ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដល់កងកម្លាំងទាំងអស់ត្រូវអនុវត្តវិន័យរបស់កងកម្លាំងឲ្យបានខ្ជាប់ខ្ជួន និងយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រួតពិនិត្យវត្តមានកម្លាំង វេនប្រចាំបញ្ជា ជាពិសេសត្រូវត្រៀមកម្លាំងឲ្យរួចជាស្រេចដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅពេលកម្ពុជានឹងរៀបចំព្រឹត្តិការណ៍ធំៗចំនួន០២ ប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម នាពេលខាងមុខ។
ការណែនាំនេះ ធ្វើឡើងក្នុងពេលអញ្ជើញដឹកនាំកម្លាំងប្រជុំជួរ និងគោរពទង់ជាតិនៃព្រះរាជណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក-លោកស្រីស្នងការរង លោក-លោកស្រីនាយការិយាល័យ និងមន្ត្រីតាមគ្រប់ផែនការងារជំនាញសរុប ចំនួន ៧១២នាក់៕/PC