ដោយ៖ដេប៉ូ/ភ្នំពេញ៖ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ បុគ្គលិករបស់បេឡាជាតិសន្តិសុខសង្គម(ប.ស.ស). ត្រូវបន្តចាត់ទុកខ្លួនជាអ្នកបម្រើសេវាសង្គមជូនដល់មន្រ្តីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន ព្រមទាំងកម្មករនិយោជិត តាមរយៈការផ្ដល់សេវាសាធារណៈ ប្រកបដោយភាពទន់ភ្លន់ ក្រមសីលធម៌ មនសិការវិជ្ជាជីវៈ និងមានស្មារតីទទួលខុសត្រូវខ្ពស់។នេះជាការថ្លែងបញ្ជាក់ពីសំណាក់ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ បេឡាជាតិសន្តិសុខសង្គម។
គួរបញ្ជាក់ថាការ ថ្លែងពីសំណាក់លោករដ្ឋមន្រ្តីក្រសួងការងារបែបនេះបានធ្វើឡើងក្នុងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលសន្តិភាព ប.ស.ស. ក្នុងរាជធានីភ្នំពេញ។
ក្នុងពិធីនេះដែរ លោករដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ បេឡាជាតិសន្ដិសុខសង្គម ជាពិសេសសមាជិកក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. ដែលមានសមាសភាពត្រីភាគី (តំណាងរាជរដ្ឋាភិបាលមកពីអន្តរក្រសួង តំណាងនិយោជក និងតំណាងកម្មករនិយោជិត) ព្រមទាំងក្រសួងសុខាភិបាល ក្រសួង ស្ថាប័ន ដៃគូរពាក់ព័ន្ធនានា ដែលបានចូលរួមចំណែកប្រកបដោយស្មារតីទទួលខុសត្រូវ រហូតទទួលបាននូវសមិទ្ធិផលគួរជាទីមោទនៈ។ បេឡាជាតិសន្តិសុខសង្គម ជាសេនាធិការក្នុងការអនុវត្តប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជា ដែលមានក្រសួងជាអាណាព្យាបាលពីរ គឺក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាអាណាព្យាបាលបច្ចេកទេស និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអាណាព្យាបាលហិរញ្ញវត្ថុ។
លោក រដ្ឋមន្ត្រី បានរំលឹកថា បេឡាជាតិសន្តិសុខសង្គម បានដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមសម្រាប់វិស័យឯកជនផ្នែកហានិភ័យការងារនៅឆ្នាំ២០០៨ ផ្នែកថែទាំសុខភាពនៅឆ្នាំ២០១៦ និងផ្នែកប្រាក់សោធននៅឆ្នាំ២០២២ ព្រមទាំងការអនុវត្ដផ្នែកថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាលសម្រាប់កម្មករនិយោជិតក្រៅប្រព័ន្ធ និងការបើកផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់កម្មករនិយោជិតជាស្ដ្រីពេលសម្រាលកូននៅឆ្នាំ២០១៨។ ដោយឡែក សម្រាប់វិស័យសាធារណៈបានដាក់ឱ្យអនុវត្តផ្នែកថែទាំសុខភាពនៅឆ្នាំ២០១៨ និងផ្នែកហានិភ័យការងារនៅឆ្នាំ២០២១។
សមិទ្ធផលទាំងនេះ បានឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដែលស្ថិតត្រង់មុំទី៤ ការពង្រឹងសមត្ថភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីលើកស្ទួយស្ថានភាពសង្គម-សេដ្ឋកិច្ច និងពង្រឹងតួនាទីស្រ្តីដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ។ ជាពិសេសជំរុញការអនុវត្ត “ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០១៦-២០២៥” នូវការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន និងការរៀបចំក្របខ័ណ្ឌគតិយុត្ត និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំដៅដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមថ្មី ព្រមទាំងពង្រីកវិសាលភាពលើរបបដែលមានស្រាប់ ដើម្បីបង្កើនការគាំពារដល់ប្រជាពលរដ្ឋគ្រប់រូប ការបន្តអភិវឌ្ឍន៍ និងពង្រឹងប្រព័ន្ធគាំពារសង្គមឱ្យមានលក្ខណៈ ប្រមូលផ្តុំសង្គតិភាព និងប្រសិទ្ធភាព។
ដោយឡែក លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានឱ្យដឹងថា បច្ចុប្បន្នបេឡាជាតិសន្តិសុខសង្គម បានដំណើរការរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធនដែលទើបដាក់ឱ្យអនុវត្តថ្មីៗនេះ ទាំងវិស័យឯកជន និងវិស័យសាធារណៈ។
គិតត្រឹមឆ្នាំ២០២២ សម្រាប់វិស័យឯកជនផ្នែកហានិភ័យការងារ បានចុះបញ្ជីសរុបចំនួន ២០.៤៤៨សហគ្រាស ដែលមានសមាជិកសរុបចំនួន ២.៥៨៤.៧០៦នាក់ ផ្នែកថែទាំសុខភាពចំនួន ១៧.៨២១សហគ្រាស មានសមាជិកចំនួន ២.៥៨៤.៧០៦នាក់ និងផ្នែកប្រាក់សោធនមានចំនួន ១៤.៣៥២សហគ្រាស មានសមាជិកចំនួន ២.៥៨៤.៧០៦នាក់ ក្នុងនោះផ្នែកប្រាក់សោធនដោយស្ម័គ្រចិត្តមានសមាជិកចំនួន ២.៧០៦នាក់។ ចំណែកវិស័យសាធារណៈបានចុះបញ្ជីផ្នែកថែទាំសុខភាពសរុបចំនួន ៣៩ស្ថាប័ន មានសមាជិកសរុប ៤៣៩.២៤៣នាក់ និងផ្នែកហានិភ័យការងារចំនួន ៣៥ស្ថាប័ន មានសមាជិកសរុប ២៥៧.៦៤៤នាក់។
លោកបានថ្លែងបញ្ជាក់ថា”ក្នុងឆ្នាំ២០២២ បេឡាជាតិសន្តិសុខសង្គម បានចំណាយតាវកាលិកសម្រាប់វិស័យឯកជន និងវិស័យសាធារណៈ ជូនសមាជិករបស់ខ្លួនក្នុងផ្នែកហានិភ័យការងារសរុបចំនួន ២២.៦២ប៊ីលានរៀល និងផ្នែកថែទាំសុខភាពសរុបចំនួន ៣២៣.២៨ប៊ីលានរៀល”។
ទាក់ទិនក្ន្ងងរឿងនេះដែរ លោករដ្ឋមន្ត្រីក្រសួងការងារក៏បញ្ជាក់ថា បើគ្មានការខិតខំប្រឹងប្រែង ហើយធ្វើបានយ៉ាងល្អទេនោះ ប.ស.ស. ក៏មិនទទួលបានការកោតសរសើរពីសំណាក់អន្ដរជាតិ នៃប្រទេសដែលជាដៃគូរអភិវឌ្ឍន៍នោះឡើយ។ ជាក់ស្តែងសម្រាប់រយៈពេលជាង ១៥ឆ្នាំកន្លងមកនេះ ប.ស.ស. បានអនុវត្តការងាររបស់ខ្លួនប្រកបដោយភាពជោគជ័យ ជាពិសសបានទទួលនូវពានរង្វាន់ឆ្នើមពីសមាគមសន្ដិសុខសង្គមអាស៊ានសរុបចំនួន ០៧លើក ក្នុងនោះក៏ធ្លាប់បានធ្វើជាម្ចាស់ផ្ទះមួយលើករួចមកហើយដែរក្នុងឆ្នាំ ២០២១ កន្លងមកនេះ៕ P / N