ដោយ៖ ដេប៉ូ / ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធាន ក្រុមការងារវាយតម្លៃ ភាពគំរាមកំហែង ពីបទល្មើសបរិស្ថាន នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានដឹកនាំវគ្គបណ្តុះបណ្តាល ស្តីពីការរៀបចំរបាយការណ៍វាយតម្លៃ ហានីភ័យថ្នាក់ជាតិ លើការសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទាន នាំឱ្យរីកសាយភាយអាវុធមហាប្រល័យ ពាក់ព័ន្ធនឹងបទល្មើសបរិស្ថាន ដោយមានការ អញ្ជើញចូលរួមពីសមាសភាព ពីមន្ត្រីក្រសួងបរិស្ថាន និងតំណាងអន្តរក្រសួង នៃក្រុមការងារវាយតម្លៃ ភាពគំរាមកំហែងពីបទល្មើសបរិស្ថាន។
យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន បានឱ្យដឹងថា៖ វិស័យការងារ ១៤ ក្នុងនោះទាក់ទងនឹងការងារវាយតម្លៃ ភាពគំរាមកំហែងពីបទល្មើសបរិស្ថាន ត្រូវបាន កំណត់ សម្រាប់ធ្វើការសិក្សា និងវាយតម្លៃពីហានិភ័យ ដែលនឹងចែកជា ៣ ដំណាក់កាល គឺការកំណត់អត្តសញ្ញាណ នៃកត្តាគំរាមកំហែង ការវិភាគ និងវាយតម្លៃ។
សម្រាប់លទ្ធផលនៃរបាយការណ៍នេះ នឹងជាធាតុចូលក្នុងការរៀបចំរបាយការណ៍ វាយតម្លៃហានីភ័យថ្នាក់ជាតិ និងការរៀបចំយុទ្ធសាស្ត្រជាតុប្រឆាំងការសម្អាតប្រាក់។ ជាមួយគ្នានេះ ក្រុមការងារ ក៏បានអបអរសាទរ ដែលកម្ពុជាត្រូវបានអង្គការ FATF សម្រេចដកចេញពីបញ្ជីប្រផេះ នៃប្រទេសមានហានីភ័យ នៃការសម្អាតប្រាក់ កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោយកម្ពុជា បានខិតខំប្រឹងប្រែង ក្នុងការរៀបចំយន្តការ និងប្រព័ន្ធការងារអចិន្ត្រៃយ៍ ប្រឆាំងការសម្អាតប្រាក់៕ V / N