ដោយៈ តារារិទ្ធ / ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សូមកុំភាន់ច្រឡំ នូវការវាយតម្លៃចំពោះ ហ៊ុន សែន ឱ្យសោះ ដែលវាអាចនាំទៅដល់ការចាញ់ជាអមតៈ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅក្នុងពិធីចែកសញ្ញាបត្រ ដល់គរុនិស្សិត និងនិស្សិតវិទ្យាស្ថានជាតិ បណ្តុះបណ្តាលបច្ចេកទេស ជាង ៥ ពាន់ នៅសាលសន្និសីទ ជ្រោយចង្វារ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាៈ “សូមបញ្ជាក់ ហ៊ុន សែន មិនដែលផ្អែកលើប្រ ជាប្រិយភាព អ្នកណា ដើម្បីយកមកធ្វើប្រជាប្រិយភាពរបស់ខ្លួនទេ សុំទោស!។ មនុស្ស ហ៊ុន សែន បានងើបឈរឡើងខ្លួនឯង តាំងពីនៅក្មេងវត្ត សូមបញ្ជាក់ជូន “។
សម្តេចបន្តថាៈ “ជាបណ្ដាំផ្ដាំក្នុងគណបក្ស ប្រជាជន គឺបានទទួលផលអ្វី ដែល ហ៊ុន សែន បានរួមចំណែក ខ្ញុំមិនមែនផ្ដាច់មុខធ្វើតែឯងទេ គឺបានរួមចំណែក ហើយកិត្យានុភាពរបស់ ហ៊ុន សែន ក៏មិនសាមញ្ញ ដូចអ្នកឯងគិតដែរ ។ បើ ហ៊ុន សែន មិនមានកិត្យានុភាព គ្រប់គ្រាន់ តើគណបក្សប្រជាជនកម្ពុជា អាចឈរជើងបាន នៅក្នុងហ្វូងនយោបាយកម្ពុជា ទេ ។ ថា ហ៊ុន សែន ផ្ដាច់ការ អ្នកឯងថាម៉េចក៏បាន ប៉ុន្តែខ្ញុំគ្រាន់តែចង់ឱ្យបង្ហាញថា តើអ្នកណាផ្ដាច់ការ ជាងប៉ុលពតទៀត “។
សម្តេចបានលើកជាសំណួរថា ហេតុអី្វប៉ុលពត រស់បានតែ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ, ក្នុងពេល ដែល ហ៊ុន សែន អាចកាន់អំណាចជា នាយករដ្ឋមន្ត្រី បានជាង ៣៨ ឆ្នាំ។ ហើយបើរាប់ ទាំងចូលរួម ក្នុងរដ្ឋាភិបាល ហើយក៏ជាមនុស្សតែម្នាក់គត់ ដែលនៅក្នុងរដ្ឋាភិបាល មិនដាច់ រយៈរយៈពេលជាង ៤៤ ឆ្នាំ ដែលសម្ដេចពិជ័យសេនា តែងនិយាយថា ជាតួអង្គម្នាក់ ដែលនៅក្នុងគ្រប់ស្ថានការណ៍ គ្រប់ព្រឹត្តិការណ៍ និងគ្រប់ហេតុការណ៍។ ហេតុការណ៍ណា ដែល ហ៊ុន សែន មិនដឹងកំណែទម្រង់ដីធ្លី កែទម្រង់សេដ្ឋកិច្ច ផែនការ ទៅជាសេដ្ឋកិច្ចទីផ្សារ ។ ហេតុការណ៍ទាក់ទងនឹងកងទ័ព ហេតុការណ៍ផ្សេងៗ ពីឆ្នាំ ១៩៧៧ រហូតមកដល់ពេលនេះ រយៈពេល ៤៦ ឆ្នាំ។ ឆ្នាំនេះ នឹងធ្វើខួបអនុស្សាវរីយ៍ លើកទី៤៥ នៃការបង្កើតកងកម្លាំងប្រដាប់អាវុធ សាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលជា ប្រភពដ៏សំខាន់ នៃការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលកើតឡើងភ្លាម មានអង្គការនយោបាយ និងអង្គការចាត់តាំង ខាងយោធារួចជាស្រេច។
សម្តេច បានបន្តថា សូមកុំភាន់ច្រឡំលើការវាយតម្លៃលើ ហ៊ុន សែន ឲ្យសោះ ក្រែងលោ វា នាំទៅដល់កាតចាញ់ជាអមតៈ, ប៉ុន្តែពិបាកណាស់ ក្នុងការវាយតម្លៃថា ហ៊ុន សែន ទៅផ្លូវណា មនុស្សមិនច្រើនទេ ដែលអាចវាយតម្លៃបាន៕/V-PC