ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ រដ្ឋាភិបាលស្រីលង្ការបាននិយាយកាលពីថ្ងៃអង្គារទី២៨កុម្ភៈថា ខ្លួនហាមកូដកម្មនៅក្នុងវិស័យសំខាន់ៗនៅមួយថ្ងៃមុនកូដកម្មទូទាំងប្រទេសរយៈពេលមួយថ្ងៃដែលកោះធ្វើឡើងដោយក្រុមសហជីពដើម្បីប្រឆាំងនឹងការយកពន្ធខ្ពស់និងការដំឡើងថ្លៃភ្លើង។
កំហឹងចំពោះប្រធានាធិបតី រ៉ានីល វិកក្រេមេស៊ីងហ្គេ(Ranil Wickremesinghe )កំពុងកើនឡើងនៅពេលរដ្ឋាភិបាលរបស់លោកកាត់បន្ថយចំណាយសាធារណៈ ដំឡើងពន្ធដំឡើងថ្លៃភ្លើងដើម្បីបំពេញលក្ខខណ្ឌរបស់ម្ចាស់ឥណទានIMFនៅមួយឆ្នាំក្រោយប្រទេសនេះជួបកលាហលនយោបាយនិងសេដ្ឋកិច្ច។
ការិយាល័យរបស់លោក វិកក្រេមេស៊ីងហ្គេ បាននិយាយថាលោកបានប្រើអំណាចប្រធានាធិបតីដើម្បីយកមកប្រើបទបញ្ជា«សេវាចាំបាច់»ដែលដាក់កូដកម្មដែលគ្រោងធ្វើនេះខុសច្បាប់។លោកបានប្រកាសថា« គមនាគមន៍សាធារណៈ ការដឹកជញ្ជូនស្បៀងឬភេស្ជជៈ ធ្យូងថ្ម ប្រេងឥន្ធនៈ ការជួសជុលថែទាំងផ្លូវថ្នល់ ផ្លូវដែក ផ្លូវអាកាស..អាកាសយានដ្ឋាន កំពង់ផែជាសេវាពិសេស ដែលត្រូវចូលជាធរមានភ្លាម»។
នរណាម្នាក់ដែលបំពានបទបញ្ជាសេវាពិសេសប្រឈមការបាត់បង់ការងារធ្វើ។
សូមបញ្ជាក់ថាសហជីពជាង៤០ រួមមាននិយោជិតធនាគារនិងបុគ្គលិកពេទ្យរដ្ឋ បាននិយាយថា ពួកគេនឹងមិនធ្វើការទេនៅថ្ងៃពុធទី០១មីនា ដើម្បីប្រឆាំងនឹងការដំឡើងពន្ធមួយជាពីរចាប់ពីខែមករាមក។
រដ្ឋាភិបាលបានដំឡើងថ្លៃថាមពលមួយជាបីអោយស្របតាមការទាមទាររបស់អង្គការរូបិយវត្ថុអន្តរជាតិ(IMF)ដើម្បីបន្ថយការខាតបង់របស់រដ្ឋលើចំណាយថ្លៃភ្លើង ក្នុងបំណងទទួលបានប្រាក់សង្គ្រោះសេដ្ឋកិច្ច២,៩ពាន់លានដុល្លារពីម្ចាស់កំចី។
ស្រីលង្ការបានស្វះស្វែងរកជំនួយពីIMFក្រោយខ្លួនលែងមានលទ្ធភាពសងបំណុលក្រៅប្រទេសដល់ទៅ៤៦ពាន់លានដុល្លារនិងអស់ទុនបំរុងសំរាប់នាំទំនិញចាំបាច់ចូលកាលពីខែមេសាឆ្នាំមុន។
វិបត្តិសេដ្ឋកិច្ចមិនដែលធ្លាប់ជួបចាប់តាំងពីចុងឆ្នាំ២០២១មក នាំអោយប្រទេសអាស៊ីខាងត្បូងមួយនេះខ្វះស្បៀង ប្រេង ហ្គាសនិងថ្នាំពេទ្យ និងនាំដល់ការតវ៉ាប្រឆាំងតាមដងផ្លូវអស់ពេលរាប់ខែនិងការដួលរលំរដ្ឋាភិបាលរបស់ប្រធានាធិបតី ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា(Gotabaya Rajapaksa)កាលពីខែកក្កដា៕
ពួកសហជីពកោះធ្វើកូដកម្មទូទាំងប្រទេសនៅថ្ងៃ១មីនា ដើម្បីប្រឆាំងការដំឡើងពន្ធនិងថ្លៃភ្លើង