ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ក្រុមហ៊ុន Tesla Inc និងនាយកប្រតិបត្តិរបស់ខ្លួន លោក អេឡុន ម៉ាស ត្រូវបានប្តឹងកាលពីថ្ងៃចន្ទទី២៧កុម្ភៈដោយម្ចាស់ភាគហ៊ុន ដែលបានចោទប្រកាន់ពួកគេពីបទនិយាយពន្លើសអំពីប្រសិទ្ធភាពនិងសុវត្ថិភាពនៃបច្ចេកវិជ្ជា Autopilot និង Full Self-Driving របស់រថយន្តអគ្គិសនីរបស់ពួកគេ។
នៅក្នុងបណ្តឹងសមូហភាពមួយ ដែលបានដាក់នៅតុលាការសហព័ន្ធសាន់ហ្វ្រាន់ស៊ីស្កូ ក្រុមម្ចាស់ភាគហ៊ុនបាននិយាយថា ក្រុមហ៊ុន Teslaបានបោកប្រាស់ពួកគេក្នុងអំឡុងពេលបួនឆ្នាំមកនេះជាមួយនឹងសេចក្តីថ្លែងការណ៍មិនពិតនិងបំភ័ន្តដែលលាក់បាំងពីរបៀបដែលបច្ចេកវិជ្ជារបស់ខ្លួន ដែលគេសង្ស័យជាមូលហេតុបណ្តាលឱ្យមានឧបទ្ទវហេតុគ្រោះថ្នាក់ជាច្រើនករណីនោះ”បានបង្កើតហានិភ័យធ្ងន់ធ្ងរនៃគ្រោះថ្នាក់និងរបួស”។
ពួកគេបាននិយាយថា តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះជាច្រើនដង ខណៈការពិតត្រូវបានដឹង រួមទាំងបន្ទាប់ពីរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ (NHTSA)បានចាប់ផ្តើមស៊ើប
អង្កេតបច្ចេកវិជ្ជាទាំងនោះ និងរាយការណ៍ថា គណៈកម្មការមូលបត្រកំពុងស៊ើបអង្កេតការអះអាងអំពី Autopilot របស់លោកម៉ាស។
តម្លៃភាគហ៊ុនក៏បានធ្លាក់ចុះ ៥,៧ ភាគរយនៅថ្ងៃទី ១៦ ខែកុម្ភៈផងដែរ បន្ទាប់ពី NHTSAបានបង្ខំឱ្យប្រមូលរថយន្ត Tesla ជាង ៣៦២.០០០ គ្រឿង ដែលបំពាក់កម្មវិធី Full Self-Driving ព្រោះវាអាចគ្មានសុវត្ថិភាពនៅជុំវិញផ្លូវប្រសព្វ។
Tesla បាននិយាយថា ខ្លួនបានទទួលការប្រមូលមកវិញ ត្បិតខ្លួនមិនយល់ស្របនឹងការវិភាគរបស់ NHTSA ក៏ដោយចុះ។
ពាក្យបណ្តឹងសរសេរថា “ជាលទ្ធផលនៃទង្វើខុសឆ្គងនិងសេចក្ដីធ្វេសប្រហែសរបស់ចុងចម្លើយ និងការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្លៃទីផ្សារនៃភាគហ៊ុនទូទៅរបស់ក្រុមហ៊ុន ដើមបណ្តឹងនិងសមាជិកដាក់ពាក្យប្តឹងផ្សេងទៀតបានទទួលរងការខាតបង់ និងការខូចខាតយ៉ាងខ្លាំង”។
Tesla ដែលមិនមាននាយកដ្ឋានទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។
បណ្ដឹងកាលពីថ្ងៃចន្ទ ដែលដឹកនាំដោយម្ចាស់ភាគហ៊ុនឈ្មោះ ថូម៉ាស ឡាម៉ុនថេក (Thomas Lamontagne) ស្វែងរកសំណងខូចខាតដែលមិនបានបញ្ជាក់សម្រាប់ម្ចាស់ភាគហ៊ុន Tesla ចាប់ពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០១៩ ដល់ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៣។ ប្រធានផ្នែកហិរញ្ញវត្ថុ លោក ហ្សាខារី កឺខន (Zachary Kirkhorn) និងអ្នកស្នងតំណែងមុនរបស់គាត់ លោក ឌីប៉ាក់ អាហ៊ូចា (Deepak Ahuja) ក៏ជាចុងចម្លើយដែរ។
តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានបិទកាលពីថ្ងៃចន្ទ ដោយកើនឡើង ១០,៧៥ ដុល្លារ ឬ ៥,៥ ភាគរយនៅតម្លៃ ២០៧,៦៣ ដុល្លារក្នុងមួយហ៊ុន ប៉ុន្តែភាគហ៊ុនបានបាត់បង់តម្លៃប្រហែលពាក់កណ្តាលចាប់តាំងពីការឡើងដល់កំពូលក្នុងខែវិច្ឆិកា ឆ្នាំ ២០២១។
លោកម៉ាស ជាមហាសេដ្ឋីទី ២ របស់ពិភពលោក រំពឹងមានវត្តមាននៅទិវាវិនិយោគិនរបស់ Tesla ថ្ងៃទី ១ ខែមីនា ដើម្បីលើកកម្ពស់សមត្ថភាពបញ្ញាសិប្បនិមិត្ត (AI) របស់ក្រុមហ៊ុន និងផែនការពង្រីកខ្សែសង្វាក់រថយន្តរបស់ខ្លួន៕
ម្ចាស់ភាគហ៊ុនចោទប្រកាន់លោកម៉ាសនិង Tesla ពីបទនិយាយពន្លើសអំពីប្រសិទ្ធភាពនិងសុវត្ថិភាពនៃបច្ចេកវិជ្ជា Autopilot និង Full Self-Driving