ប្រែសម្រួលៈបំណង(ប៊ីប៊ីស៊ី)៖ សភាពការណ៍នៅទីក្រុងបាឃ្មុត(Bakhmut)នៅរណសិរ្សខាងកើតកាន់តែ«លំបាកឡើងៗ» នេះបើតាមប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី នៅពេលកងកម្លាំងរុស្ស៊ីបាននិងកំពុងបង្កើនការវាយប្រហារដើម្បីចាប់យកទីក្រុងនេះអស់ប្រាំមួយខែមកហើយ។
លោកបាននិយាយថា« សត្រូវវាយបំផ្លាញអ្វីៗគ្រប់យ៉ាងដែលអាចជាជម្រកការពារកងកម្លាំងរបស់យើង»។
ការលើកឡើងរបស់មេដឹកនាំអ៊ុយក្រែនរូបនេះកើតឡើងនៅពេលរដ្ឋមន្ត្រីរតនាគារ(ហិរញ្ញវត្ថុ)អាម៉េរិកលោកស្រី ចាណេត យេលឡេន(Janet Yellen)បានព្រមានកុំអោយចិនជួយគ្រឿងសព្វាវុធដល់រុស្ស៊ីក្នុងអំឡូងពេលលោកស្រីធ្វើទស្សនកិច្ចទីក្រុងគៀវកាលពីថ្ងៃចន្ទ។
ការប្រយុទ្ធគ្នាយ៉ាងខ្លាំងកំពុងកើតមាននៅក្រុងបាឃ្មុតក្នុងតំបន់ដុនបាសភាគខាងកើតអ៊ុយក្រែន។មេដឹកនាំផ្តាច់ទឹកដីដែលរុស្សីគាំទ្រនៅសាធារណរដ្ឋប្រជាមានិតដូណិតសខ៍(Donetsk)លោកដេនីស ពូស៊ីលីន(Denis Pushilin)បាននិយាយថា«ផ្លូវចូលទៅកាន់ទីក្រុងស្ថិតក្រោមការបាញ់របស់រុស្ស៊ីទាំងអស់»។
ថ្លែងអំពីសភាពការណ៍នៅរណសិរ្សខាងកើតក្នុងសុន្ទរកថាទាំងយប់ លោកប្រធានាធិបតីហ្សេឡេនស្គី បាននិយាយថា«ការរក្សាទីតាំងឈរជើងនៅបាឃ្មុតជួបការវាយប្រហារខ្លាំងជាថ្មីពីរុស្ស៊ី។យើងសូមអរគុណអ្នករាល់គ្នាដែលព្យាយាមឈរជើងដោយវីរភាពនៅទីនោះ»។លោកក៏បានអំពាវនាវជាថ្មីសុំអោយលោកខាងលិចបញ្ជូនយន្តហោះប្រយុទ្ធទំនើបដើម្បីអាច«ការពារទឹកដីរបស់យើងទាំងមូលពីពួកភេរវកររុស្ស៊ី»។
ផែនទីបង្ហាញតំបន់នៅអ៊ុយក្រែនខាងកើតដែលស្ថិតក្រោមការគ្រប់គ្រងរបស់យោធារុស្ស៊ី និងទឹកដីដែលកងកម្លាំងអ៊ុយក្រែនវាយដណ្តើមយកមកវិញ
ក្នុងដំណើរទស្សនកិច្ចដ៏ភ្ញាក់ផ្អើលនៅទីក្រុងគៀវកាលពីថ្ងៃចន្ទ លោកស្រី ចាណេត យេឡេន បានប្រកាសផ្ទេរលុយ១,២៥ពាន់លានដុល្លារ ជាជំនួយសេដ្ឋកិច្ចនិងថវិកាសំរាប់ទ្រទ្រង់អ៊ុយក្រែនចុងក្រោយមួយកញ្ចប់ទៀត។លោកស្រីបានបញ្ជាក់អះអាងឡើងវិញអំពីសាររបស់លោកប្រធានាធិបតី ចូ បៃដិន ពេលលោកធ្វើទស្សនកិច្ចទីក្រុងគៀវកាលពីសប្តាហ៍មុនថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននឹងឈរនៅជាមួយអ៊ុយក្រែនទាល់តែប្រទេសនេះឈ្នះសង្គ្រាម។
រដ្ឋមន្ត្រីរតនាគារអាម៉េរិកលោកស្រី ចាណេត យេលឡេន(ស្តាំ)និងឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំអ៊ុយក្រែន មើលយានយន្តរុស្ស៊ីដែលត្រូវបំផ្លាញក្នុងសង្គ្រាមនិងនាំមកដាក់តាំងនៅទីក្រុងគៀវ
ថ្លែងប្រាប់សារព័ត៌មានCNN លោកស្រីយេឡេន បាននិយាយថាទោះជាសេដ្ឋកិច្ចរុស្ស៊ីមិនដួលដោយសារទណ្ឌកម្មលោកខាងលិច ក៏វាកាន់តែខ្សោយទៅ រីឯលទ្ធភាពរបស់រដ្ឋាភិបាលទីក្រុងមូស្គូក្នុងការបំពាក់បំពេញគ្រឿងបរិក្ខារយោធាដែលត្រូវបានបំផ្លាញក្នុងសង្គ្រាមអ៊ុយក្រែនក៏ជួបបញ្ហាបណ្តើរៗ។ចំណាត់ការណាមួយរបស់ចិនក្នុងការជួយផ្គត់ផ្គង់គ្រឿងសព្វាវុធដល់រុស្ស៊ីនឹងនាំដល់«ផលវិបាកធ្ងន់ធ្ងរ»។
ការព្រមានរបស់រដ្ឋមន្ត្រីរតនាគារអាម៉េរិកកើតឡើងក្រោយពីរដ្ឋមន្ត្រីការបរទេស អ៊ែនថូនី ប្លីងកិនកាលពីសប្តាហ៍មុនបាននិយាយថា យោងតាមទីភ្នាក់ងារចារកម្ម ចិនកំពុងពិចារណាផ្គត់ផ្គង់សព្វាវុធនិងគ្រាប់រំសេវដល់រុស្ស៊ី។តែរដ្ឋាភិបាលទីក្រុងប៉េកាំងបានចេញមកបដិសេធ និងបានវាយបកវិញថា គឺ«អាម៉េរិកខ្លួនឯងដែលជាអ្នកបន្តបង្ហូរអាវុធទៅកាន់សមរភូមិអ៊ុយក្រែន ជាអ្នកជះប្រេងលើភ្លើង»ក្នុងជម្លោះនេះ៕