ដោយៈមុនីរដ្ឋ/ភ្នំពេញ៖ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ គឺជាថ្ងៃចុងក្រោយសម្រាប់​អតីត​បុគ្គលិកវិទ្យុ វីអូឌី(VOD)សម្រាប់ចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋក្រោមការអនុគ្រោះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។គិតត្រឹមព្រឹកថ្ងៃទី២៨ ខែកុម្ភៈ មានអតីតបុគ្គលិកវិទ្យុវីអូឌី ចំនួន២៥នាក់បានដាក់ពាក្យចូលបម្រើការងាររួចហើយដែរ។នេះបើយោងតាមប្រភពហ្រ្វេសញូវ។

លោក ព្រំ សុខា (រូបថតក្រសួងមុខងារសាធារណៈ)

លោក ព្រំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានប្រាប់ប្រភពខាងលើនៅព្រឹកថ្ងៃអង្គារ ទី២៨ ខែកុម្ភៈថា គិតត្រឹម​ថ្ងៃទី២៧ ខែកុម្ភៈ មាន​អតីត​បុគ្គលិក VOD សរុប ២៥នាក់ ក្នុងនោះនារី ៦នាក់ បាន​ទៅដាក់ពាក្យ​បម្រើ​ការងារក្នុង​ក្របខ័ណ្ឌរដ្ឋ។លោករដ្ឋមន្ត្រី បានឱ្យដឹងទៀតថា ឱសានវាទនៃការទទួលពាក្យ​នឹងត្រូវបិទ​បញ្ចប់នៅ​ល្ងាច​ថ្ងៃនេះ តាមការ​កំណត់របស់សម្តេចតេជោ។ លោករដ្ឋមន្ត្រី រំពឹងថា នៅថ្ងៃនេះនឹង​មាន​អតីតបុគ្គលរបស់ VOD មកដាក់ពាក្យបន្តទៀត។

គួររំលឹកថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ថ្ងៃទិវានៃក្តីស្រឡាញ់សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់ការងារ​ក្របខ័ណ្ឌមន្ត្រី​រាជការជូនដល់អតីតបុគ្គលិករបស់វិទ្យុ វីអូឌី ដើម្បីដោះស្រាយការលំបាក បន្ទាប់ពីវិទ្យុវីអូឌី ត្រូវបានក្រសួង​ព័ត៌មាន​បិទការផ្សាយ ព្រោះការផ្សាយព័ត៌មានខុស និងមិនព្រមកែតម្រូវ ឬសូមទោស​ជាសាធារណៈចំពោះកំហុសលើការផ្សាយនេះ។

សម្តេចតេជោ ហ៊ុន សែន បានផ្តល់ឱកាសសម្រាប់ការដាក់ពាក្យចូលបម្រើការងារក្នុង​ក្របខណ្ឌរដ្ឋ ត្រឹមថ្ងៃទី២៨ ខែកុម្ភៈ នេះតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា អតីត​បុគ្គលិក​របស់វិទ្យុ វីអូឌី មានចំនួនជាង ៥០នាក់៕សរន