​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ម្ចាស់​ជើងឯក​វើល​ខា​ប់ លី​អូ​នែ​ល ម៉េស​ស៊ី បាន​ផ្តួល​កីឡាករ កាយ​លៀន អឹម​បា​ផេ (Kylian Mbappé) ម្តងទៀត​ហើយ​លើក​នេះ​គឺ​ឈ្នះ​ពានរង្វាន់​​កីឡាករ​ឆ្នើម​របស់ FIFA កាលពី​ថ្ងៃ​ចន្ទ​ទី​២៧​កុម្ភៈ​។​

​ពានរង្វាន់​កីឡាការិនី​ឆ្នើម​គឺ​បាន​ទៅ​នាង អា​ឡិច​ហ្សា ពូ​ថែ​ល​ឡាស (Alexia Putellas) របស់អេ​ស្ប៉ាញ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ជាប់​គ្នា​។​

​បន្ទាប់​ពី​ដឹកនាំ​អា​ហ្សង់​ទីន​ឈ្នះ​វើល​ខាប់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដ៏​អស្ចារ្យ​ទល់នឹង​បារាំង​របស់​អឹម​បា​ផេ​កាលពី​ឆ្នាំមុន​នៅ​ប្រទេស​កាតា ម៉េស​ស៊ី​បានឈ្នះ​ការបោះឆ្នោតជ្រើស​កីឡាក​រ​ឆ្នើម​ទល់​នឹង​អឹម​បា​ផេ និង ការី​ម បិ​ន​ហ្សេ​ម៉ា (Karim Benzema) និង​ទទួលបាន​ពានរង្វាន់ FIFA មួយ​នេះ​ជា​លើក​ទី​ប្រាំពីរ​ក្នុង​រយៈពេល ១៤ ឆ្នាំ​។​

​គាត់​បានឈ្នះ​វើល​ខាប់​ជាមួយ​ការប៉ុនប៉​ង​លើក​ទី​ប្រាំ​របស់​គាត់ ដែល​នេះ​ក៏​ស្មើនឹង​កំណត់ត្រា​ថ្មី​មួយ​របស់​គាត់​ដែរ​។​

​ម៉េស​ស៊ីបា​ននិយាយថា “​វា​ជា​ឆ្នាំ​ដ៏​វីវក់​មួយ​សម្រាប់​ខ្ញុំ​។ ខ្ញុំ​អាច​សម្រេចក្តី​សុបិន (​វើល​ខា​ប់​) របស់​ខ្ញុំ​បាន បន្ទាប់​ពី​តស៊ូ​ដើម្បី​វា​យ៉ាងយូរ​។ ហើយ​នៅ​ទីបំផុត​វា​បាន​កើតឡើង ហើយ​វា​ជា​រឿង​ដ៏​ស្រស់បំព្រង​បំផុត​ក្នុង​អាជីព​របស់​ខ្ញុំ​។ វា​ជាក្តី​ស្រមៃ​របស់​កីឡាករ​គ្រប់រូ​ប ប៉ុន្តែ​មាន​កីឡាករ​តិចតួច​ណាស់​ដែល​អាច​សម្រេច​វា​បាន​។ ដូច្នេះ ខ្ញុំ​អរគុណ​ព្រះ​ដែល​អាច​ធ្វើ​វា​បាន​”​។​

​កីឡាករ​ទាំង​បី​នាក់​ខាងលើ​បាន​ជាប់​ក្នុង​បញ្ជី​សម្រាំង​ចុងក្រោយ​ក្នុង​ការបោះឆ្នោត​ដោយ​ក្រុមប្រឹក្សា​សកល​នៃ​ប្រធាន​ក្រុម​និង​គ្រូបង្វឹក​ជម្រើសជាតិ អ្នកសារព័ត៌មាន​ដែល​បាន​សម្រាំង​នៅក្នុង​ប្រទេស​សមាជិក​នី​មួយៗ​របស់ FIFA ទាំង ២១១ បូក​រួម​ទាំង​អ្នកគាំទ្រ​តាម​អន​ឡាញ​ផងដែរ​៕

​ម៉េស​ស៊ី​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​របស់ FIFA ជា​លើក​ទី​៧​កាលពី​ថ្ងៃ​ចន្ទ

​នាង អា​ឡិច​ហ្សា ពូ​ថែ​ល​ឡាស និង លី​អូ​នែ​ល ម៉េស​ស៊ី