ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អ្នកជំនាញផ្នែកឯកជនភាពបានរកឃើញមេរោគ Bugរបស់ Apple ពីរបន្ថែមទៀត គឺតិចជាង ១០ ថ្ងៃចាប់តាំងពីក្រុមហ៊ុនបច្ចេកវិជ្ជាយក្សនេះបានបង្ហាញប្រព័ន្ធប្រតិបត្តិការ iOS 16 យ៉ាប់យ៉ឺនមួយទៀត។
មេរោគរកឃើញចុងក្រោយបំផុតនេះអនុញ្ញាតឱ្យឧក្រិដ្ឋជនតាមអ៊ីនធឺណិតឆ្លងកាត់ប្រព័ន្ធការពារសុវត្ថិភាព និងដំណើរការកូដព្យាបាទ ដើម្បីចូលប្រើរូបភាព និងសាររបស់អ្នកប្រើប្រាស់ រួមជាមួយនឹងសៀវភៅអាសយដ្ឋាននិងប្រក្រតិទិន។
មានវិធីជាច្រើនដើម្បីការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកពីពួក Hacker ដែលលាក់ខ្លួនពីក្រោយស្រមោលខ្មៅ ដូចជាការប្រើតែកម្មវិធីដែលជឿទុកចិត្តនៅក្នុង App Store និងមិនបើកសារពីអ្នកប្រើប្រាស់មិនស្គាល់មុខ។
ថ្មីៗនេះ Apple បានបន្ថែមភាពងាយរងគ្រោះថ្មីទៅក្នុងទំព័រអាប់ដេតសុវត្ថិភាពផលិតផលរបស់ខ្លួន ដោយជំរុញឱ្យអ្នកប្រើប្រាស់ទាញយក iOS 16.3.1 ដើម្បីជួសជុលបញ្ហានេះ។
អ្នកជំនាញឯកជនភាពនៅវេបសាយ VPNOverview បានចែករំលែកព័ត៌មានអំពីភាពងាយរងគ្រោះ ឈ្មោះ CVE-2023-23520 និង CVE-2023-23531 ដែលអនុញ្ញាតឱ្យជនវាយប្រហារឆ្លងកាត់ដំណើរការចងកូដការពាររបស់ទូរស័ព្ទ ហើយដាក់ដំណើរការកូដព្យាបាទ។
លោក គ្រីស្តូហ្វើ ប៊ូលស្តេន (Christopher Bulvshtein) មកពី VPNOverview បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្រុមហ៊ុន Apple មានការដាក់កំហិតយ៉ាងតឹងរ៉ឹងជុំវិញអ្វីដែលកម្មវិធីអាចដំណើរការលើឧបករណ៍នានា។ ក្នុងនាមជាជម្រើសមួយ ប្រព័ន្ធ Android អនុញ្ញាតឱ្យទាញយកកម្មវិធីភាគីទីបី ដែលនេះជាមូលហេតុដែលយើងឃើញមានមេរោគ Android ច្រើនជាទូទៅ។
ភាពងាយរងគ្រោះទាំងនេះអនុញ្ញាតឱ្យឧក្រិដ្ឋជនតាមអ៊ីនធឺណិតចូលប្រើប្រក្រតិទិន អាសយដ្ឋាន រូបថត និងវីដេអូ ព្រមទាំងឯកសារដែលបានរក្សាទុក។
ពួក Hacker អាចឈ្លបយកការណ៍លើអ្នកប្រើប្រាស់ដោយប្រើសមត្ថភាពសំឡេង ឬវីដេអូផ្ទាល់ខ្លួនរបស់ពួកគេ។
VPNOverview បានចែករំលែកគន្លឹះអំពីរបៀបការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដូចខាងក្រោម ៖
– ដោនឡូតតែកម្មវិធីណាគួរឱ្យជឿទុកចិត្តនៅលើ App Store។
– កុំទុកចិត្តឧបករណ៍ផ្សេងដែលភ្ជាប់មកទូរស័ព្ទ iPhone របស់អ្នក។ បើសាកទូរស័ព្ទជាមួយកុំព្យូទ័រ ហើយវាទាមទារឱ្យចុច Allow សូមកុំចុចឱ្យសោះ។
– កុំចុច Like ឬ ចុចបើកមើលសារ ដែលផ្ញើពីប្រភពមិនស្គាល់៕