ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ចិនកាលពីថ្ងៃចន្ទទី២៧កុម្ភៈបានចោទប្រកាន់សហរដ្ឋអាម៉េរិកអំពី “ការសម្លុតកំហែងឥតលាក់លៀមនិងអនុវត្តស្តង់ដារទ្វេ”ក្នុងការដាក់ចេញនូវអ្វីដែលខ្លួនហៅថាទណ្ឌកម្ម “ខុសច្បាប់” មកលើបណ្តាក្រុមហ៊ុនចិន ជាផ្នែកនៃសកម្មភាពរបស់អាម៉េរិកប្រឆាំងនឹងក្រុមហ៊ុនយោធាឯកជន Wagner Group របស់រុស្ស៊ី និងបណ្តាក្រុមហ៊ុននិងបុគ្គលពាក់ព័ន្ធដទៃទៀត។
អង្គភាពទាំងនោះត្រូវបានកំណត់គោលដៅសម្រាប់តួនាទីរបស់ពួកគេនៅក្នុងសង្គ្រាមនៅអ៊ុយក្រែននិងសកម្មភាពទាហានស៊ីឈ្នួល រួមទាំងការរំលោភសិទ្ធិមនុស្សនៅទ្វីបអាហ្វ្រិក។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ម៉ៅ នីង (Mao Ning)បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ទណ្ឌកម្ម “មិនមានមូលដ្ឋាននៅក្នុងច្បាប់អន្តរជាតិ ឬការអនុញ្ញាតពីក្រុមប្រឹក្សាសន្តិសុខ ហើយជាការដាក់ទណ្ឌកម្មឯកតោភាគីខុសច្បាប់និងជាយុត្តាធិការលើទឹកដីបរទេស”។
លោកស្រីម៉ៅបាននិយាយថា វិធានការដាក់ទណ្ឌកម្មគឺ “ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់ចិន” ហើយចិន “បដិសេធនិងជំទាស់យ៉ាងដាច់អហង្ការចំពោះរឿងនោះ និងដាក់ពាក្យបណ្តឹងយ៉ាងឱឡារិកជាមួយភាគីសហរដ្ឋអាម៉េរិក”។
លោកស្រីនិយាយថា “ខណៈសហរដ្ឋអាម៉េរិកបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការបញ្ជូនអាវុធទៅឱ្យភាគីមួយនៃជម្លោះដែលបណ្តាលឱ្យមានសង្គ្រាមមិនចេះចប់ អាម៉េរិកបានផ្សព្វផ្សាយព័ត៌មានមិនពិតអំពីការផ្គត់ផ្គង់អាវុធរបស់ចិនឱ្យទៅរុស្ស៊ីជាញឹកញាប់ ដោយឆ្លៀតឱកាសដាក់ទណ្ឌកម្មក្រុមហ៊ុនចិនដោយគ្មានហេតុផល។ នេះគឺជាការសម្លុតកំហែងឥតលាក់លៀមនិងជាស្តង់ដារទ្វេ”។
ក្រសួងរតនាគារនិងក្រសួងការបរទេសអាម៉េរិកបានប្រកាសពីចំណាត់ការនេះនៅក្នុងសេចក្តីថ្លែងការណ៍សម្របសម្រួលដែលផ្តោតលើសាខាជាច្រើនរបស់ក្រុមហ៊ុន Wagner Groupរួមទាំងក្រុមហ៊ុនមួយចំនួននៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលនិងអារ៉ាប់រួមអេមីរ៉ាត ព្រមទាំងប្រធានក្រុមហ៊ុន Kalashnikov Concern របស់រុស្ស៊ី ដែលជាក្រុមហ៊ុនផលិតអាវុធ AK 47។
ក្រុមហ៊ុន Wagnerបានចូលរួមនៅក្នុងការប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅភាគខាងកើតប្រទេសអ៊ុយក្រែន។
ការដាក់ទណ្ឌកម្មក៏បានប៉ះពាល់ដល់ក្រុមហ៊ុនចិនផងដែរ គឺ Changsha Tianyi Space Science and Technology Research Institute Co. Ltd. ដែលគេស្គាល់ថា Spacety China ដែលបានផ្គត់ផ្គង់ដល់ក្រុមហ៊ុន Wagner Group ជាមួយនឹងរូបភាពផ្កាយរណបរបស់អ៊ុយក្រែន ដោយគាំទ្រដល់ប្រតិបត្តិការយោធារបស់ Wagner នៅទីនោះ។ក្រុមហ៊ុនបុត្រសម្ពន្ធរបស់ Spacety China ដែលមានមូលដ្ឋាននៅប្រទេសលុចសំបួ ក៏រងទណ្ឌកម្មដែរ៕
អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ម៉ៅ នីង