានិភ័យ រួម​ទាំង​អ្នកសារព័ត៌មាន​និង​សកម្មជន​សិទ្ធិមនុស្ស បន្ទាប់ពី​ក្រុម​តា​លី​បង់​ចូល​កាន់កាប់​ប្រទេស​កំណើត​អា​ហ្វ​ហ្គានី​ស្ថាន​របស់​ពួកគេ​។​

​អ្នក​ដែល​មាន​សិទ្ធិ​ត្រូវតែ​ធ្វើការ​ឱ្យ​រដ្ឋាភិបាល​អាម៉េរិក អង្គការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាម៉េរិក ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​។​

​អ្នកដាក់ពាក្យសុំ​បាន​រង់ចាំ​នៅ​ក្នុងប្រទេស​ប៉ា​គី​ស្ថាន​អស់​រយៈពេល​ជាង ១៨ ខែ​សម្រាប់​មន្ត្រី​អាម៉េរិក​ធ្វើ​ដំណើរការ​ពាក្យសុំ​ទិដ្ឋាការ​របស់​ពួកគេ​។​

​ការពន្យារពេល​ក្នុង​ការអនុម័ត​ទិដ្ឋាការ​និង​ការតាំង​ទី​លំនៅ​ថ្មី​បាន​ធ្វើឱ្យ​អ្នកដាក់ពាក្យសុំ​អា​ហ្វ​ហ្គានី​ស្ថានស្ថិត​ក្នុងស្ថានភាព​ងាយ​រងគ្រោះ​ដោយសារ​ពួកគេ​ប្រឈម​នឹង​ការលំបាក​ផ្នែក​សេដ្ឋកិច្ច​និង​កង្វះ​​លទ្ធភាព​ទទួលបាន​សេវា​សុខភាព ការអប់រំ និង​សេវាកម្ម​ផ្សេង​ទៀត​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​។​

​ម៉ូ​ហា​ម៉ាត់ បាកៀ អា​ម៉ា​ឌី (Mohammad Baqir Ahmadi) ដែល​និយាយថា លោក​បាន​ជួយ​រៀបចំ​ការតវ៉ា​នៅ​ខាងក្រៅ​ក្លិប​សារព័ត៌មាន​ជាតិ​របស់​ប៉ា​គី​ស្ថាន​ក្នុង​ទីក្រុង​អ៊ី​ស្លា​ម៉ា​បាដ បាន​និយាយថា ប្រជាជន​អា​ហ្វ​ហ្គានី​ស្ថាន​ជាច្រើន​ដែល​មាន​វត្តមាន​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ក្នុង​ការបន្ត​ទិដ្ឋាការ ដោយ​ត្រូវ​រង់ចាំ​ដំណើរការ​ដាក់​ពាក្យសុំ​យ៉ាងយូរ​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​។​

​ក្រុមអ្នកតវ៉ា​បាន​និយាយថា បេក្ខជន​មិន​ទាន់​បាន​ទទួល​ការសម្ភាសន៍​បឋម​ដែល​ចាំបាច់​ដើម្បី​ចាប់ផ្តើម​ដំណើរការ​ស្នើសុំ​ទិដ្ឋាការ​នៅឡើយ​ទេ​។​

​ហេ​សាមុត​ឌី​ន (Hesamuddin) ជា​ជនជាតិ​អា​ហ្វ​ហ្គានី​ស្ថានដែល​កំពុង​រង់ចាំ​ដំណើរការករណី P2 របស់គាត់ បាន​និយាយថា អាជ្ញាធរ​គួរតែ​ជម្លៀស​អ្នកដាក់ពាក្យសុំ P1 និង P2​អា​ហ្វ​ហ្គានី​ស្ថាន​​ទៅកាន់​ប្រទេស​មួយ ដែល​មជ្ឈមណ្ឌល​គាំទ្រ​ការតាំង​ទី​លំនៅ​ចាំបាច់ (RSC)​បើក និង​អាច​ធ្វើ​ការសម្ភាសន៍​បាន​។​

​លោក​បាន​និយាយថា “​ពួកគេ​ត្រូវតែ​ជម្លៀស​យើង​ទៅ​ប្រទេស​មួយ​ផ្សេងទៀត ដែល RSC មាន​អ្នកធ្វើការ ហើយ​អាច​ដំណើរការ​នៅ​ទីនោះ​បាន​”​។​

​នៅក្រោម​ច្បាប់​របស់​សហរដ្ឋ​អាម៉េរិក អ្នកដាក់ពាក្យ​ត្រូវតែ​ផ្លាស់​ទីលំនៅ​ទៅ​ប្រទេស​ទី​បី​ជាមុនសិន ដើម្បី​ឱ្យ​ករណី​របស់​ពួកគេ​ត្រូវបាន​ដំណើរការ ដែល​ដំបូង​វា​អាច​ចំណាយ​ពេល​រហូតដល់ ១៤ ទៅ ១៨ ខែ ហើយ​ករណី​ទាំងអស់​ត្រូវ​ដំណើរការ​តាមរយៈ​មជ្ឈមណ្ឌល​គាំទ្រ​ការ​តាំង​ទីលំនៅ​ថ្មី​។​

​ក្រុម​តា​លី​បង់​បាន​ចូល​កាន់​អំណាច​នៅ​អា​ហ្វ​ហ្គានី​ស្ថានក្នុង​ខែសីហា ឆ្នាំ ២០២១ ខណៈ​កងកម្លាំង​អាម៉េរិក​និង​ណា​តូ​បាន​ដកខ្លួន​ចេញ​។​

​ប្រជាជន​អា​ហ្វ​ហ្គានី​ស្ថានជា​ច្រើនបាន​ស្វែងរ​កការចាកចេញ​ភ្លាមៗ​បន្ទាប់ពី​ក្រុម​តា​លី​បង់​ចូល​កាន់កាប់​។​

​ក្រុម​តា​លី​បង់​បានដាក់​កំហិត​ជា​បន្តបន្ទាប់​ជា​ពិសេស​លើ​ស្ត្រី​៕

​ជនភៀសខ្លួន​អា​ហ្វ​ហ្គានី​ស្ថានកាន់​បដា​អំឡុង​ការតវ៉ា​នៅ​ក្រុង​អ៊ី​ស្លា​ម៉ា​បាដ ប្រទេស​ប៉ា​គី​ស្ថាន កាលពី​ថ្ងៃអាទិត្យ ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៣