ដោយបាយ័ន/សៀមរាបៈ អាជ្ញាធរជាតិអប្សរា បានប្រារព្ធពិធីក្រុងពាលី បួងសួងសុំសេចក្តីសុខ បើកការដ្ឋានសាងសង់ជាផ្លូវការសម្រាប់គម្រោង«ភូមិបេតិកភណ្ឌវប្បធម៌» នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅនេះ។

អាជ្ញាធរជាតិអប្សរាបានអះអាងថា ពិធីនេះបានធ្វើឡើងនៅកសិន្ធុខាងជើងប្រាសាទអង្គរវត្ត ឧទ្យានប្រវត្តិសាស្រ្តអង្គរ ខេត្តសៀមរាប គឺបានបង្ហាញការកំណត់យ៉ាងច្បាស់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នឹងធ្វើដំណើរមកដល់ខួប១០ឆ្នាំរបស់ខ្លួន សម្រាប់ឆ្នាំថោះ ចត្វាស័ក ព.ស ២៥៦៧ ដែលគ្រោងនឹងប្រារព្ធឡើង ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខ។

ក្នុងឱកាសប្រារព្វពិធីប្រុងពលី ដែលបានប្រព្រឹត្តិទៅនាថ្ងៃនេះ មានវត្តមានរបស់លោក ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្រ្តីបុគ្គលិកជាច្រើននាក់។

ពិធីក្រុងពលីនេះ បានធ្វើឡើងតាមទំនៀមសាសនា ក្នុងនោះរួមមាន ពីធីថ្វាយគ្រឿងសក្ការៈចំពោះបារមីវត្ថុស័ក្តសិទ្ធ ដើមី្បសុំនូវសេចក្តីសុខក្នុងការរៀបចំធ្វើអង្គរសង្រ្កាន្ត នៅលើទឹកដីប្រវត្តិសាស្ត្រអង្គរ ឱ្យបានប្រព្រឹត្តទៅប្រកបដោយភាពសុខសាន្ត ជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ បានសប្បាយរីករាយ៕/PC