​ប្រែ​សម្រួលៈ​បំណង​,​កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ សហរដ្ឋ​អាម៉េរិក​«​មាន​ជំនឿ​»​ថា​ចិន​កំពុង​ពិចារណា​ផ្តល់​សម្ភារ​ផ្តាច់ផ្តិល​ជីវិត​មនុស្ស​ដើម្បី​គាំទ្រ​កងកម្លាំង​រុស្ស៊ី​អោយ​ធ្វើ​សង្គ្រាម​នៅ​អ៊ុ​យក្រែន នេះ​បើ​តាម​​ពួក​មន្ត្រី​អាម៉េរិក​បាន​អះអាង​កាលពី​ថ្ងៃអាទិត្យ ទោះ​ជា​មន្ត្រី​ចិន​បាន​ចេញ​មក​បដិសេធ​ម្តង​ជា​ពីរដ​ង​ហើយ​ក្តី​។​

​នៅ​ពេល​ពួកគេ​មិន​មើលឃើញ​សញ្ញា​ណាមួយ​ដែល​ថា​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ធ្វើ​ដូច្នេះ ពួកគេ​បាន​បញ្ជាក់​សារ​របស់​អាម៉េរិក​កាលពី​ចុង​សប្តាហ៍​ដែល​ព្រមាន​ទុចិន​ទុកជាមុ​ន​ថា «​មិន​ត្រូវ​ដើរ​ហួស​ខ្សែ​​បន្ទាត់​ក្រហម​»​ទេ​។​

​ក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន​CBS​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ នាយក CIA​លោក វី​លលៀម បឺន (William Burns)​បាន​និយាយថា «​យើង​ជឿ​ថា​ក្រុម​មេដឹកនាំ​ចិន​កំពុង​ពិចារណា​​ផ្តល់​គ្រឿង​បរិក្ខារ​ដែល​អាច​សម្លាប់​មនុស្ស​»​ដល់​រុស្ស៊ី តែ​«​យើង​ក៏​មិន​ចង់​ឃើញ​ការសំរេចចិត្ត​ចុងក្រោយ​ណាមួយ​ដែល​នៅ​មិនទាន់​កើត​ឡើង​នៅ​ឡើយ​។​យើង​មិន​ឃើញ​មាន​ភស្តុតាង​អំពី​ការដឹកជញ្ជូន​គ្រឿង​​បរិក្ខារ​ដែល​អាច​សម្លាប់​មនុស្ស​»​នៅឡើយ​ទេ​។​

​សូមបញ្ជាក់​ថា ក្រុមមន្ត្រី​អាម៉េរិក​បាននាំគ្នា​វាយប្រហារ​ការទូត​ដ៏​ធំ​មួយ​នៅ​មួយ​សប្តាហ៍​មក​នេះ​ដើម្បី​ព្រមាន​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ថា​កុំ​អោយ​ជួយ​គាំទ្រ​ផ្នែក​យោធា​ដល់​រុស្ស៊ី ដែល​ពួក​អ្នកជំនាញការ​​បារម្ភ​ថា​វា​នឹង​នាំអោយ​ផ្លាស់ប្តូរ​សភាពការណ៍​សង្គ្រាម​នៅ​អ៊ុយ​ក្រែន​ជា​ខ្លាំង​ហើយ​អាច​រាលដាល​ទៅ​ជា​សង្គ្រាមលោក​។​

​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​កន្លងមក​បាន​បដិសេធ​ការចោទប្រកាន់​ដូច្នេះ និង​ថា​«​មានតែ​អាម៉េរិក​ដែល​បន្ត​បញ្ជូន​គ្រឿង​សព្វាវុធ​ទៅកាន់​សមរភូមិ​អ៊ុ​យក្រែន គឺជា​អ្នក​បន្ថែម​ប្រេង​លើ​ភ្លើង​»​នៅក្នុង​ជម្លោះ​​នេះ​។​

នាយក CIA លោក វី​លលៀម បឺន ផ្តល់​កិច្ច​សម្ភាសន៍​ដ៏​កម្រ​ដល់​សារព័ត៌មាន CBS កាលពី​ថ្ងៃ​២៦​កុម្ភៈ ដោយ​បន្ត​វាយប្រហារ​ចិន​

នាយក CIA លោក វី​លលៀម បឺន ក៏​បាន​និយាយថា ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​អាម៉េរិ​កនេះ​បានបង្ហាញ​ថា ប្រធានាធិបតី​ចិន ស៊ី ជីន​ភីង បាន​ណែនាំ​យោធា​របស់​ប្រទេស​គាត់​ឱ្យ​”​ត្រៀមខ្លួន​​ជាស្រេច​នៅ​ឆ្នាំ​២០២៧”​ដើម្បី​ឈ្លានពាន​កោះ​តៃវ៉ាន់​បើទោះបីជា​បច្ចុប្បន្ន​គាត់​អាច​មាន​ការសង្ស័យ​អំពី​សមត្ថភាព​របស់​គាត់​ក្នុងការ​ធ្វើ​ដូច្នេះ​ដោយសារ​បទពិសោធន៍រ​បស់​រុស្ស៊ី​ក្នុង​សង្គ្រាម​ជាមួយ​អ៊ុយ​ក្រែន​ក៏ដោយ​។​

​នៅក្នុង​បទ​សម្ភាសន៍​តាម​ទូរទស្សន៍​ដែល​បាន​ចាក់​ផ្សាយ​កាលពី​ថ្ងៃអាទិត្យ លោកបឺ​ន​បាន​សង្កត់ធ្ងន់​ថា​សហ​រដ្ឋ​អាម៉េរិក​ត្រូវតែ​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​បំណងប្រាថ្នា​របស់លោក​ស៊ី​ដើម្បី​គ្រប់​គ្រង​តៃវ៉ាន់​ឱ្យបាន​នៅ​ទីបំផុត ទោះបីជា​ជម្លោះ​យោធា​មិនមែន​មិន​អាច​បញ្ចៀស​រួច​ក៏​ដោយ​។​

​លោកបឺ​ន​បាន​ប្រាប់​កម្មវិធី Face the Nation របស់​ទូរទស្សន៍ CBS ថា “​យើង​ពិតជា​បានដឹង ព្រោះ​វា​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ថា​លោក​ប្រធានាធិបតី​ស៊ី​បាន​ណែនាំ​ថ្នាក់ដឹកនាំ​យោធា​ចិន​​ឱ្យ​ត្រៀមខ្លួន​នៅ​ឆ្នាំ ២០២៧ ដើម្បី​ឈ្លានពាន​តៃវ៉ាន់ ប៉ុន្តែ​នោះ​មិន​មាន​ន័យ​ថា​គាត់​បាន​សម្រេចចិត្ត​ឈ្លានពាន​នៅ​ឆ្នាំ ២០២៧ ឬ​ឆ្នាំ​ណាមួយ​ទៀត​នោះ​ទេ​”​។​

​លោក​បាន​និយាយថា​”​ខ្ញុំ​គិតថា​ការវិនិច្ឆ័យ​របស់​យើង​យ៉ាងហោច​ណាស់​គឺ​ថា​ប្រធានាធិបតី​ស៊ី​និង​ថ្នាក់ដឹកនាំ​យោធា​របស់​គាត់​មាន​មន្ទិល​នៅថ្ងៃនេះ​អំពី​ថា​តើ​ពួកគេ​អាច​វាយ​យក​កោះ​តៃវ៉ាន់​មក​កាន់កាប់​​បាន​ឬ​អត់​”៕