ដោយៈ ប.ខុន / ភ្នំពេញៈ ទិន្នផលស្វាយចន្ទី នៅខេត្តរតនគិរី ឆ្នាំ២០២៣ នេះ អាចកើនដល់លើសពី ៧ ម៉ឺនតោន នៅលើផ្ទៃដីជាង ៥ ម៉ឺនហិកតា ត្រូវប្រមូលផល នៅឆ្នាំនេះ ។ ផ្ទៃដីដំណាំស្វាយចន្ទី នៅខេត្តរតនគិរី គិតត្រឹមដើមឆ្នាំ២០២៣ នេះ បានកើនឡើងដល់ប្រមាណជាង ៦ ម៉ឺនហិកតា។
លោក សយ សូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តរតនគិរី បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ថា ស្ថានភាពដំណាំស្វាយ ចន្ទី នៅក្នុងឆ្នាំ២០២៣ នេះ ចេញផ្កាស្រុះល្អ ដោយសារធាតុអាកាសប្រែប្រួលលឿន ក្តៅត្រជាក់ភ្លាមៗ ធ្វើឱ្យផ្កាលើកដំបូង មិនសូវកាន់ផ្លែ តែផ្កាលើកទី២ ឃើញមានកាន់ផ្លែ ល្អជាង ផ្កាលើកទី១ សង្ឃឹមថា ទិន្នផលស្វាយចន្ទី ឆ្នាំនេះ អាចប្រមូលបានដល់លើសពី ៧ ម៉ឺនតោន។
ប្រធានមន្ទីរកសិកម្ម ខាងលើ បាននិយាយឱ្យដឹងទៀតថា ដំណាំស្វាយចន្ទី នៅខេត្តរតនគិរី ពេលនេះ ជាក់ស្តែង បានកើនដល់ចំនួន ៦១.០០០ ហិកតា (បើតាមរូបថតពីផ្កាយរណប របស់បរិស្ថាន មានចំនួនរហូតដល់ ៦៦.០០០ ហិកតា) ហើយផ្ទៃដីដំណាំស្វាយចន្ទី ដែលអាចប្រមូលផលបាន នៅឆ្នាំនេះ មានចំនួនដល់ជាង ៥ ម៉ឺនហិកតា។ កាលពីឆ្នាំ២០២២ ផ្ទៃដីដំណាំស្វាយចន្ទី ប្រមូលផលបានមានចំនួន ប្រមាណជា ៤៨.០០០ ហិកតា។
លោក សយ សូណា បាននិយាយឱ្យដឹងទៀតថា ទិន្នផលស្វាយចន្ទីនៅឆ្នាំនេះ អាចកើន ខ្ពស់ដល់លើសពី ៧ ម៉ឺនតោន ដោយសារប្រជាពលរដ្ឋ បានចាប់ផ្តើមចេះថែទាំ ដោយ បាញ់ថ្នាំការពារ និងថ្នាំបំប៉ន មិនខូច តែមិនប្រើជី ធ្វើឱ្យប៉ះពាល់គុណភាពគ្រាប់ស្វាយ ចន្ទីធម្មជាតិនោះទេ។ ដំណាំស្វាយចន្ទី មួយហិកតា ប្រមូលបានពី ១តោន ទៅ ១,៥ តោន។ កាលពីឆ្នាំទៅ គ្រាប់ស្វាយចន្ទី ១គីឡូ ក្រាម មានតម្លៃជាមធ្យម ១ដុល្លារ។ ផ្ទៃដីដំណាំស្វាយចន្ទី នៅបន្តកើនឡើង ជារៀងរាល់ឆ្នាំ ពីមុនគេដាំស្វាយចន្ទី គ្រាន់តែ ដើម្បីចាំដីទេ តែពេលនេះ គេដាំស្វាយចន្ទី គឺដើម្បីទាញយកផល ដោយមានការថែទាំ ត្រឹមត្រូវ៕/V.mara