ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យៈ ក្នុងឱកាសទិវាជាតិ សុខភាពមាតា ទារក កុមារ ក្រោមប្រធានបទ“រួមគ្នាពង្រឹងសេវាសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ និងអាហារូបត្ថម្ភ ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពនៅឆ្នាំ២០៣០” គណៈ:កម្មាធិការកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យបានចាត់ប្រតិភូទៅសួរសុខទុក្ខនិងផ្តល់អំណោយដល់ស្ត្រីនិងទារក កាលពីថ្ងៃទី២៦ខែកុម្ភ:ឆ្នាំ២០២៣។

លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិង សមាជិកគណៈកម្មាធិការសាខា បានអញ្ជើញដឹកនាំ សមាជិកសមាជិការគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខា យុវជនកាកបាទក្រហមកម្ពុជា អ្នកស្ម័គ្រចិត្តកាកបាទក្រហម រួមទាំងមានការចូលរួមពីបុគ្គលិកពេទ្យនៃមន្ទីរ ពេទ្យបង្អែកនិងមណ្ឌលសុខភាពស្រះជីកស្រុកភ្នំស្រុក អាជ្ញាធរមូលដ្ឋាន ចុះធ្វើកិច្ចការនេះនៅឃុំស្រះជីកស្រុភ្នំស្រុក នៅក្នុងបរិវេណនៃវិទ្យាល័យភ្នំស្រុក។

ក្នុងឱកាសនោះ លោកអភិបាលខេត្តនៅក្នុងនាមជាប្រធានគណៈ:កម្មាធិការកាកបាទក្រហមកម្ពុជាខេត្តបាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ អ្នកទទួលផលទាំងអស់។

លោកបានបន្តទៀតថា “ក្រោមការដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានយកចិត្តទុកដាក់ខ្ពស់ ណែនាំ ចង្អុលបង្ហាញ និងជំរុញសាខាកាកបាទក្រហមកម្ពុជា ២៥ រាជធានី ខេត្ត ខិតខំធ្វើយ៉ាងណា បន្ដយកចិត្តទុកដាក់អប់រំផ្សព្វផ្សាយ ណែនាំ ដល់ស្ដ្រីជាម្ដាយ ស្ដ្រីក្នុងវ័យបន្ដពូជ គិតគូរពីសុខភាពផ្ទាល់ខ្លួនគិតគូរពីកូនក្នុងផ្ទៃ ស្របតាមការណែនាំរបស់គ្រូពេទ្យជំនាញ។

ម៉្យាងវិញទៀតក៏បានលើកឡើងអំពីសារលិខិតសំខាន់ៗមួយចំនួន របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ ដែលបានផ្តល់សារមួយចំនួនដល់បងប្អូនដូចតទៅ៖ សូមស្រ្តីមានផ្ទៃពោះទាំងអស់៖ ទៅពិនិត្យសុខភាព ឱ្យបានទៀងទាក់មុនពេលសម្រាល ទៅទទួលថ្នាំបង្ការជំងឺផ្សេងៗ ជាពិសេសការស្ម័គ្រចិត្តធ្វើតេស្តឈាមរកមេរោគអេដស៍ ស្វាយ រលាកថ្លើមប្រភេទបេ ដើម្បីទប់ស្កាត់ការចម្លងមេរោគពីម្តាយទៅកូន ហើយ
ក្រោយពេលសម្រាលទាំងម្តាយ ទាំងកូន ត្រូវទៅចាក់វ៉ាក់សាំងបង្ការជំងឺ១១មុខ និងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ ចាប់ពីពេលកើតភ្លាមរហូតដល់ទារក មានអាយុ៦ខែ និងផ្តល់អាហាររូបឋមគ្រប់មុខ៕/PC