​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​ទី​២៧​កុម្ភៈ​ថា មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន​បាន​បើក​សន្និសីទ​នយោបាយ​ដ៏​ធំ​មួយ​​ដែល​រៀបចំឡើង​ដើម្បី​កែលម្អ​វិស័យ​កសិកម្ម ចំ​ពេល​មាន​ការវាយតម្លៃ​ពី​ខាងក្រៅ​ថា អសន្តិសុខ​ស្បៀង​រ៉ាំរ៉ៃ​របស់​ប្រទេស​នេះ​កំពុង​កាន់តែ​អាក្រក់​ទៅៗ​ហើយ​។​

​របាយការណ៍​មិន​បាន​បញ្ជាក់​ថ្មីៗ​នេះ​បាន​និយាយថា ជនជាតិ​កូរ៉េ​ខាងជើង​មិនដឹង​ចំនួន​បាន​ស្លាប់​ដោយ​ការ​អត់​អាហារ​។​ប៉ុន្តែ​អ្នក​សង្កេតការណ៍​មិន​បាន​ឃើញ​ការបង្ហាញ​ពី​ការស្លាប់​ទ្រង់ទ្រាយ​ធំ​​ឬ​ទុរ្ភិក្ស​នៅក្នុង​ប្រទេស​កូរ៉េខាងជើង​នោះទេ ទោះបីជា​កង្វះខាត​ស្បៀងអាហារ​របស់ខ្លួន​ទំនង​ជា​កាន់តែ​ផុង​ជ្រៅ​ដោយសារតែ​ការទប់ស្កាត់​នានា​ទាក់ទង​នឹង​ជំងឺ​រាតត្បាត ការដាក់ទណ្ឌកម្ម​អន្តរជាតិ​​ជា​បន្តបន្ទាប់ និង​ការគ្រប់គ្រង​មិន​ត្រឹមត្រូវ​របស់​ខ្លួន​ក៏ដោយ​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​មជ្ឈិម​កូរ៉េ (KCNA)​បាន​រាយការណ៍​ថា ក្នុងអំឡុងពេល​កិច្ចប្រជុំ​កម្រិត​ខ្ពស់​នៃ​គណបក្ស​ពលករ​កំពុងកាន់​អំណាច ដែល​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃអាទិត្យ មន្ត្រីជាន់ខ្ពស់​គណ​​បក្ស​បាន​ពិនិត្យ​ការងារ​កាលពី​ឆ្នាំមុន​ក្រោម​គោលដៅ​របស់​រដ្ឋ​ដើម្បី​សម្រេច “​បដិវត្តន៍​ជនបទ​ក្នុង​យុគសម័យ​ថ្មី​”​។​

​របាយការណ៍​បាន​និយាយថា កិច្ចប្រជុំ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​នឹង​កំណត់​កិច្ចការ “​បន្ទាន់​និង​សំខាន់​” លើ​បញ្ហា​កសិកម្ម និង​”​កិច្ចការ​បន្ទាន់​ដែល​កើត​ឡើង​នៅ​ដំណាក់កាល​បច្ចុប្បន្ន​​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​”​។​

KNCA មិន​បាន​បញ្ជាក់​ថា​តើ​លោក​គីម​បាន​និយាយ​ឬ​អត់​ក្នុង​អំឡុងពេល​នៃ​កិច្ចប្រជុំ​ឬ​តើ​វា​មាន​រយៈពេល​យូរ​ប៉ុនណា​នោះ​ទេ​។ មន្ត្រីជាន់ខ្ពស់​ដូច​ជា​នាយខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី លោក គីម តុ​ក ហ៊ុន (Kim Tok Hun) និង​លោក ចូ យ៉ុង វ៉ុន (Jo Yong Won) ជា​ជំនួយការ​ជិតស្និទ្ធ​បំផុត​របស់​លោក​គីម ដែល​គ្រប់គ្រង​កិច្ចការ​ស្ថាប័ន​របស់​គណៈកម្មាធិការ​មជ្ឈិម​ក៏​បាន​ចូលរួម​ផងដែរ​។​

​កិច្ចប្រជុំ​នេះ​ជា​សម័យប្រជុំ​ពេញអង្គ​លើកដំបូង​របស់​គណបក្ស​ដែល​បាន​ប្រជុំ​ដើម្បី​ពិភាក្សា​លើ​វិស័យ​កសិកម្ម​តែ​មួយ​មុខ​ប៉ុណ្ណោះ​។ ​របាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​មិនបាន​រៀបរាប់​លម្អិត​អំពី​របៀបវារៈ​របស់​ខ្លួន​នោះទេ ប៉ុន្តែ​ការិយាល័យ​នយោបាយ​ដ៏​មាន​ឥទ្ធិពល​របស់​គណបក្ស​បាន​និយាយ​កាលពីដើម​ខែ​នេះ​ថា​”​ចំណុច​របត់​​មួយ​គឺ​ចាំបាច់​ដើម្បី​ជំរុញ​ការផ្លាស់ប្តូរ​ទាំង​ស្រុង​នៅក្នុង​ការអភិវឌ្ឍ​កសិកម្ម​”៕

​លោក គីម ជុង​អ៊ុន ថ្លែង​ក្នុង​អំឡុង​កិច្ចប្រជុំ​នៃ​គណបក្ស​ពលករ​នៅ​ទីស្នាក់ការ​កណ្តាល​របស់​ខ្លួន​ក្នុង​ទីក្រុង​ព្យុងយ៉ាង​កាលពី​ថ្ងៃអាទិត្យ ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៣​