ប្រែសម្រួលៈបំណង(ដេល្លីម៉េល,ស្ពុតនិច)៖លោកពូទីន បាននិយាយថាបណ្តាប្រទេសលោកខាងលិចកំពុងស្វះស្វែងរំលាយរុស្ស៊ីចេញពីផែនទីពិភពលោកហើយរដ្ឋាភិបាលទីក្រុងមូស្គូមិនមានជំរើសអ្វីក្រៅតែពិចារណាអំពីសមត្ថភាពនុយក្លេអ៊ែររបស់សម្ពន្ធភាណយោធាណាតូ។
លោកបានប្រាប់ទូរទស្សន៍រដ្ឋ Rossiya 1ថា«នៅពេលបណ្តាប្រទេសនាំមុខទាំងអស់ក្នុងអង្គការណាតូបានប្រកាសគោលដៅចម្បងរបស់គេ គឺយកឈ្នះយើងដូច្នេះប្រជាជនយើងនឹងរងទុក្ខវេទនាដូចពួកគេបាននិយាយ។តើយើងមិនអើពើអំពីសមត្ថភាពនុយក្លេអ៊ែររបស់គេដូចម្តេចទៅ?»។
«ពួកគេមានគោលដៅមួយ គឺរំលាយសហភាពសូវៀតនិងផ្នែកគ្រឹះរបស់វា គឺសហព័ន្ធរុស្ស៊ី»។
តែលោកខាងលិចនិយាយថា លោកពូទីន បានអះអាងឡើងវិញអំពីការចោទប្រកាន់ថាលោកខាងលិចចង់រំលាយរុស្ស៊ីដើម្បីធ្វើអោយការឈ្លានពានរបស់លោកចូលអ៊ុយក្រែនជារឿងត្រឹមត្រូវ។
ដោយទំនងជាចង់បំផុសអារម្មណ៍ជាតិនិយម លោកពូទីនបាននិយាយថា បើលោកខាងលិចទទួលបានជោគជ័យក្នុងការបំផ្លាញរុស្ស៊ី «ក្រុមជនជាតិរុស្ស៊ីអាចលែងមានជីវិតដូចទំរង់មានសព្វថ្ងៃទៀតហើយ។នឹងមាន មូស្គូវីត(ឈ្មោះបុរាណដែលបរទេសហៅជនជាតិរុស្ស៊ី) អ៊ុយក្រែននិងផ្សេងទៀត»។
លោកក៏បានអះអាងថាលោកខាងលិចមានជាប់ពាក់ព័ន្ធដោយផ្ទាល់នឹងឧក្រិដ្ឋកម្មប្រព្រឹត្តដោយអ៊ុយក្រែន។
ចំណែកអនុប្រធានក្រុមប្រឹក្សាជាតិរុស្ស៊ីលោក ឌីមីទ្រី ម៉េតវ៉េដេវ បាននិយាយថាលោកខាងលិចទាំងមូលនៅតែមានការភាន់ច្រឡំថា «ក្រោយបំផ្លាញសហភាពសូវៀតដោយមិនចាំបាច់បាញ់មួយគ្រាប់ ពួកគេនឹងអាចជីកកប់រុស្ស៊ីបច្ចុប្បន្នដោយគ្មានបញ្ហាអ្វីមួយសំរាប់ខ្លួនគេ តែនេះជាការយល់ច្រឡំដ៏គ្រោះថ្នាក់»។
លោកបានសរសេរបង្ហោះក្នុងសារព័ត៌មានរ៉ាសៀន ណាយហ្ស៊ីត្យៀ(Russian Izvestia)ថាការរំជួលចិត្តខ្លាំងបែកឆ្កួតរបស់លោកខាងលិច និងបំណងដ៏ងុបងុលចង់ហែករុស្ស៊ីជាចំរៀកបាននាំអោយមានប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។លោកបានចង្អុលទៅរកប្រវត្តិសាស្ត្រដែលបង្ហាញថា «ការដួលរលំចក្រភពណាមួយបានកប់ពិភពលោកពាក់កណ្តាលក្រោមគំនររបស់វា ឬលើសពីនេះ»។
«ពួកគេបានកំទេចសហភាពសូវៀត ឥឡូវកំពុងព្យាយាមកំទេចសហព័ន្ធរុស្ស៊ីទៀត ។ពួកគេមានការភាន់ច្រឡំ ថាបានបញ្ជូនសហភាពសូវៀតទៅកាន់ភពផ្សេងដោយមិនចាំបាច់បាញ់មួយគ្រាប់និងពួកគេអាចកប់រុស្ស៊ីបច្ចុប្បន្នចោលដោយមិនមានបញ្ហាធំដុំដល់ពួកគេ ដោយរុញមនុស្សរាប់ម៉ឺននាក់អោយចូលក្នុងជម្លោះ។នេះជាការគិតខុសដ៏គ្រោះថ្នាក់។វាមិនអាចសំរេចដូចអ្វីដែលពួកគេបានធ្វើចំពោះសហភាពសូវៀតទេ»។
អតីតប្រធានាធិបតីរុស្ស៊ីរូបនេះបានព្រមានថា «បើបញ្ហានៃអត្ថិភាព(មានគង់នៅ)របស់រុស្ស៊ីខ្លួនឯងប្រឈមគ្រោះថ្នាក់ធ្ងន់ធ្ងរ វាមិនត្រឹមតែកំណត់ត្រឹមរណសិរ្សអ៊ុយក្រែនទេតែរួមទាំងអត្ថិភាពរបស់មនុស្សលោកទាំងមូល។ដល់ពេលនោះ វាគ្មានអ្វីមិនច្បាស់ទៀតទេ យើងមិនត្រូវការពិភពលោកមួយគ្មានរុស្ស៊ី»ឡើយ។
«បណ្តាប្រទេសលោកខាងលិចរួមទាំងប្រទេសរណបរបស់គេមានប្រជាជនតែ១៥ភាគរយនៅលើផេនដី យើងមានច្រើនជាងហើយយើងខ្លាំងជាង។អំណាចស្ងប់ស្ងាត់នៃមហាប្រទេសរបស់យើងនិងអំណាចនៃដៃគូរបស់ខ្លួនមានសារសំខាន់ក្នុងការថែរក្សាអនាគតនៃពិភពលោកទាំងមូល»៕
អនុប្រធានក្រុមប្រឹក្សាជាតិរុស្ស៊ីលោក ឌីមីទ្រី ម៉េតវ៉េដេវ ព្រមានលោកខាងលិចកុំអោយគិតថាអាចផ្តាញ់រុស្ស៊ី ដូចការកំទេចសហភាពសូវៀត