ដោយៈ សុផល / ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូ នៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (US-ASEAN Business Council – US-ABC) ដឹកនាំដោយលោកឯកអគ្គរដ្ឋទូត Michael Michalak អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់ និងសមាជិក US-ABC រួមមាន ក្រុមហ៊ុន Conoco Phillips ក្រុមហ៊ុន Ford ក្រុម RMA Group ក្រុមហ៊ុន Pfizer ក្រុមហ៊ុន Visa ក្រុមហ៊ុន Vriens & Partners ។
ជំនួបនេះ រៀបចំឡើង ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ និងផ្គូរផ្គងធុរកិច្ច រវាងប្រទេសជាសមាជិកអាស៊ាន និងសហរដ្ឋអាមេរិក ក្នុងគោលបំណងស្វែងយល់បន្ថែម អំពីសក្តានុពលនិងកាលានុវត្តភាព ពាណិជ្ជកម្ម-វិនិយោគនៅក្នុងតំបន់អាស៊ាន ព្រមទាំងដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច-ពាណិជ្ជកម្ម បន្ថែមទៀត នៅពេលខាងមុខ សំដៅចូលរួមចំណែក ក្នុងការស្ថារសេដ្ឋកិច្ចឡើងវិញ ពីវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង អភិវឌ្ឍន៍របស់កម្ពុជាជាពិសេសបង្ហាញនូវការគាំទ្រ របស់សហគមន៍អ្នកជំនួញអាមេរិក សម្រាប់ការកសាងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម និងការអភិវឌ្ឍធនធានមនុស្ស នៅកម្ពុជា ផងដែរ។
ថ្លែងក្នុងជំនួបនាឱកាសនេះ លោកទេសរដ្ឋមន្ត្រី បានជម្រាបគណៈប្រតិភូ ពីការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម ដែលត្រូវបានចាត់ទុកថា ជាយុទ្ធសាស្រ្តចំបងរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ។
លោកក៏បានជម្រាបគណៈប្រតិភូ ពីគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប គម្រោងលើកកម្រិតផ្លូវរថភ្លើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន គម្រោងការជីកព្រែកតភ្ជាប់ទន្លេបាសាក់ ទៅកាន់កំពង់ផែសមុទ្រ នៃខេត្តកំពត ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹក ឱ្យកាន់តែមានភាពងាយស្រួល ចំណេញពេលវេលា និងកាត់បន្ថយការចំណាយការប្រើប្រាស់យានយន្ត ការជំរុញប្រើប្រាស់ថាមពលអគ្គិសនី និងគម្រោងជាច្រើនទៀត។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថាៈរាជរដ្ឋាភិបាលជំរុញឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពន្លឿន និងស្វែងរកដៃគូវិនិយោគ លើកិច្ចការងារទាំងនេះនេះ។
គណៈប្រតិភូ US-ABC តំណាងក្រុមហ៊ុនធំៗចំនួន ៦ ក្រុមហ៊ុន ដែលមានវត្តមាន នាឱកាសនេះ បានសម្តែងនូវការគាំទ្ររបស់ខ្លួន ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជា និងបានសន្យាជំរុញឱ្យក្រុមហ៊ុន ក៏ដូចជាវិនិយោគិនរបស់អាមេរិក មកដាក់ទុនវិនិយោគនៅកម្ពុជា ឱ្យបានច្រើនថែមទៀត ដើម្បីផ្ទេរក៏ដូចជា ចែករំលែកចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែមានការរីកចម្រើនថែមទៀត៕/V/R