ដោយៈ ជា សីហៈ/ភ្នំពេញៈ លោក បួន សារៈមុនី រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ​២០២៣ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (US-ASEAN Business Council) ដែលដឹកនាំដោយ លោកឯកអគ្គរដ្ឋទូត ម៉ៃឃើល មីឆាឡាក់ (Ambassador Michalak) អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងថ្នាក់តំបន់។

កិច្ចប្រជុំនេះមានការចូលរួមពីក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ានតំណាងស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា រួមជាមួយនឹងតំណាងក្រុមហ៊ុនធំៗ និងល្បីៗរបស់សហរដ្ឋអាម៉េរិកមួយចំនួនដូចជា៖ ក្រុមហ៊ុន Abbott ក្រុមហ៊ុន ConocoPhillips ក្រុមហ៊ុន Ford ក្រុមហ៊ុន Mastercard ក្រុមហ៊ុន Attwood ក្រុមហ៊ុន RMA Group ក្រុមហ៊ុន Pfizer ក្រុមហ៊ុន Visa និងក្រុមហ៊ុន Vriens & Partners ។

នៅក្នុងជំនួបពិភាក្សានេះ លោក ឯកអគ្គរដ្ឋទូត ម៉ៃឃើល មីឆាឡាក់ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងពាណិជ្ជកម្ម ដែលបានទទួលជួបក្រុមគណៈប្រតិភូរបស់លោក នាឱកាសនេះ បើទោះបីជាកម្ពុជាកំពុងតែមមាញឹកត្រៀមរៀបចំការប្រកួតកីឡាស៊ីហ្គេម និងត្រៀមរៀបចំការបោះឆ្នោតថ្នាក់ជាតិនាខែកក្កដាក៏ដោយ។

ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាននឹងព្យាយាមពង្រឹងអាជីវកម្មដែលមានស្រាប់នៅកម្ពុជា និងទាក់ទាញការវិនិយោគបន្ថែមមកកម្ពុជា ពិសេសនឹងជួយគាំទ្រដល់ការកសាងសមត្ថភាព ធនធានមនុស្ស និងភាពជាអ្នកដឹកនាំ។

នាឱកាសនោះ លោករដ្ឋលេខាធិការ បានសម្តែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក បើទោះជាមានវិបត្តិកូវិតយ៉ាងណា ក៏នៅតែមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ពិសេស ការវិនិយោគសាងសង់រោងចក្រតម្លើងរបស់ក្រុមហ៊ុន Ford និងក្រុមហ៊ុន RMA នៅខេត្តពោធិសាត់កាលពីឆ្នាំកន្លងមក។
លោកបានបន្តថា ការចូលរួមរបស់ក្រុមហ៊ុន Visa និងក្រុមហ៊ុន Mastercard លើវិស័យទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល និងអង្គការផ្សេងៗក្នុងការបណ្តុះបណ្តាលចំនេះដឹងហិរញ្ញាវត្ថុដល់ប្រជាជនកម្ពុជា។ ជាមួយគ្នានេះដែរការចូលរួមរបស់ក្រុមហ៊ុនអាហារូបត្ថម្ភអាម៉េរិក បាននឹងបន្តសហការជាមួយបណ្តាមន្ទីរពេទ្យនានាក្នុងការផ្សព្វផ្សាយនិងលើកកម្ពស់បញ្ហាសុខភាពដល់ប្រជាជនកម្ពុជាផងដែរ។

លោក រដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តដល់វិនិយោគិនសហរដ្ឋអាម៉េរិកបន្តការវិនិយោគ ក៍ដូចជាគៀងគរវិនិយោគិន សំខាន់ៗមកកម្ពុជា ដូចជាវិស័យចំណីអាហារ សុខាភិបាល ពិសេសគឺការចូលរួមក្នុងគម្រោងនានារបស់រាជរដ្ឋាភិបាលកម្ពុជា។ P / N