ដោយៈ វៃកូ/ស្វាយរៀង: មនុស្សប្រុសស្រីមួយគូត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងបន្ទប់នៃផ្ទះសំណាក់មួយកន្លែងក្រោយពីមានការភ្ញាក់ផ្អើលឆោរឡោទាំងព្រឹកព្រោះនៅក្នុងបន្ទប់ដែលជនរងគ្រោះជួលនោះមានអគ្គីភ័យកើតឡើង។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧និង៤០ព្រឹកថ្ងៃទី២៧ខែកុម្ភ:ឆ្នាំ២០២៣នៅចំណុចបន្ទប់ជួលរបស់ផ្ទះសំណាក់៧៧៧៧ស្ថិតនៅភូមិតាណែង ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង។
សមត្ថកិច្ចបានឲ្យដឹងថា:នៅវេលាកើតហេតុខាងលើក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាមកម្លាំងជំនាញបច្ចេកទេសស្រុកបានសហការជាមួយជំនាញខេត្ត និងលោក វេជ្ជបណ្ឌិត នៃមន្ទីពេទ្យបង្អែកសាមគ្គីរំដួល ចុះទៅដល់កន្លែងកើតហេតុដើម្បីពិនិត្យ។
ប្រភពដដែលបានបន្តថា ក្រោយពេលពិនិត្យនៅកន្លែងកើតហេតុឃើញថានៅបន្ទប់លេខ១៩មានមនុស្សស្លាប់ចំនួន២នាក់
១- ឈ្មោះវ៉ន ញ៉ាញ់ ភេទប្រុសអាយុ៣២ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំស្វាយចេក ស្រុករំដួល
២- ឈ្មោះ អាន ចិន្តា ភេទស្រីអាយុ១៧ ឆ្នាំមានទីលំនៅភូមិព្រែកពក ឃុំថ្នាធ្នង់ ស្រុករំដួល។
លោក ជុំ ស៊ីថា អាយុ៤៨ឆ្នាំ ជាម្ចាស់ផ្ទះសំណាក់បានបំភ្លឺថា នៅថ្ងៃទី២៦ខែកុម្ភ:ឆ្នាំ២០២៣ វេលាម៉ោង៦ល្ងាចជនរងគ្រោះទាំងពីរបានមកជួលបន្ទប់លេខ១៩ដើម្បីសំរាករហូតដល់ម៉ោង៧.៣០នាទីព្រឹកថ្ងៃទី២៧ខែឆ្នាំដដែលស្រាប់តែមានភ្លើងឆេះចេញពីបន្ទប់តែម្តង។
ក្រុមគ្រូពេទ្យបានសន្និដ្ឋានថា:សាកសពទាំងពីរស្លាប់ដោយសារធ្វើអត្តឃាតដោយបានចាក់សាំងដុតខ្លួនឯង។
មូលហេតុគឺ មានវិបត្តិស្នេហាបច្ចុប្បន្ន សាកសពត្រូវបានប្រគល់អោយក្រុមគ្រួសារយកធ្វើបូណ្យតាមប្រពៃណី៕.mara