ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យ៖ សមិទ្ធផលខាងពុទ្ធសាសនា បាននឹងកំពុងក្លាយជា រមណីយដ្ឋាន និងជាកន្លែងបណ្ថុះណ្ដាលសីលធម៌ សុជីវធម៌ ដល់អ្នកជំនាន់ក្រោយ។

លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ បានថ្លែងដូច្នេះ ខណៈពេលលោក អញ្ជើញចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គី និងសំណេះសំណាល ជាមួយពុទ្ធបរិស័ទ ខ្មែរ-ថៃ-ឡាវ ប្រមាណជា ៥០០ នាក់ នៅវត្តពោធិ៍ញាណ (កូបតូច) ភូមិកូបតូច ឃុំគត្តសត ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីប្រមូលបច្ច័យកសាងព្រះអង្គធំ លើ អាគាកំពស់ ១៨ ម៉ែត្រ អមដោយសួនច្បារដ៏ប្រណិត នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក កែវ តារារស្មី អភិបាលស្រុកអូរជ្រៅ លោកអភិបាលរង លោកអធិការស្រុក លោកមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុក មន្ត្រី អាជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទ ខ្មែរ-ថៃ-ឡាវ ចូលរួម។

គណៈកម្មការ អាចារ្យវត្តពោធិ៍ញាណ (កូបតូច) បានឱ្យដឹងថា៖ វត្តបានកៀងគរពុទ្ធ បរិស័ទជិតឆ្ងាយ ក្នុងខេត្ត អាណិកជន និងជនជាតិអាមេរិក ដើមកំណើតខ្មែរ ថៃ ឡាវ ដែលគោរពព្រះពុទ្ធសាសនា រួមគ្នាដើម្បីកសាងព្រះពុទ្ធរូប ១អង្គ ដែលមានកំពស់ ៨ ម៉ែត្រ ទ្រង់ព្រះភ្នែន លើអាគារ ទំហំ ២៤ ម៉ែត្រ គុណនឹង ២៤ ម៉ែត្រ កំពស់ ១៨ ម៉ែត្រ មាន ៤៤ បន្ទប់ សសរ ៧២ ដើម ដោយគ្រោងសាងសង់ រយៈពេលប្រមាណជាង ៥ ឆ្នាំ គឺចាប់ផ្ដើមពីឆ្នាំ២០២២ តទៅ ដែលប៉ាន់ស្មានតម្លៃ ប្រមាណជា ៥០ ម៉ឺនដុល្លារអាម៉េរិក។

លោក លី សុវណ្ណារិទ្ធ បានមានប្រសាសន៍ថា៖ ផ្នែកពុទ្ធចក្រ និងអាណាចក្រ ត្រូវបាន អភិវឌ្ឍន៍ទន្ទឹមគ្នា ដូចមានការកសាងអាគារ តម្កល់ព្រះពុទ្ធរូប ព្រមទាំងសួនច្បារលំអ នៅក្នុងវត្តនេះ។

លោក លី សុវណ្ណារិទ្ធ ក៏សំណូមពរ ចំពោះពុទ្ធបរិស័ទជិតឆ្ងាយ ទាំងក្នុងនិងក្រៅប្រទេស ចូលរួមដោយសទ្ធាជ្រះថ្លា ដើម្បីឱ្យសំណង់មួយនេះ កើតឡើងឆាប់ សម្រាប់ជាទីសក្ការៈ បូជា ជាថ្នាលអប់រំសីលធម៌ សុជីវធម៌ផង និងជារមណីយដ្ឋាន ផងដែរ។

សូមបញ្ជាក់ថា ការដង្ហែបុណ្យផ្កាប្រាក់ នាថ្ងៃនេះ ទទួលបានបច្ច័យ ធនធានពីព្រះសង្ឃ ពុទ្ធបរិស័ទ សប្បុរសជន ទាំងក្នុងនិងក្រៅប្រទេសនោះ រដ្ឋបាលខេត្តបន្ទាយមានជ័យ ចូលទាន ៥០០ ដុល្លារ , លោកអភិបាលស្រុក ២ សែនរៀល អភិបារង ១០ ម៉ឺន សប្បុរសជន ជាពុទ្ធបរិស័ទ ខ្មែរ ថៃ ឡាវ ចំនួន ៧៤.៦៩០ បាត (ប្រាក់ថៃ) ,
ប្រាក់អាមេរិក ចំនួន ៣០០ ដុល្លារ ៕/V-PC