​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ កងកម្លាំង​រុស្ស៊ី​កំពុង​ព្យាយាម​បិទផ្លូវ​ក្រវាត់​ជុំវិញ​ទីក្រុង​ជីក​រក​រ៉ែ បា​ឃ្មុត (Bakhmut) កាលពី​ថ្ងៃ​ចន្ទ​ទី​២៧​កុម្ភៈ​ខណៈ​ភ្លៀង​និង​អាកាសធាតុ​ក្តៅនា​រដូវ​ផ្កា​រីក​​ឆាប់​មកដល់​ពេក​បានប្រែក្លាយ​សមរភូមិ​ភាគ​ខាងកើត​របស់​អ៊ុយ​ក្រែន​ទៅ​ជា​វាលភក់ ដែល​អាច​រារាំង​ដល់​ភាគី​ទាំងពីរ ខណៈ​ពួកគេ​ព្យាយាម​ចាប់ផ្តើម​បើក​ការវាយលុក​។​

​អាកាសធាតុ​ក្តៅនា​រដូវ​ផ្កា​រីក​មាន​ប្រវត្តិ​ជា​យូរ​មក​ហើយ​ក្នុង​ការបំផ្លាញ​ផែនការ​របស់​កងទ័ព​ដើម្បី​វាយប្រហារ​លើ​ដី​អ៊ុ​យក្រែន និង​ភាគ​ខាងលិច​នៃ​ប្រទេស​រុស្ស៊ី​ព្រោះ​វា​បាន​បង្វែរ​ផ្លូវ​ទៅ​ជា​ទន្លេ​និង​វាលស្រែ​​រហូត​ដល់​ល្បាប់​ភក់​ដែល​មិន​អាច​បើក​កាត់​បាន​។​

​នៅ​តំបន់​ដូណិត​សក៍​ក្បែរ​សមរភូមិ​ជួរ​មុខ ទាហាន​អ៊ុយ​ក្រែន​បាន​ចូលជ្រក​ក្នុង​លេណដ្ឋា​នភក់ បន្ទាប់​ពី​អាកាសធាតុ​ក្តៅ​ខ្លាំង​បាន​ធ្វើឱ្យ​ដី​មាន​ទឹកកក​រលាយ​អស់រលីង​។​

​លោក​មី​កូឡា (Mykola)​អាយុ ៥៩ ឆ្នាំ មេបញ្ជាការ​កង​រ៉ុក្កែត​ជួរមុខ​របស់​អ៊ុ​យក្រែន ដែល​កំពុង​មើល​អេក្រង់​ថេ​ប្លេត​សម្រាប់កូអ័​រដោ​ណេ​ដើម្បី​បាញ់​គ្រាប់ បាន​និយាយថា​”​ភាគី​ទាំងពីរ​ស្ថិតនៅក្នុង​ទីតាំង​​របស់​ពួកគេ ព្រោះ​ដូច​ដែល​អ្នក​បាន​ឃើញ​ចឹង រដូវ​ផ្កា​រីក​មានន័យថា​បែក​ភក់​។ ដូច្នេះ វា​មិន​អាច​ទៅរួច​ទេ​ក្នុងការ​រុល​ទៅមុខ​”​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័របាន​ឃើញ​យានជំនិះ​យោធា​ជាច្រើន​គ្រឿង​ជាប់គាំង​ក្នុង​ភក់​។ នៅក្នុង​លេណដ្ឋាន​ដែល​ជីក​យ៉ាងជ្រៅ​ចេញពី​ដី​តាម​លំនាំ​កាច់​ចុះ​កាច់​ឡើង លោក​វ៉ូ​ឡូ​ឌី​មៀ (Volodymyr) អាយុ ២៥ ឆ្នាំ​ជា​មេបញ្ជាការ​កងអនុសេនាតូច បាន​និយាយថា កូនចៅ​របស់​គាត់​បាន​ត្រៀម​ខ្លួន​ដើម្បី​ធ្វើ​ប្រតិបត្តិការ​ក្នុង​គ្រប់​ប្រភេទ​អាកាសធាតុ​។​

​លោក​និយាយថា “​នៅពេលដែល​គេ​ផ្តល់​គោលដៅ​ឱ្យ​យើង វា​មានន័យថា​យើង​ត្រូវ​បំផ្លាញ​វា​”​។​

​រុស្ស៊ី​កំពុង​ព្យាយាម​ឡោមព័ទ្ធ​ទីក្រុង​បា​ឃ្មុត ដោយ​បង្ខំ​ឱ្យ​អ៊ុយ​ក្រែ​នដក​ទ័ព​របស់​ខ្លួន​ចេញ​។ នោះ​នឹង​ផ្តល់​ឱ្យ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​នូវ​ជ័យជម្នះ​លើកដំបូង​របស់​ខ្លួន​ក្នុង​រយៈពេល​ជាង​កន្លះ​ឆ្នាំ បន្ទាប់​ពី​ដំណាក់កាល​ដ៏​បង្ហូរឈាម​បំផុត​នៃ​សង្គ្រាម​មកទល់ពេលនេះ ពោល​ជា​ការវាយលុក​ឥត​ស្រាកស្រាន្ត​របស់​រុស្ស៊ី ដែល​បាន​ចាប់ផ្តើម​នៅលើ​ដី​ដែល​មាន​ទឹកកក​៕

ភ្លៀង​និង​អាកាសធាតុ​ក្តៅនា​រដូវ​ផ្កា​រីក​ឆាប់​មកដល់​ពេក​បានប្រែក្លាយ​សមរភូមិ​ភាគ​ខាងកើត​របស់​អ៊ុយ​ក្រែន​ទៅ​ជា​វាលភក់