​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អាជ្ញាធរ​បាន​និយាយថា ទូក​ឈើ​ពេញ​ណែន​ដោយ​ជន​ចំណាកស្រុក​បាន​បុក​ចំ​ថ្ម​ប៉ប្រះ​ទឹក​ហើយ​ដាច់​ជា​ចម្រៀក​នៅមុន​ព្រឹក​ថ្ងៃអាទិត្យ​ទី​២៦​កុម្ភៈ​នៅ​ឯនាយ​ឆ្នេរ​​សមុទ្រ​អ៊ីតាលី​។ ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​រកឃើញ​សាកសព​ជិត ៦០ ហើយ​មនុស្ស​រាប់​សិប​នាក់​ទៀត​កំពុង​បាត់​ខ្លួន​នៅក្នុង​ទឹក​ដែល​មាន​រលក​ដ៏​អាក្រក់​នេះ​។​

​ទីភ្នាក់ងារ​ជនភៀសខ្លួន​និង​ជន​ចំណាកស្រុក​របស់​អង្គការសហប្រជាជាតិ​បាន​និយាយថា ក្រុមមន្ត្រី​មាន​ការបារម្ភ​ថា ចំនួន​អ្នក​ស្លាប់​អាច​កើនឡើង​ដល់​ជាង ១០០ នាក់​ដោយហេតុថា​អ្នក​នៅ​រស់រាន​​មានជីវិត​មួយចំនួន​បានបង្ហាញ​ថា ទូក​នេះ​មាន​អ្នកដំណើរ​ដល់​ទៅ ២០០ នាក់​នៅ​ពេល​វា​ចាកចេញ​ពី​តួ​ក​គី​។​

​ឆ្មាំ​សមុទ្រ​អ៊ីតាលី​បាន​និយាយថា យ៉ាងហោច​ណាស់​មនុស្ស ៨០ នាក់​ត្រូវបាន​រកឃើញ​នៅរស់ រួមទាំង​អ្នក​ខ្លះ​ដែល​បាន​ទៅដល់​ច្រាំង​សមុទ្រ​បន្ទាប់ពី​ទូក​លិច​នៅ​ឯនាយ​ឆ្នេរសមុទ្រ​កាឡា​ព្រី​យ៉ា (Calabria) តាម​បណ្តោយ​សមុទ្រ​អាយ​អូនៀ​ន (Ionian)​។ អូប័រ​មួយ​របស់​ទីភ្នាក់ងារ​ខាងលើ​បាន​ជួយ​សង្គ្រោះ​បុរស​ពីរ​នាក់​ដែល​ទទួលរង​អា​ការៈថយចុះ​កម្តៅ​ហើយ​បាន​ស្រង់​សាកសព​​ក្មេងប្រុស​ម្នាក់​។​

​ខណៈ​ថ្ងៃ​លិច​ជិត​មក​ដល់ អ្នក​ពន្លត់​អគ្គិភ័យ​បាន​និយាយថា សាកសព​ចំនួន ៥៩ នាក់​ត្រូវបាន​រកឃើញ​។​

​ទូរទស្សន៍​រដ្ឋ​បាន​និយាយថា បុរស​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​ទៅ​ឃុំខ្លួន​ដើម្បី​សាកសួរ បន្ទាប់​ពី​អ្នក​នៅ​រស់រាន​មានជីវិត​ចង្អុល​ថា​គាត់​ជា​អ្នកជួញដូរ​មនុស្ស​។​

​ទូក​បាន​បុក​ជាមួយ​ថ្ម​ប៉ប្រះ​ទឹក​នៅ​ក្នុង​សមុទ្រ​ដែល​មាន​រលក​ធំៗ​។ កំណាត់​ធំៗ​ចំនួន​បី​របស់​ទូក​បាន​ទើរ​លើ​ឆ្នេរ​ក្បែរ​ទីក្រុង​ស្តេក​កាតូ​ឌី​ឃូ​ត្រូ (Steccato di Cutro) ជា​កន្លែង​ដែល​កម្ទេច​ឈើ​ពណ៌​ខៀវ​ភ្លឺ​បាន​រាយប៉ាយ​លើ​ខ្សាច់​ដូចជា​ឈើគូស​៕

​មនុស្ស​៥៩​នាក់​ស្លាប់​នៅក្បែរ​ឆ្នេរសមុទ្រ​កាឡា​ព្រី​យ៉ា ខណៈ​ទូក​របស់​ពួក​គេ​បុក​ថ្ម​ប៉ប្រះ​ទឹក​កាលពី​ព្រឹក​ទៀបភ្លឺ​ថ្ងៃ​អាទិត្យ