ដោយៈ ដេប៉ូ / ត្បូងឃ្មុំ៖ ទន្លេស្ងួត ក្នុងតំបន់ប្រាសាទព្រះធាតុបាស្រី ស្ថិតនៅក្នុងឃុំ ព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ កំពុងត្រូវបានរៀបចំប្រែក្លាយ ជាតំបន់រមណីយដ្ឋាន ធម្មជាតិ អព្យាក្រឹតកាបូន គំរូមួយនៅកម្ពុជា ដោយមានការដាំផ្កាស្បៃរឿង ចំនួន ១ លាន ដើម ការដាំដើមឈើ និងប្រើប្រាស់ពន្លឺអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ ដែលជាថាមពលកកើតឡើងវិញ។
គួរបញ្ជាក់ថា ថ្មីៗកន្លងមកនេះ លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានលើកឡើងថាៈ ផ្កាស្បៃរឿងទាំង ១លានដើម បានដាំនៅទីតាំងប្រវត្តិសាស្រ្ត «ទន្លេស្ងួត» រួចហើយ ដើម្បីថ្វាយដល់ទេវតាឆ្នាំថ្មី ដែលគ្រោងយាងមកប្រោសព្រំ ពរជ័យសិរីសួស្តីជូនប្រជារាស្រ្ត ក្នុងឱកាសឆ្នាំថ្មី ប្រពៃណីជាតិ និងយាងគ្រប់គ្រងទឹកដីនៃកម្ពុជា នាពេលខាងមុខ។
ជាមួយគ្នានេះ ក្រុមការងារ បានសាងសង់ហេដ្ឋរចនាសម្ព័ន្ធ នៅលើទីតាំងផ្ទាល់ ជាទីន្លែងស្តុកទឹក យ៉ាងសំខាន់ សំរាប់ប្រជាពលរដ្ឋប្រើប្រាស់ សម្រាប់បង្កើនផលកសិកម្ម និងបានដាំដើមឈើ ជិត១ពាន់ដើម ផងដែរ។ ក្រុមការងារ បានកែលម្អទីតាំងប្រវត្តិសាស្រ្ត ជារម្មណីយដ្ឋានស្រស់ស្អាត បំពាក់ប្រព័ន្ធអគ្គិសនីសូឡា ចំនួន៥០ បង្គោលបំភ្លឺថែមទៀត ទុកជូនសំរាប់បងប្អូនប្រជាពលរដ្ឋ មកលេងចូលឆ្នាំខ្មែរ នៅពេលសម្សាកចុងសប្តាហ៍ និង ក្នុងបុណ្យទានផ្សេងៗ។
លោក អ៊ាង សុផល្លែត បានថ្លែងថាៈ ការរៀបចំបង្កើតរមណីដ្ឋានប្រវត្តិសាស្រ្តធម្មជាតិ «ទន្លេស្ងួត» ដើម្បីទុកជាប្រយោជន៍ សំរាប់ប្រជាពលរដ្ឋ ជាពិសេសជួយពង្រឹងជីវភាព សហគមន៍នៅក្នុងតំបន់ តាមរយៈការអភិវឌ្ឍទេសចរណ៍ធម្មជាតិផ្សាភ្ជាប់ទឹកដី និងការរស់នៅ ដោយចីរភាព។
សូមបញ្ជាក់ថា ផ្តើមចេញពីសុខសន្តិភាព មូលដ្ឋានស្រុកអូររាំងឪ បានទទួលការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធនានា ពីរាជរដ្ឋាភិបាល ក៏ដូចជាពីក្រុមការងារចុះមូលដ្ឋានគ្រប់លំដាប់ ថ្នាក់ ដែលបានជួយដោះស្រាយការលំបាក និងជួយពង្រឹងជីវភាពប្រជាពលរដ្ឋជាប្រចាំ។ ជាមួយគ្នានេះ សមិទ្ធផលថ្មី នៃក្រុមការងារចុះមូលដ្ឋានស្រុកអូររាំងឪ នឹងជួយឲ្យតំបន់ រមណីយដ្ឋានប្រវត្តិសាស្រ្ត ក្លាយជាតំបន់ទេសចរណ៍ធម្មជាតិគំរូមួយនៅកម្ពុជា សម្រាប់ទាក់ទាញទេសចរ និងបង្កើនចំណូលបន្ថែមដល់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍ មូលដ្ឋាន។
គួរបញ្ជាក់ថា តំបន់ប្រាសាទបុរាណព្រះធាតុបាស្រី ដែលបានកសាងឡើង អំពីថ្មភក់ តាំងពីសម័យមុនអង្គរ ក្នុងឆ្នាំ៩៨៣ នៃគ្រឹស្ដសករាជ បានក្លាយជាដែនដី ដែលពោរពេញ ដោយជំនឿ និងការគោរព រហូតដល់សព្វថ្ងៃ។ ទន្លេស្ងួត ជាទីតាំង មួយដែល មានរឿង ដំណាលថា ព្រះមហាក្សត្រខ្មែរ ដែលបានសោយរាជ ក្នុងប្រវត្តិសាស្រ្ត ជាពិសេស ក្នុងរាជព្រះអង្គស្តេចកន បានមកបែបន់ និងបានសម្រេចជោគជ័យ តាមបំណងប្រាថ្នា របស់ព្រះអង្គ៕ V / N