ដោយៈ គង់​ហេង / កំពង់ចាម​៖ លោក អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាល ខេត្តកំពង់ចាម បាន​ស្នើឱ្យ​មន្ទីរអប់រំ យុវជន និង​កីឡា យកចិត្តទុកដាក់​បន្ថែ​ម​ទៀត លើ​ការប្រមូល​កុមារ​គ្រប់​អាយុ ឱ្យចូល​រៀន បាន​ច្រើន គឺ​អនុវត្តតាម​ទិស​ស្លោក «​សាលារៀន គឺ​ត្រូវ​ស្វែងរក​កុមារ​»​។ នេះ​ជាការ​លើកឡើង នៅក្នុង​សន្ទរកថា​កម្រាស់ ជិត​ប្រាំ ទំព័រ របស់លោក​អភិបាលខេត្ត​កំពង់ចាម​រូបនេះ នៅក្នុង​ពិធី​បើក​សន្និបាត​បូក សរុប​វាយ តម្លៃ​លទ្ធផល​ការងារ​អប់រំ យុវជន និង​កីឡា​ឆ្នាំ​សិក្សា ២០២១-២០២២ នៅក្នុង​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​នេះ នៅ​ព្រឹក​ថ្ងៃទី ២៧ កុម្ភៈ​នេះ​។​

​លោក អ៊ុន ចាន់​ដា បានលើកឡើង នៅក្នុង​សន្ទរកថា​នោះ​ទៀតថាៈ ឆ្នាំ​សិក្សា​ថ្មី​នេះ និង​ឆ្នាំ​សិក្សា​បន្ត​ទៅមុខទៀត បញ្ហា​ដែល​យើង​ត្រូវ​ដោះស្រាយ ចំពោះមុខ គឺ​ការ លើកកម្ពស់​គុណភាព​អប់រំ ឱ្យមាន​តុល្យភាព សមស្រប​ទៅនឹង​ការពង្រីក​បរិមាណ​អប់រំ ដែល​ប្រការនេះ​គឺ ជា​គោលដៅ​ពីរ នៃ​សកម្មភាព​មួយ​ដែល​មិនអាច​ផ្តាច់ចេញ​ពីគ្នា​បាន​។ បើ​ចង់​លើកកម្ពស់​គុណភាព​អប់រំ​គី ត្រូវ​កែលម្អ​ល័ក្ខខ័ណ្ឌ​ចាំបាច់​នានា នៃ​សកម្មភាព បង្រៀន និង​រៀន​។ បើ​ចង់​ពង្រីក​បរិមាណ​អប់រំ គឺ​ត្រូវ​កសាង​សាលារៀន​បន្ថែម បណ្តុះបណ្តាល​គ្រូបង្រៀន​បន្ថែម និង​បន្ថែម​សម្ភារ​សិក្សា ពីព្រោះថា ចំនួន​កុមារ ដល់​វ័យ​សិក្សា កាន់តែ​មានការ​កើនឡើង ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ចំណែកឯ​តម្រូវការ​របស់ ទីផ្សារ ក៏ដូចជា សង្គមជាតិ គឺ​សុទ្ធតែ​ទាម​ទារក​ធនធានមនុស្ស ប្រកបដោយ​សមត្ថភាព និង​គុណភាព ផងដែរ​។​

​លោក​បាន​បន្ថែមថាៈ ក្នុងនាម​អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ក្នុង​នាមខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូមឱ្យ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តកំពង់ចាម ត្រូវ​យកចិត្តទុកដាក់​បន្ថែមទៀត លើ​ការប្រមូល​កុមារ គ្រប់​អាយុ ឱ្យចូល​រៀន​បាន​ច្រើន ប្រកបដោយ​សមធម៌ ទោះបីជា ពួកគេ ស្ថិតនៅ​ទីកន្លែង​ណា រស់នៅក្នុង​ស្ថានភាព​បែ​ប​ណាក៏ដោយ ជាពិសេស​នៅ​តំបន់ ជួប​ការលំបាក និង​តំបន់​ដាច់ស្រយាល ដោយ​អនុវត្តតាម​ទិស​ស្លោក “​សាលារៀន គឺ ត្រូវ​ស្វែងរក​កុមារ​” ដោយ​ខិតខំ​កសាង​សាលារៀន ហើយ​បង្កើត​បរិស្ថាន​រៀនសូត្រ ដល់​សិស្សានុសិស្ស ឱ្យ​ប្រកបដោយ​ផាសុកភាព ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត ពោលគឺ ប្រែក្លាយ​សាលារៀន ជា​សាលា​កុមារ​មេត្រី ដើម្បីឱ្យ​ពួកគេ​ទទួលបាន​ចំណេះដឹង ចំណេះធ្វើ សមត្ថភាព​ជំនាញ​ខ្ពស់ មាន​សីលធម៌​រស់នៅ​ល្អ ចេះ​រួម​រស់នៅ​ជាមួយ​គា្ន ដោយ​សុខដុមរមនា​ក្នុង​គ្រួសារ និង​សង្គមជាតិ​។

ម្យ៉ាងទៀត ខ្ញុំ​សូម​ធ្វើការ​អំពាវនាវ​ដល់ លោកគ្រូ អ្នកគ្រូ និង​អ្នកពាក់ព័ន្ធ​ជាមួយនឹង​ការងារ​អប់រំ​ទាំងអស់ សូម​ធ្វើការ​ផ្សព្វផ្សាយ រាល់​សារាចរ សេចក្ដីណែនាំ​ផ្សេងៗ ពិសេស​គឺ​ការងារ​ទាក់ទង​នឹង​វិធាន​ការបង្ការ​ទប់ស្កាត់ និង​បង្ក្រាប​សកម្មភាព ក្រុម​ទំនើង​” ការអនុវត្ត​បទ​ប​ញ្ញ​តិ នៃ​ច្បាប់​ចរាចរ​ផ្លូវគោក​ថ្មី ការជួញដូរ​កុមារ និង​ការប្រើប្រាស់​គ្រឿងញៀន ការលុបបំបាត់​ពលក​ម្ម​កុមារ​ទម្រង់​ធ្ងន់ធ្ងរ បំផុត ការគោរព​បទបញ្ជាផ្ទៃក្នុង​របស់​សាលារៀន និង ការទប់ស្កាត់​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ឱ្យបាន​ទូលំទូលាយ​នឹង​ជ្រួតជ្រាប ដល់​សិស្សានុសិស្ស​ទាំងអស់ ដើម្បីឱ្យ​ពួកគេ មាន​ទុន​ជា​គ្រឹះ ក្នុង​ការកសាង និង​អភិវឌ្ឍន៍​ខ្លួន​ឱ្យក្លាយ​ទៅជា “​កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ​” នៅ​ថ្ងៃ​អនាគត​៕/V​.mara