ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ រថយន្តក្រុងចំនួន ២០០ គ្រឿង ដែលជាអំណោយរបស់ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប» ត្រូវបានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ជាផ្លូវការហើយ ដើម្បីរួមចំណែក ពង្រឹងប្រសិទ្ធភាព នៃការផ្តល់សេវាដឹកជញ្ជូនសាធារណៈ រថយន្តក្រុង (City Bus) ក្នុងរាជធានីភ្នំពេញ ឱ្យកាន់តែប្រសើរឡើង មួយកម្រិតថែមទៀត។

ពិធីប្រគល់-ទទួលរថយន្តក្រុង ខាងលើនេះ បានធ្វើឡើង នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក ផាក ជុងវុក (PARK JEONG WOOK) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងលោកបណ្ឌិត លី ជុងគឿន (LEE JOONG KEUN) ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប នៅទីស្នាក់ការរដ្ឋាករ ស្វយ័តដឹកជញ្ជូនសាធារណៈ រថយន្តក្រុង (City Bus) រាជធានីភ្នំពេញ ស្ថិតនៅសង្កាត់ ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះ បានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប ក្រោមការផ្តួចផ្តើមរបស់លោកបណ្ឌិត លី ជុងគឿន (LEE JOONG KEUN) ដោយបានសម្រេចផ្ដល់ជំនួយ ជារថយន្តក្រុង ចំនួន ២០០ គ្រឿង ជូនរដ្ឋបាល រាជធានីភ្នំពេញ ដើម្បីរួមចំណែកពង្រឹងប្រសិទ្ធភាព នៃការផ្តល់សេវាដឹកជញ្ជូនសាធារណៈ រថយន្តក្រុង (City Bus) ក្នុងរាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានបន្តថា៖ ក្នុងក្របខណ្ឌផែនការមេ ដឹកជញ្ជូនសាធារណៈ រដ្ឋបាល រាជធានីភ្នំពេញ បានខិតខំលើកកម្ពស់នូវប្រសិទ្ធភាព និងគុណភាពនៃការផ្តល់សេវា ដឹកជញ្ចូនសាធារណៈ តាមរយៈការសិក្សាផ្នែកបច្ចេកទេស លើការតភ្ជាប់រវាងតំបន់ សំខាន់ៗ ក្នុងរាជធានីភ្នំពេញ និងឈានទៅអនុម័តផែនទីបណ្តាញខ្សែរត់ ដែលមកទល់ បច្ចុប្បន្ននេះ មានសរុប ១៣ ខ្សែរត់ ដោយប្រើប្រាស់រថយន្តក្រុង សរុប ចំនួន ២៣៥ គ្រឿង។ អនុលោមតាមអនុស្សរណៈ នៃការយោគយល់ ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ រវាងរដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុន ប៊ូយ៉ុង គ្រុប, ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប បានសម្រេចផ្តល់អំណោយ ជារថយន្តក្រុង ប្រភេទ ២៩ កៅអី ចំនួន ២០០ គ្រឿង ជូនរដ្ឋបាលរាជធានីភ្នំពេញ។ អំណោយជារថយន្តក្រុង ចំនួន ២០០ គ្រឿង នេះ ពិតជា មានសារៈសំខាន់ ដែលអាចឱ្យរដ្ឋបាលរាជធានីភ្នំពេញ ប្រើប្រាស់ សម្រាប់ធានានូវ ប្រតិបត្តិការ បានទាន់ពេលវេលា ឆ្លើយតបទៅនឹងតម្រូវការ នៃការប្រើប្រាស់សេវា រថយន្តក្រុង ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ស្របពេលដែលសកម្មភាពសេដ្ឋកិច្ច- សង្គម ត្រូវបានបើកដំណើរការពេញលេញឡើងវិញ ពិសេសគឺ ជួយសម្រួលដល់ការធ្វើដំណើរ ក្នុងអំឡុងពេលការរៀបចំព្រឹត្តិការណ៍កីឡា ស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ាន ប៉ារ៉ាហ្គេម លើកទី១២ នៅឆ្នាំ ២០២៣ ដែលរាជធានីភ្នំពេញ គឺជាមូលដ្ឋាននៃការរៀបចំ ព្រឹត្តិការណ៍ ដ៏មានសារៈសំខាន់នេះ។ រថយន្តក្រុងថ្មីនេះ ក៏នឹងរួមចំណែកធានានូវស្ថិរភាព និងនិរន្តរភាព នៃការផ្ដល់សេវាដឹកជញ្ចូន ដល់ព្រះសង្ឃ កីឡាករ-កីឡាការិនឺ សិស្ស-និស្សិត កម្មករ-កម្មការិនី ដែលត្រូវបានរាជរដ្ឋាភិបាល លើកលែងការបង់ថ្លៃធ្វើ ដំណើរ ក៏ដូចជាប្រើប្រាស់ សម្រាប់ដឹកបងប្អូនប្រជាពលរដ្ឋ ទៅស្រុកកំណើត នាឱកាស បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ និងពិធីបុណ្យភ្ជុំបិណ្ឌ ផងដែរ។

លោក ឃួង ស្រេង បានបន្តទៀតថា៖ មុនវិបត្តិកូវីដ-១៩ អ្នកធ្វើដំណើរ តាមរថយន្តក្រុង មានចំនួនប្រមាណជិត ៣០.000 នាក់ ។ ប្រសិនបើពុំមានសេវារថយន្តក្រុងទេនោះ វានឹងធ្វើឱ្យស្ថានភាពចរាចរណ៍ កាន់តែកកស្ទះ ណែនណាន់តាន់តាប់ ខ្លាំងឡើង។ ដូចនេះ រថយន្តក្រុងថ្មី ចំនួន ២០០ គ្រឿង នេះ នឹងរួមចំណែកកាត់បន្ថយ ឱ្យបានជាអតិបរមា នូវការប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួន។

លោកបណ្ឌិត លី ជុងគឿន (LEE JOONG KEUN) បានមានប្រសាសន៍ថា៖ មូលហេតុ នៃការផ្តល់រថយន្តក្រុងថ្មី ទាំង ២០០ គ្រឿង ជូនមករដ្ឋបាលរាជធានីភ្នំពេញនេះ គឺដើម្បីរួមចំណែកដោះស្រាយ បញ្ហាកកស្ទះចរាចរណ៍ នៅភ្នំពេញ ពិសេសកាត់បន្ថយ ហានិភ័យ ដល់អ្នកជិះ ដោយប្តូរពីការជិះម៉ូតូដឹកកូន ក្រោមកំដៅថ្ងៃ ភ្លៀងខ្យល់ មកជិះក្នុងរថយន្តក្រុង ដែលមានផាសុកភាព មានម៉ាស៊ីនត្រជាក់ និងអាចអានសៀវភៅ បានថែមទៀត។

លោក ផាក ជុងវុក (PARK JEONG WOOK) បានមានប្រសាសន៍ផងដែរថា៖ រយៈពេល ជាង ១ខែ ដែលលោក បានមកដល់ភ្នំពេញ លោកពិតជាបានមើលឃើញពីការអភិវឌ្ឍ រីកចំរើនខ្លាំង របស់រាជធានីភ្នំពេញ ហើយរថយន្តក្រុងទាំង ២០០គ្រឿងនេះ នឹងរួមចំណែក នៃការអភិវឌ្ឍនេះ ដោយរក្សាបាននូវបរិស្ថានល្អ ជាមួយនឹងការសន្សំសំចៃថវិកា បានមួយផ្នែកថែមទៀត ។

លោកបានបញ្ជាក់ទៀតថាៈ ប្រទេសកម្ពុជា និងប្រទេសកូរ៉េ បានមានទំនាក់ទំនង សហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ ជាមួយគ្នា តាំងពីឆ្នាំ១៩៩៧ ហើយការផ្តល់រថយន្តក្រុង ទាំង ២០០ គ្រឿងនេះ ជានិមិត្តរូបមួយ នៃកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំង២ ឱ្យកាន់តែប្រសើរឡើង មួយកម្រិតថែមទៀត៕/V/R