ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (VNExpress) ៖ នាយក​ប្រតិបត្តិ​ក្រុង​ហុងកុង​លោក ច​ន លី (John Lee) បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២៨​កុម្ភៈ​ថា ទីក្រុង​ហុងកុង​នឹង​ទម្លាក់ចោល​ការពាក់​ម៉ាស់​ការពារកូ​វីដ​១៩​ជា​ចាំបាច់​របស់ខ្លួន នៅក្នុង​ចំណាត់ការ​មួយ​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​និង​អាជីវកម្ម​និង​ស្ដារឡើងវិញ​នូវ​ជីវិត​ធម្មតា ពោល​ជាង​បី​ឆ្នាំ​បន្ទាប់​ពី​ច្បាប់​តឹងរ៉ឹង​ត្រូវបាន​ដាក់​ជា​លើកដំបូង​នៅក្នុង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​នេះ​។​

​លោក​លី​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា វិធានការ​នេះ​នឹង​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃ​ពុធ​ទី​១​មីនា​។ តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​គឺជា​កន្លែង​ចុងក្រោយ​បំផុត​មួយ​នៅ​ទូទាំង​ពិភពលោក​ដែល​នៅតែ​ដាក់ចេញ​ការពាក់​ម៉ាស់​ជា​ចាំបាច់​។​

​ហុងកុង​និង​ម៉ា​កាវ​បាន​អនុវត្ត​តាម​គោលនយោបាយ​កូវី​ដ​សូន្យ​របស់​ចិន​បី​ឆ្នាំ​កន្លងមកនេះ​។ ហុងកុង​បាន​ចាប់ផ្តើម​បន្ធូរបន្ថយ​ច្បាប់​កូវី​ដ​ដ៏​តឹងរ៉ឹង​របស់​ខ្លួន​កាលពី​ឆ្នាំមុន ប៉ុន្តែ​ការពាក់​ម៉ាស់​នៅតែមាន​ជាប់លាប់​ចាប់តាំងពី​ឆ្នាំ ២០២០​។​

​តំបន់​រដ្ឋបាល​ពិសេស​នៅ​ជិតខាង​ម៉ា​កាវ បាន​និយាយ​កាលពី​ថ្ងៃទី​២៦ ខែ​កុម្ភៈ​ថា ខ្លួន​នឹង​ទម្លាក់ចោល​ការតម្រូវ​ឱ្យ​ពាក់​ម៉ាស់​ចាំបាច់​ទាក់ទង​នឹង​កូវី​ដ​១៩ សម្រាប់​ទីតាំង​ភាគច្រើន​លើកលែង​តែ​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ មន្ទីរពេទ្យ និង​តំបន់​មួយ​ចំនួន​ផ្សេង​ទៀត​។​

​នៅ​ចិនដីគោក ប្រជាជន​មិន​តម្រូវ​ឱ្យ​ពាក់​ម៉ាស់​នៅ​ខាងក្រៅ​ទេ ប៉ុន្តែ​អាជ្ញាធរ​លើកទឹកចិត្ត​ពួកគេ​ឱ្យ​ធ្វើ​បែប​នេះ​នៅតាម​ទីសាធារណៈ​ខ្ទប់​ជិត ដូចជា​អាកាសយានដ្ឋាន​និង​ស្ថានីយ​រថភ្លើង​៕

​ហុងកុង​នឹង​លែង​តម្រូវឱ្យ​ពាក់​ម៉ាស់​នៅ​ថ្ងៃទី​១​មីនា