ប្រែសម្រួល : កញ្ញាដាលីស (VNExpress) ៖ ជំទាវទីមួយរបស់សហរដ្ឋអាម៉េរិក លោកស្រី ជីល បៃដិន (Jill Biden) ចង់ឱ្យប្រជាជនអាម៉េរិកបានជ្រាបថា ប្តីរបស់លោកស្រីគឺលោកប្រធានាធិបតី ចូ បៃដិន មានគម្រោងឈរឈ្មោះសម្រាប់អាណត្តិទី២ដែលមាន៤ឆ្នាំ ហើយលោកស្រីគាំទ្រស្វាមីទាំងស្រុង បើទោះបីជាការប្រកាសជាផ្លូវការអំពីចេតនារបស់គាត់នៅមិនទាន់ត្រូវបានធ្វើឡើងក៏ដោយ។
លោកស្រី ជីល បៃដិន ដែលត្រូវបានសួរដោយសារព័ត៌មានCNN អំពីផែនការរបស់ស្វាមីលោកស្រីក្នុងដំណើរទស្សនកិច្ចទើបតែនឹងបញ្ចប់ទៅកាន់ប្រទេសណាមីប៊ី និងកេនយ៉ា បាននិយាយថា លោកស្រីរំពឹងស្វាមីនឹងប្រកាសយុទ្ធនាការមួយ ហើយបានច្រានចោលសំណួរមួយដែលសួរថា អ្នកប្រជាធិបតេយ្យអាយុ៨០ ឆ្នាំរូបនេះអាចនឹងដកខ្លួនចេញពីការបោះឆ្នោតនៅឆ្នាំ ២០២៤។
លោកជំទាវ ដែលមតិរបស់លោកស្រីត្រូវបានចាត់ទុកថាសំខាន់សម្រាប់ផែនការនាពេលខាងមុខរបស់ប្រធានាធិបតីសូម្បីគាត់ត្រូវពិគ្រោះយោបល់ជាមួយក្រុមទីប្រឹក្សានយោបាយជិតស្និទ្ធក្តី បាននិយាយថា “ជាការពិតណាស់ ខ្ញុំគាំទ្រទាំងស្រុង”។
លោកស្រីថែមទាំងបានធ្វើការកត់សម្គាល់ខ្លាំងៗទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Associated Press ក្នុងដំណើរទស្សនកិច្ចនោះទៀតផង នៅពេលសួរថាតើប្រធានាធិបតីនឹងឈរឈ្មោះម្តងទៀត ដោយលើកឡើងថា “តើគាត់ត្រូវនិយាយប៉ុន្មានដងទើបឱ្យអ្នកជឿវា?”។
ថាតើលោកបៃដិនគួរតែឈរឈ្មោះនៅឆ្នាំ ២០២៤ ឬអត់ នៅតែជាប្រភពនៃការជជែកដេញដោលក្នុងចំណោមសមាជិកគណបក្សប្រជាធិបតេយ្យ។
ការឈរឈ្មោះមួយទៀតនឹងធ្វើតេស្តិ៍ថាតើអ្នកបោះឆ្នោតត្រៀមខ្លួនជាស្រេចឬនៅដើម្បីផ្តល់ឱ្យលោកបៃដិន ដែលជាប្រធានាធិបតីអាម៉េរិកចាស់បំផុតមិនធ្លាប់មានរួចជាស្រេចហើយនោះ ក្នុងការកាន់តំណែងបួនឆ្នាំម្តងទៀត។
លោកបៃដិនខ្លួនឯងបាននិយាយម្តងហើយម្តងទៀតថាគាត់មានបំណងឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញ ហើយបានច្រានចោលសំណួរអំពីអាយុរបស់គាត់ ប៉ុន្តែគាត់មិនទាន់បានប្រកាសជាផ្លូវការទេ៕
លោកស្រីជីល និងលោកបៃដិន