​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ពន្ធនាគារ​ខ្នាត​យក្ស​មួយ​នៅ​ប្រទេស​អែល​សាល់​វ៉ាឌ័​របាន​បើកទ្វារ​ទទួល​អ្នកទោស​ចំនួន ២.០០០​នាក់​ឈុត​ដំបូង​របស់​ខ្លួន​ដែល​រួម​មាន​ជនជាប់សង្ស័យ​ជា​​សមាជិក​ក្រុម​ជន​អន្ធពាល​ជាច្រើន​នាក់​។​

​ពន្ធនាគារ​នេះ​ត្រូវបាន​រចនា​ឡើង​សម្រាប់​ផ្ទុក​ក្រុម​អន្ធពាល​ចំនួន ៤០.០០០ នាក់ ហើយ​រដ្ឋមន្ត្រី​សន្តិសុខ​របស់​ប្រទេស​អាម៉េរិក​កណ្តាល​នេះ​បាន​ព្រមាន​អ្នកទោស​ថា ពួកគេ​”​នឹង​មិន​អាច​ដើរ​ចេញពី​ទីនេះ​​បានទេ​”​។​

​ការផ្លាស់​ទៅកាន់​ពន្ធនាគារ​បច្ចេក​វិជ្ជា​ខ្ពស់​នេះ​ធ្វើឡើង​បន្ទាប់ពី​លោក​ប្រធានាធិបតី ណា​យី​ប ប៊ូ​កេ​ឡេ (Nayib Bukele) បាន​ប្រកាស​ធ្វើ​សង្គ្រាម​លើ​ឧក្រិដ្ឋកម្ម​។​

​លោក​ប៊ូ​កេ​ឡេ​បាន​សរសេ​រលើ Twitter ថា “​នៅ​ពេល​ព្រឹក​ព្រលឹម ក្នុង​ប្រតិបត្តិការ​តែ​មួយ​ជើង យើង​បាន​ផ្ទេរ​សមាជិក​ជន​អន្ធពាល ២.០០០​នាក់​ដំបូង​ទៅ​កាន់​មជ្ឈមណ្ឌល​ឃុំឃាំង​សម្រាប់​​បទល្មើស​ភេរវកម្ម (CECOT)” ដែល​គាត់​អះអាងថា​ជា​ពន្ធនាគារ​ដ៏​ធំ​បំផុត​នៅ​ទ្វីប​អាម៉េរិក​។​

​លោក​ប៊ូ​កាឡេ​បាន​បន្ថែមថា “​នេះ​នឹង​ក្លាយ​ជា​ផ្ទះ​ថ្មី​របស់​ពួកគេ ដែល​ពួកគេ​នឹង​រស់​នៅ​លាយឡំ​ជាមួយគ្នា​ជា​ច្រើន​ទសវត្សរ៍ ដោយ​មិន​អាច​បង្ក​គ្រោះថ្នាក់​បន្ថែមទៀត​ដល់​ប្រជាជន​បាន​ឡើយ​”​។​

​ដោយ​ចងច្រ​វ៉ាក់​ជាប់​ដៃ​និង​ជើង ពួកគេ​ត្រូវបាន​ដឹក​តាម​ឡានក្រុង​ដើម្បី​បញ្ជូន​ទៅ​ពន្ធនាគារ​ថ្មី​នៅក្នុង​ក្បួន​មួយ ដែល​រួម​បញ្ចូល​ទាំង​ឧទ្ធម្ភាគចក្រ​ផងដែរ​។​

​ប្រធានាធិបតី​បាន​បង្ហោះ​វីដេអូ​បង្ហាញ​ក្រុម​បុរស​គ្មាន​អាវ ជើង​ទទេ សាក់​ពេញ​ខ្លួន ស្លៀក​កន្សែង​ពណ៌​ស អង្គុយ​ចំកោង​ដាក់​ដៃ​ពី​ក្រោយ​ក្បាល​ត្រងោល​របស់​ពួកគេ​។​

​ពួកគេ​ត្រូវបាន​តម្រៀប​នៅ​កៀកៗ​គ្នា ដោយ​ម្នាក់ៗ​អង្គុយ​ដាក់​ជើង​ពីលើ​បុរស​នៅខាងមុខ​ពួកគេ ខណៈ​ឆ្មាំ​ប្រដាប់អាវុធ​ឈរ​មើល​។​

​នៅឯ​កន្លែង​ថ្មី​នេះ បុរស​ទាំង​នោះ​ត្រូវបាន​ដាក់​ជា​ជួរ​ដូចគ្នា មុនពេល​នាំ​ខ្លួន​ជា​ក្រុម​ធំៗ​ចូលទៅ​ក្នុង​គុក​បស់​ពួកគេ កន្លែង​ដែល​ពួកគេ​ត្រូវ​ដាក់​ឱ្យ​អង្គុយ​នៅលើ​ឥដ្ឋ មុន​ពេល​មើលឃើញ​គ្រែ​ដែក​គ្មាន​ពូក​នៅ​ពីមុខ​។​

​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​និង​សន្តិសុខ លោក ហ្គូ​ស្តា​វ៉ូ វី​ល​ឡា​តូ​រ៉ូ (Gustavo Villatoro) បាន​និយាយ​នៅលើ Twitter ថា “​យើង​កំពុង​លុបបំបាត់​មហារីក​នេះ​ចេញពី​សង្គម​”​។​

​លោក​បាន​បន្ថែមថា “​ដឹង​ថា​អ្នក​នឹង​មិន​អាច​ដើរចេញ​ពី​ពន្ធនាគារ CECOT​បាន អ្នកនឹង​បង់ថ្លៃ​លើ​អ្វី​ដែល​អ្នក​បាន​ប្រព្រឹត្ត​…​ពួក​ភេរ​វករ​កំសាកញី​”​។​

​សាងសង់​ឡើង​តាម​បញ្ជា​របស់​លោក​ប៊ូ​កេ​ឡេប​ន្ទា​ប់​ពីគាត់​បានប្រកាស “​សង្គ្រាម​” លើ​ក្រុម​អន្ធពាល​កាលពី​ខែ​មីនា​កន្លង​ទៅ ពន្ធនាគារ​នៅ​ទីក្រុង​តេ​កូ​លូកា (Tecoluca) ស្ថិតនៅ​ចម្ងាយ ៧៤ គីឡូម៉ែត្រ​ពី​ភាគ​អាគ្នេយ៍​នៃ​រដ្ឋធានី​សាន់​សាល់​វ៉ាឌ័​រ (San Salvador) មាន​អគារ​ចំនួន ៨ ធ្វើ​ពី​បេតុង​។​

​អគារ​នីមួយៗ​មាន​គុក​ចំនួន ៣២ ដែល​មាន​ទំហំ​ប្រហែល ១០០ ម៉ែត្រការ៉េ ដែល​រចនា​ឡើង​ដើម្បី​ផ្ទុក​អ្នកទោស​ជាង ១០០ នាក់ នេះ​បើ​យោង​តាម​រដ្ឋមន្ត្រីក្រសួង​សាធារណកា​រលោក រ៉ូមេ​អូ រ៉ូ​ឌ្រី​ហ្គេស (Romeo Rodriguez)​។​

​គុក​នីមួយៗ​មាន​អាង​ងូតទឹក​ចំនួន​ពីរ​និង​បង្គន់​តែ​ពីរ​ប៉ុណ្ណោះ​។​

​មាន​គ្រែ​ដែក​ត្រឹមតែ ៨០ ប៉ុណ្ណោះ​សម្រាប់​អ្នកទោស ១០០ នាក់ ហើយ​ក្រុម​សិទ្ធិ​មនុស្ស​និង​អ្នកសង្កេតការណ៍​បាន​រិះគន់​ការសាងសង់​នេះ​ថា​ជា​ការរំលោភ​លើ​ស្តង់ដារ​ពន្ធនាគារ​៕

​ពន្ធនាគារ CECOT ថ្មី​នេះ​សាងសង់​ឡើង​សម្រាប់​ទុក​អ្នកទោស ៤០.០០០ នាក់​។​គុក​ថ្មី​នេះ​បាន​ទួល​សមាជិក​ក្រុម​យូ​កូង​២.០០០​នាក់​ដំបូង​ដោយ​ពួកគេ​គ្មាន​អាវ ជើង​ទទេ សាក់​ពេញ​ខ្លួន ស្លៀក​កន្សែង​ពណ៌​ស អង្គុយ​ចំកោង​ដាក់​ដៃ​ពី​ក្រោយ​ក្បាល​ត្រងោល​របស់​ពួកគេ ខណៈ​ឆ្មាំ​ប្រដាប់អាវុធ​ឈរ​មើល​