​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ផ្តល់​មេដាយ​ដ៏​មាន​កិត្យានុភាព​ដល់​តារា​សម្តែង​អាម៉េរិក លោក ស្តេ​វិន ស៊ី​ហ្គាល់ (Steven Seagal) សម្រាប់​ការងារ​របស់​គាត់​លើ​ការពង្រឹង “​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​” នេះ​បើ​យោង​តាម​ក្រឹត្យ​ផ្លូវការ​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៧​កុម្ភៈ​។​

​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​ចាប់តាំងពី​ភាពល្បីល្បាញ​ដល់​កំពូល​របស់​គាត់​នៅ​ហូលីវូដ លោក​ស៊ី​ហ្គាល់​គឺជា​អ្នកគាំទ្រ​និយាយ​មិនសំ​ចៃមាត់​របស់​លោក​ពូ​ទីន ដែល​បាន​ផ្តល់​សញ្ជាតិ​ដល់​តារា​ភាពយន្ត​អាយុ ៧០ ឆ្នាំ​រូប​នេះ​កាលពី​ប៉ុន្មាន​ឆ្នាំមុន​។​

​រដ្ឋាភិបាល​ក្រុង​មូ​ស្គូបា​ននិយាយថា លោក​ស៊ី​ហ្គាល់​ត្រូវបាន​ផ្តល់ជូន​នូវ​មេដាយ Order of Friendship សម្រាប់​”​ការរួមចំណែក​ដ៏​សំខាន់​របស់​គាត់​ចំពោះ​ការអភិវឌ្ឍ​កិច្ចសហប្រតិបត្តិការ​វប្បធម៌​​និង​មនុស្សធម៌​អន្តរជាតិ​”​។​

​លោក​ស៊ី​ហ្គាល់ ដែល​មក​លេង​រុស្ស៊ី​ញឹកញាប់ បាន​គាំទ្រ​ការ​កាត់​យក​តំបន់​គ្រី​ម៉េ​របស់​អ៊ុយ​ក្រែន​ពី​សំណាក់​រុស្ស៊ី​ក្នុង​ឆ្នាំ ២០១៤ ដោយ​ចាត់ទុកថា “​សម​ហេតុផល​ណាស់​” ហើយ​បាន​ចូលរួម​ជាមួយ​គណបក្ស​មួយ ដែល​គាំទ្រ​វិមាន​ក្រឹម​ឡាំង​ក្នុង​ឆ្នាំ ២០២១​។​

​កាលពី​ខែ​សីហា​ឆ្នាំមុន លោក​ស៊ី​ហ្គាល់​បាន​ចុះ​ទៅ​មើល​តំបន់​ដូណិត​សខ៍ភាគ​ខាងកើត​អ៊ុ​យក្រែន រួម​ទាំង​មជ្ឈមណ្ឌល​ឃុំឃាំង​ដែល​រង​ការបំផ្លាញ អូ​ឡេ​នីវ​កា​(Olenivka)​ជា​កន្លែង​ដែល​ឈ្លើយសឹក​​អ៊ុយ​ក្រែន​រាប់សិប​នាក់​បាន​ស្លាប់​។​

​អ៊ុយ​ក្រែ​ន​និង​រុស្ស៊ី​បានធ្វើ​ការស្តីបន្ទោស​គ្នា​ទៅវិញទៅមក​ចំពោះ​ការ​វាយប្រហារ​លើ​មណ្ឌល​ឃុំឃាំង​នេះ​កាលពី​ខែ​កក្កដា​ឆ្នាំ​មុន​៕

ពូ​ទីន​ជូន​លិខិត​ឆ្លងដែន​ដោយផ្ទាល់​ដល់​លោក​ស៊ី​ហ្គាល់​ក្នុង​ឆ្នាំ​២០១៦​